
ក្រោយសម្ដែងចប់រឿងមួយរបស់ផលិតកម្មមហាហង្ស ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនី និងជាតារាសម្ដែងកញ្ញា ណាក់ ស្រីណា បានបង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្ស បានជំពាក់ថ្លៃសម្ដែងរបស់នាងរហូតដល់ចំនួន២ពាន់ដុល្លារ ដោយជំពាក់ប្រមាណជាមួយឆ្នាំមកហើយ ពោលគឺតាំងពីភាពយន្តដែលនាងសម្ដែងអោយត្រូវបានបញ្ចប់។
ក្រោយពីផ្ទុះរឿងនេះ ត្រូវបានខាងមហាហង្សផលិតកម្មមហាហង្សលោកបានទម្លាយអោយដឹងជាផ្លូវការថាលោកមិនចង់់បកស្រាយក្រោយពីនាងបកអាក្រាតអ៊ីនោះទេ។ តែយ៉ាងណាលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលតារាសម្ដែងកញ្ញា ណាក់ ស្រីណា មិនទទួលបានតម្លៃថតនៅសល់ចំនួន២ពាន់ដុល្លារ ក្រោយពេលថតចប់ មិនមែនជាកំហុសរបស់ផលិតកម្មរបស់លោកនោះទេ ប៉ុន្តែគឺកំហុសរបស់អតិថិជនរបស់លោកដែលជាអ្នកស្នើអោយលោកផលិតរឿង«មរតកចុកឈាម» ហើយតម្រូវអោយលោកជ្រើសយកនាងអោយធ្វើជាតួឯកប៉ុណ្ណោះ។
លោកថ្លែងបញ្ជាក់ថា ក្នុងពេលកុងត្រាតម្រូវអោយលោកផលិតរឿង«មរតកចុកឈាម» អតិថិជនរបស់លោកបានកំណត់អោយលោកត្រូវតែយក តារាសម្ដែង ណាក់ ស្រីណា អោយសម្ដែងធ្វើជាតួឯក ហើយបណ្ដាលមកពីភាពយន្តនោះក្រោយពេលផលិតចប់ អតិថិជនរបស់លោកមិនបានប្រគល់លុយអោយលោកតាមការកំណត់ ទើបលោកត្រូវតែបង្កកតម្លៃនៅសល់របស់នាងដូចគ្នា។
លោកនិយាយថា«ខ្ញុំមិនអត់២ពាន់អោយគាត់(ណាក់ ស្រីណា)ទេ ប៉ុន្តែអោយខ្ញុំអោយយ៉ាងមិច បើអ្នកដែលតម្រូវអោយខ្ញុំយកគាត់សម្ដែង មិនទាន់មានលុយអោយខ្ញុំគ្រប់ផងហ្នឹង ចឹងខ្ញុំមានលុយណាបើកអោយគាត់!»។ លោកថាភាពយន្តរឿង«មរតកចុកឈាម»ត្រូវកំណត់ដាក់បញ្ចាំងនៅលើទូរទស្សន៍មួយតាំងពីប៉ុន្មានខែមុនម្ល៉េះ ប៉ុន្តែដោយសារតែអ្នកទិញអត់មានលុយអោយលោក តាមការកំណត់ ទើបមានការពន្យារពេលដាក់ផ្សាយមកទល់ពេលនេះ។
លោកថាមិនខឹងចំពោះការទម្លាយរបស់តារាសម្ដែង ណាក់ ស្រីណា នោះទេ ដោយលោកយល់ថាអ្វីដែលនាងបានប្រតិកម្មគឺជាសារលាតត្រដាងអោយអតិថិជនដែលជួលអោយលោកផលិតរឿងអោយ ដឹងពីផលវិបាករបស់លោក នឹងរួសរាន់ប្រគល់ថវិកាអោយលោកតាមអ្វីដែលបានកុងត្រានោះផង។
