
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងស្នើសុំកំណល់រថភ្លើងបន្ថែមទៀតពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីកសាងផ្លូវដែកកម្ពុជាឲ្យមានសន្ទុះរីកចម្រើនទៅមុខ បន្ទាប់ពីភាគីម៉ាឡេស៊ីបានជួយឧបត្ថម្ភកំណល់រថភ្លើងប្រើប្រាស់មួយចំនួនមកកម្ពុជារួចហើយ។
ការបង្ហាញនេះ ក្នុងកិច្ចពិភាក្សាមួយរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ ជំនួបនេះបានផ្តោតការពិភាក្សាជាសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែនៅប្រទេសម៉ាឡេស៊ី និងការជំរុញឲ្យក្រុមហ៊ុនវិនិយោគិនម៉ាឡេស៊ីចូលមក វិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីបានអរគុណដល់ភាគីម៉ាឡេស៊ី ដែលបានជួយឧបត្ថម្ភកំណល់រថភ្លើងប្រើប្រាស់ហើយ ដោយកម្ពុជានឹងស្នើសុំកំណល់រថភ្លើងបន្ថែមទៀត ដើម្បីកសាងផ្លូវដែកកម្ពុជាឲ្យមានសន្ទុះរីកចម្រើនទៅមុខ។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសំខាន់ពីរ ទី១-ទាក់ទងនឹងវិស័យអាកាសចរណ៍ស៊ីវិលដែលឯកឧត្តមទេសរដ្ឋមន្ត្រីជំរុញឲ្យពិភាក្សាផ្ទាល់ជាមួយអាកាសចរណ៍ស៊ីវិលកម្ពុជា និងទី២-ទាក់ទងនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលោកឯកអគ្គរាជនឹងដឹកនាំគណៈប្រតិភូចុះទៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ ពិសេសដើម្បីឲ្យកំពង់ផែប្រទេសទាំងពីរបានសិក្សាស្វែងយល់គ្នាទៅវិញទៅមក និងសហការគ្នាបន្ថែមទៀតលើវិស័យនេះ។
ជាមួយគ្នានេះលោកឯកអគ្គរាជទូតបានសន្យាថានឹងជំរុញឲ្យវិនិយោគិន និងក្រុមហ៊ុនធំៗនៅម៉ាឡេស៊ី ដែលមានសមត្ថភាពកសាងផ្លូវថ្នល់ ពិសេសក្រុមហ៊ុនដែលកសាងផ្លូវថ្នល់ផ្អែកលើគោលការណ៍កសាង ប្រតិបត្តិផ្ទេរ (BOT) មកធ្វើការសិក្សាស្វែងយល់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូននៅកម្ពុជា៕