
ព័ត៌មានជុំវិញការសហការរវាងតារាចម្រៀងព្រាប សុវត្ថិនិងលោកឧកញ៉ាក្មេង លោក ឡេង ណាវ៉ាតត្រា ដែលបោះទុនវិនិយោគរហូតដល់៥លានដុល្លារ ធ្វើជំនួញអចលនទ្រព្យលើទំហំដីជាង១៣ហិកតា នៅលើបណ្ដោយផ្លូវជាតិលេខ៣មិនទាន់ស្ងប់ផង ស្រាប់តែកាលពីព្រឹកថ្ងៃទី៦ ខែសីហា មុននេះ លោកខេមរៈ សិរីមន្ត ក៏ប្រកាសបោះទុនលើជំនួញដីធ្លីជាមួយលោក ឡេង ណាវ៉ាត់ត្រា ដូចគ្នាផងដែរ។
ទោះបីជាតារាចម្រៀងខេមរៈ សិរីមន្ដបានមកក្រោយលោក ព្រាប សុវត្ថិ ក៏ពិតមែន ប៉ុន្ដែបោះទុនវិនិយោគរវាងលោកនិងឧកញ៉ាក្មេងក៏មិនធម្មតាដែរ ពោលគឺការបោះទុនរបស់លោករហូតជាង១០លានដុល្លារ ។អ្វីដែលគួរអោយភ្ញាក់ផ្អើល លោកបានប្រកាសផ្ដល់កាដូដល់អតិថិជនដែលទិញដីធ្លីរបស់លោកក្នុងមួយឡូតិ៍ នូវសំបុត្រដំណើរកម្សាន្តទៅលេងនៅប្រទេសសិង្ហបុរី២យប់៣ថ្ងៃ ដោយក្រុមហ៊ុនចំណាយមួយចប់នោះផង។
លោក ខេមរៈ សិរីមន្ត ថ្លែងក្នុងវេទិកាសន្នសីទកាសែតកាលពីព្រឹកថ្ងៃទី៦ សីហា ថា លោកសម្រេចិត្តបោះទុន ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី និងជាម្ចាស់អចលនទ្រព្យ វ័យក្មេង ដោយសារតែលោកចាប់ផ្ដើមចង់សាកល្បងធ្វើជំនួញដីធ្លី គ្រាដែលទុនវិនិយោគរបស់លោកក៏មានគ្រប់គ្រាន់ក្នុងគម្រោងវិនិយោគមួយនេះ។ម្យ៉ាងលោកយល់ថាគួរដល់ពេលហើយដែលលោកត្រូវងាកមកធ្វើជំនួញ។
មុនចាប់ការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា លោកក៏មានជំនួញដីធ្លីជាលក្ខណៈឯកជនតូចៗផងដែរ ហើយដោយសារតែលោកយល់ថាខ្លួនមានដើមទុនសមល្មមនឹងធ្វើការវិនិយោគលើកម្រោងនេះហើយ ទើបលោកសិក្សាស្វែងរកដៃគូ ហើយលទ្ធផលចុងក្រោយក៏បានចាប់ដៃជាមួយលោកឡេង ណាវ៉ាត្រា ដែលលោកបញ្ជាក់ថាគឺជាអ្នកជំនួញដីធ្លីវ័យក្មេងជោគជ័យម្នាក់។
លោកបន្ដថាលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូ ជាបុគ្គលជោគជ័យ និងជាបុគ្គលដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជនដោយសារតែមានគុណធម៌ និងមានទឹកចិត្តសប្បុរស ទើបធ្វើអោយលោកយល់ថាបើលោកសម្រេចចិត្តបើកជំនួញជាទ្រង់ទ្រាយធំក្នុងនាមជាដៃគូ នោះជារឿងស័ក្ដសមបំផុត ទើបលោកឈានដល់ការទិញ៤០ហិកតាចូលគ្នាក្នុងទំហ៊ំដើមទុន៥០ភាគរយម្នាក់។
លោកប្រាប់ទៀតថាមុនបើកគម្រោងរួមគ្នាដែលមានតម្លៃជាង១០លានដុល្លារនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត ជិតផ្សារព្រៃទទឹង លើផ្លូវជាងលេខ៣ចម្ងាយពីរង្វង់មូលចោមចៅ១១គីឡូ ដើម្បីពុះជាឡូតិ៍ នោះ លោក និងលោកឡេង ណាវ៉ាត្រា បានប្រើពេលក្នុងស្វែងរកដីធ្លីយ៉ាងលំបាកយ៉ាងខ្លាំង អ៊ីចឹងហើយទើបលោកមានជំនឿយ៉ាងខ្លាំងថា ដីឡូត៍ដែលពួកលោកដាក់ហ៊ុនរួមគ្នា ពិតជាមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជន ដោយសារតែទីតាំងគឺទិញភ្លាមអាចសង់ផ្ទះនៅបាន ហើយបើនិយាយពីប្រព័ន្ធទឹកភ្លើងក៏បានដំឡើងអោយមានភាពងាយស្រួលដល់ការរស់នៅ។
លោកថាដីឡូតិ៍ដែលលោកសម្រេចចិត្តបោះទុនជាមួយលោក ឡេង ណាវ៉ាត្រា ជាលើកដំបូងនេះ លោកនឹងកំណត់ក្នុងតម្លៃចាប់ពី៥៨០០ដុល្លារឡើងទៅ ដោយអតិថិជនដែលទិញភ្លាមៗគឺបានសំបុត្រទៅលេងស្នាក់នៅ២យប់នៅក្នុងប្រទេសសិង្ហបុរីតែម្ដង ក្នុងរយៈពេល១៥ថ្ងៃក្រោយការប្រកាស។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ការចាប់ដៃជាមួយលោក ខេមរៈ សិរីមន្ត នឹងមិនមានបញ្ហាជាមួយលោក ព្រាប សុវត្ថិ នោះទេ ដោយសារតែការវិនិយោគទាំង២ស្ថិតក្នុងគម្រោងផ្សេងគ្នា។លោកថាគម្រោងបោះទុនរួមគ្នានេះ មិនមែនដោយសារតែលោកខ្វះដើមទុនក្នុងគម្រោងដីឡូតិ៍នៅផ្សារព្រៃទទឹងផ្លូវជាតិលេខ៣នោះទេ ប៉ុន្តែបណ្ដាលមកពីលោក ខេមរៈ សិរីមន្ត ក៏ជាតារាល្បីមួយរូប និងដោយសារតែលោកក៏មានឆន្ទៈក្នុងការធ្វើជំនួញផង ទើបលោកចូលហ៊ុន ដើម្បីអោយកាន់តែធ្វើអោយជំនួញដីឡូតិ៍របស់លោកនឹងកាន់តែមានទំនុកចិត្ត។យ៉ាងណាមិញ លោកថាខ្លួនមិនមានគម្រោងវិនិយោគជាមួយតារាណាផ្សេងទៀតទេ ដោយសារតែលោកគិតថាគម្រោងវិនិយោគជាមួយលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ គឺគ្រប់គ្រាន់៕