
បទមានចំណងជើងថា “J+O” និង “J+O Remix” ច្រៀងនិងនិពន្ធដោយ វណ្ណដា ពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យខ្មែរ និងជនជាតិបរទេសមួយចំនួន។ ខណៈដែលបច្ចុប្បន្ន បទនេះមានអ្នកចូលស្តាប់ដល់ ១២លានដង លើយូធូបឆានែលផ្លូវការរបស់វណ្ណដាផ្ទាល់ខ្លួន។ ប៉ុន្តែក្នុងអំឡុងពេលបទនេះកំពុងល្បីខ្លាំង ក៏លេចឡឺពាក្យរិះគន់មួយចំនួនតាមរយៈបណ្តាញសង្គមថា លួចចម្លងបទភ្លេងពីបរទេស។
យ៉ាងណាមិញ ទោះបីស្ថិតក្នុងការរិះគន់ពីមនុស្សមួយចំនួនតូចក្តី ប៉ុន្តែម្ចាស់បទខាងលើចេញមុខបកស្រាយលើបណ្តាញសង្គមរបស់ខ្លួន ថាមិនបានចម្លងនោះទេ គឺផលិតដោយញើសឈាមនិងចំណេះដឹងខ្លួនឯងសុទ្ធសាធ។
ប៉ុន្តែវណ្ណដានៅតែមិនទាន់អស់ចិត្ត ក្រុមការងារនិងតារារ៉េបវ័យក្មេងរូបនេះ បានផលិតវីដេអូ នៅពីក្រោយបទភ្លេង J+O ដោយបកស្រាយច្បាស់ៗតាមរយៈវីដេអូ ដែលមានចំណងថា «Story behind J+O» ព្រមទាំងបកស្រាយសំនួរនៃការចម្លងបទ J+O ថា តើបទ J+O ពិតជាជាប់ពាក់ព័ន្ធនឹងការចម្លងដែរឫទេ? ហេតុអ្វី? ចម្លើយយ៉ាងខ្លី គឺ ទេ មិនបានចម្លងទេ និងបញ្ជាក់លើមេឡូឌី៤គ្រាប់ ដែលគាត់បានយកមកពី Looperman ហើយ Loopermanគឺមានអ្នកផលិតភ្លេងផ្សេងៗជុំវិញពិភពលោកយកមកប្រើប្រាស់ទាំងអស់។
បន្ទាប់មកក៏បានបកស្រាយ ថា Looperman គឺជាអ្វី? https://www.looperman.com គឺជាវើបសាយមួយស្រាប់ Producer ដើម្បីទាញយក ឫផលិតភ្លេងដាក់ចូលទៅក្នុងវើបសាយមួយនេះ និយាយឲ្យស្រួលស្តាប់គឺ Open Source ដែលមនុស្សគ្រប់គ្នាអាចយកមកប្រើប្រាស់បាននៅជុំវិញពិភពលោក។ ដូច្នេះចង់ដឹងកាន់តែច្បាស់លើសពីអត្ថបទនេះ៕
សូមទស្សនាវីដេអូបកស្រាយរបស់វណ្ណដាខាងក្រោមនេះ៖