តោះមកស្គាល់!ជនជាតិថៃដែលកំពុងជួយជ្រោងរឿងភាគខ្មែរនៅTV5អោយស្ទុះឡើង

ស្របពេលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកទស្សនាភាពយន្ដភាគខ្មែរដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងមានព័ត៌មានជាច្រើនតែងលើកពី    ផលិតករថៃ ក៏មានមហាជនជាច្រើនឆ្ងល់ថា តើជនជាតិថៃនោះជានរណាបានជាប្រឹងលើកស្ទួយភាពយន្ដខ្មែរម្លេះ?

ក្នុងជំនួបរវាងតារាសម្ដែងជាច្រើនដួង ជាមួយផលិតករ និងថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី០៤ខែសីហា កន្លងទៅនេះលោក ថាណាគ្រីត ស៊ីនប៊ួ ជាអ្នកដឹកនាំក្រុមផលិតជនជាតិថៃប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានបញ្ជាក់ថា លោកបានបង្ហាញស្នាដៃដំបូងនៅកម្ពុជាតាំងពីឆ្នាំជិត២០ឆ្នាំមុនម្លេះ ពោលគឺលោកបានចូលរួមក្នុងការដឹកនាំរឿង«កូនពស់កេងកង»ដែលមានការសម្ដែងរួមគ្នារវាងតារាប្រុសជនជាតិថៃ និងតារាសម្ដែងស្រីរបស់កម្ពុជា។

លោកបន្ដថាតាំងពីពេលនោះមកបានធ្វើអោយលោកដិតអារម្មណ៍ជាមួយទឹកដីកម្ពុជាម្យ៉ាងនៅប្រទេសថៃលោក ជួបតែតារាសម្ដែងនៅថៃច្រើន ដូច្នេះហើយលោកចង់ប្ដូររសជាតិការងារ មិនតែប៉ុណ្ណោះក៏សំណូមពរពីខាងប៉ុស្ដិ៍លេខ៥អោយលោកមកជួយការងារទើបលោកសម្រេចចិត្ដមកសាងស្នាដៃបន្ថែមលើទឹកដីកម្ពុជា គ្រាដែលប្រពន្ធនិងកូនលោកកំពុងតែដឹកនៃរឿងនៅប្រទេសថៃផងដែរ។

ជាមួយគ្នានេះលោកបញ្ជាក់ថា លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីជួយជំរុញសមត្ថភាពតារាសម្ដែងរបស់កម្ពុជាឲ្យកាន់តែមានសមត្ថភាពខ្លាំង និងកាន់តែទទួលបានការគាំទ្រពីមហាជន។ទោះជាយ៉ាងណាលោកបញ្ជាក់ថា តារាសម្ដែងរបស់កម្ពុជាក៏មានទេពកោសល្យនិងរូបសម្រស់មិនចាញ់តារាថៃប៉ុន្មានដែរ គ្រាន់តែត្រូវការចំណាយពេលក្នុងការក្រេបជញ្ជក់យកទិចនិចបន្ថែមមួយរយៈខ្លីប៉ុណ្ណោះ ហើយលោកនឹងប្រឹងអោយអស់ពីកម្លាំងកាយចិត្ដ ខណៈលោកក៏ប្រឹងរៀបចំប្រព័ន្ធនៃការផលិតភាពយន្ដនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ក៍លេខ៥អោយកាន់តែខ្លាំងបន្ថែមទៀតដែរ៕