អស្ចារ្យណាស់! នូ សុផេន ម្នាក់ឯង ធ្វើអោយតារា៤ រូប លើកពានក្នុងពេលតែមួយ មកទល់ពេលនេះ

ការប្រកួត​ឈុត​បុរាណ​របស់«គ្រួសារ​តារា​កម្ពុជា» កាលពី​ថ្ងៃទី៩ កក្កដា ត្រូវបាន​គេ​កត់សម្គាល់ថា​បាន​ជួយ​អោយ​តារា៧រូប ទទួលបាន​កិត្តិយស​យ៉ាងខ្លាំង ដោយសារតែ​អ្នក​ទាំង៧បាន​ក្លាយជា​ម្ចាស់​ពាន​តារា​លេចធ្លោ​ប្រចាំឆ្នាំ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​តារា​ជើងចាស់​ជើង​ថ្មី​ដល់​ទៅ​ជាង៣០០នាក់។

ក្នុងចំណោម​ម្ចាស់​ពាន​ទាំងអស់ គេ​ចាប់អារម្មណ៍​លើ​ម​ម្ចាស់​ពាន​ចំនួន៤ ដោយសារតែ​អ្នក​ទាំង៤គ្រង​ឈុត​របស់​អ្នក​កែច្នៃ​តែ​ម្នាក់ គឺ លោក​នូ សុ​ផេ​ន ជា​អ្នកស្រាវជ្រាវ និង​ជា​អ្នក​ច្នៃ​ឈុត​បុរាណ​ល្បីឈ្មោះ​ម្នាក់។ លោក នូ សុ​ផេ​ន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម​វិធី​ប្រចាំ​ទូរទស្សន៍​អប្សរា ដែល​ត្រូវគេ​ស្គាល់​ថា​មាន​ជំនាញ​ខាង ស្រាវជ្រាវ និង ជា​អ្នក​ច្នៃ​ម៉ូដ​បុរាណ​ផង បាន​អះអាងថា មុន​ការប្រកួត​ចាប់ផ្ដើម យ៉ាងហោច១០រូប​របស់«គ្រួសារ​តារា​កម្ពុជា» បាន​ទាក់ទង​ដោយផ្ទាល់ ស្នើអោយ​លោក​ជួយ​ច្នៃ​ឈុត​បុរាណ ដើម្បីអោយ​ពួកគេ​បាន​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី។

តារា​ដែល​ចូលរួម​ប្រកួត​រហូត​ជិត១០រូប បាន​ស្លៀក​ឈុត​ដែល​លោក​កែច្នៃ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះ ដោយ​លោក​មិន​នឹកស្មានថា​ឈុត​របស់លោក​រហូតដល់​ទៅ៤ឈុត បានទទួល​បាន​ពាន​ក្នុងចំណោម៧ពាន​នា​យប់​នោះទេ។

លោក​សម្ដែង​ការភ្ញាក់ផ្អើល​ដែល​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី របស់​កញ្ញា​ប៊េ​ប៊ី ឈុត​ស្រីស្នំ​នៅ​សម័យអង្គរ​របស់​អ្នកនាង​ម៉ៅ ស៊ី​ណាត ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី២ ដែលជា​ស្ដេច​កសាង​ប្រាសាទ​អង្គរ​របស់ លោក​រុន ណា​កូ និង ឈុត​កង​ទាហាន​នៅ​សម័យអង្គរ​របស់លោក ស៊ិន សុធា​រិ​ទ្ធ ត្រូវបាន​គណកម្មការ​ផ្ដល់​ពិន្ទុ​អោយ​លើក​ពាន ខណៈដែល​លោក​យល់ថា​មិនគួរ​សោះ ដោយសារតែ​ក្នុង​ពិធី​នោះ ត្រូវបាន​ចូលរួម​បញ្ចេញស្នាដៃ​ដោយ​ផ្ដល់​ឈុត​អោយតារាៗមួយចំនួន​ខ្ចី​ស្លៀក​យកទៅ​ប្រកួត​ដែរ។ លោក​នៅតែ​យល់​ហេតុផល ដែលនាំអោយ​ឈុត​របស់ខ្លួន​ដល់​ទៅ៤បាន​ក្លាយជា​ម្ចាស់​ពាន គឺ​ដោយសារតែ​លោក​ជ្រើស​តារា​ដែល​គ្រង​ឈុត​ទាំង​នោះបាន​ត្រូវ​ទម្រង់​មុខ និង​ដងខ្លួន ទើប​ធ្វើអោយ​ឈុត​ទាំង៤ក្រោយពេល​ស្លៀក​ប្រកួត​មាន​ភាព​លេចធ្លោ។

លោ​កថា​ខ្លួន​ចំណាយ​ពេលវេលា​ស្រាវជ្រាវ កែច្នៃ និង​ថវិកា​ដើម្បី​ចាត់ចែង មិន​ស្ដាយ​កម្លាំង​ទេ​នៅពេល​ស្នាដៃ​ដែល​ខំប្រឹងប្រែង​ទទួលបាន​ការទទួលស្គាល់​តាមរយៈ​ការប្រកួតប្រជែង​ស្នាដៃ​បែបនេះ។ លោ​កថា​ការ​គ្រង​ឈុត​បុរាណ បើទោះជា​ឈុត​ទាំំ​ង​នោះ​មាន​ភាព​ទាក់ទាញ តែបើ​ការ​ជ្រើស​តារា​មិន​សម​នឹង​រូប​សម្រស់ នោះ​ភាព​លេចធ្លោ​ក៏​មិនមាន​នោះដែរ ទើប​លោក​យល់ថា​ហេតុផល​ដែល​ឈុត​របស់លោក​ដល់​ទៅ៤បាន​លើក​ពាន គឺ​ដោយសារតែ​រាងរៅ និង​មុខមាត់​របស់​អ្នក​គ្រង​ត្រូវ​នឹង​ឈុត​ដែល​លោក​បាន​ច្នៃ៕