
ភ្នំពេញ៖ មន្រ្តីជំនាញអន្តរក្រសួងយកព្រមឲ្យក្រុមហ៊ុន បៅស៊ីងឡុង អ៊ិនធើណេសិនណល អ៊ីមផត អេន អ៊ិចផត បង្កើតរោងចក្រកែច្នៃសារាយសមុទ្រលើទំហំផ្ទៃដី ១៥៤.៤០២ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ខូ អិល ធី ឌី បានសិក្សា និងវាយតម្លៃរួចរាល់។
ការបង្ហាញនេះ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែកក្កដានេះ តាមរយៈលោក ស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំអង្គប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្ររបស់ក្រុមហ៊ុនបៅស៊ីងឡុង អ៊ិនធើណេសិនណល អ៊ីមផត អេន អ៊ិចផត នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានការចូលរួមតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។
ក្នុងអង្គប្រជុំទទួលបានលទ្ធផលដូចជា៖ អង្គប្រជុំមានការគាំទ្រសម្រាប់គម្រោងវិនិយោគនេះ ហើយក្រុមហ៊ុនត្រូវកែសម្រួលនូវចំណុចខ្វះខាតនៅក្នុងរបាយការណ៍តាមការផ្តល់យោបល់របស់អង្គប្រជុំ និងនាយកដ្ឋាន EIA រួចដាក់មកក្រសួងពិនិត្យ និងក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ចៀសវៀងការបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ។
លទ្ធផលនោះបន្តថា ក្រុមហ៊ុនត្រូវរៀបចំផែនការការពារសុវត្ថិភាព និងសុខុមាលភាពបុគ្គលិកកម្មករជាប្រចាំ និងត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ ក្រុមហ៊ុនត្រូវចូលរួមចំណែកក្នុងការដាំដើមឈើ ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ និងចូលរួមក្នុងយុទ្ធនាករណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍សហគមន៍។
ចំណែកតំណាងក្រុមហ៊ុន បៅស៊ីងឡុង អ៊ិនធើណេសិនណល អ៊ីមផត អេន អ៊ិចផត បានលើកឡើងថា លោកនឹងគោរពតាមស្មារតីនៃអង្គប្រជុំនេះ ដោយក្រុមហ៊ុនត្រូវចូលរួមចំណែកក្នុងការដាំដើមឈើ ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ និងចូលរួមក្នុងយុទ្ធនាករណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍សហគមន៍ផងដែរ៕