ថ្នាក់ដឹកនាំផលិតកម្មមហាហង្សរូបនេះបង្ហើបបង្ហើបទៀតថា អ្នកទិញភាពយន្តមួយនេះ នៅខ្វះប្រមាណជិត២ម៉ឺនដុល្លារទៀត ទើបមានសិទ្ធិបញ្ចាំងរឿង ទើបលោកត្រូវតែបង្កកថវិកាកញ្ញា ណាក់ ស្រីណា ដែលជាតារាជម្រើសដោយអតិជននោះ ជាការត្រលប់វិញ។ ក្នុងនោះលោកក៏បានទម្លាយថា មិនមែនមានតែកញ្ញា នោះទេ ដោយផលិតកម្មមហាហង្សជំពាក់លុយមិនទាន់បើកថ្លៃសម្ដែងអោយ គឺតារាមួយចំនួនផ្សេងទៀត ក៏មានផងដែរ ដោយសារតែតារាទាំងនោះក្នុងពេលកុងត្រាគឺអោយមួយអាទិត្យ៣ថ្ងៃ ឬ២ថ្ងៃ តាមអ្វីដែលបានព្រមព្រៀង ប៉ុន្តែដល់ពេលចេញថត គឺសុំថ្ងៃណាក៏រវល់ដកឃ្លាមិនបាន ហើយនៅពេលចុះថតទៀតសោត គឺណាត់ម៉ោង៧ មកម៉ោង១០ ហើយទារទៅមុនរហូត ធ្វើអោយការផលិតរបស់លោកយឺតយ៉ាវ និងមានបញ្ហាជាមួយប៉ុស្តិ៍ទូរទស្សន៍មិនឈប់ ដល់ថ្នាក់ទូរទស្សន៍ខ្លះមិនបើកលុយអោយលោកក៍មាន។
លោកនិយាយថា «សម្រាប់ខ្ញុំ ស្រីណា ខ្ញុំមិនអោយគាត់ ដោយសារតែអតិថិជនដែលតម្រូវតួគាត់ មិនទាន់ បើកលុយអោយខ្ញុំគ្រប់ ប៉ុន្តែមានតួមួយចំនួនទៀត ក៏ខ្ញុំបង្កកលុយចឹងដែរ ដោយសារតែគាត់ក្រឡុកផលិតកម្មពេក ហើយអ្នកខ្លះខ្ញុំមិនបើកលុយអោយហើយ ខ្ញុំចង់ប្ដឹងផង ដោយសារតែហៅថតថ្ងៃណេះសុំថ្ងៃណុះ ដូចក្នុងរឿងមួយហ្នឹងគាត់ថតតែគាត់ អត់មានតួផ្សេងចូលរួម គាត់មានដឹងថាពេលគាត់មិនអោយថ្ងៃថត ឬ មិនមកថតផលិតកម្មប្រឈមអីខ្លះទេ?»។
ទោះយ៉ាងណាលោកអ៊ិិន សុភិន ពុំបានអន់ចិត្ដចំពោះបង្ហាោះសាររបស់កញ្ញាណាក់ ស្រីណា ឡើយផ្ទុយទោវិញលោកប្រាប់ថា វាដូចជាការលាតត្រដាងអោយអតិថិជនដែលជួលលោកបានដឹងពីផលលំបាករបស់លោក និងរួសរាន់ប្រគល់លុយអោយលុយលោកអោយគ្រប់ចំនួនទៅតាមអ្វីដែលមាននៅក្នុងកុងត្រា។
កញ្ញា ណាក់ ស្រីណា បានអះអាងថា នេះជាមេរៀនទី១ក្នុងជីវិតជាអ្នកសម្ដែងរបស់នាង ហើយនាងបញ្ជាក់ថានេះគឺជា បំបាក់ទឹកចិត្តចំពោះអ្នកសិល្បករមួយដ៏ធំ ដោយនាងបញ្ជាក់ថា ការព្រមព្រៀង គឺថតចប់ប្រគល់លុយអស់ ដោយមិនមែនមួយឆ្នាំមកហើយនៅតែស្ងាត់ ហើយមិនអើពើក្នុងការដោះស្រាយនោះទេ។ យ៉ាងណាមិញ នាងហាក់រក្សាភាពស្ងាត់ស្ងៀម ក្រោយការបង្ហោះរបស់ខ្លួនក្លាយជារឿងរសើបក្ដៅៗ៕