
ប្រទេសហ្វាំងឡង់ គឺជាប្រទេសមួយដែលឋិតនៅក្នុងទ្វីអឺរ៉ុប និងមានទីតាំងឋិតនៅក្បែរនឹងតំបន់ប៉ូលខាងជើង។ ប្រទេសនេះមានរដ្ឋធានីឈ្មោះហេលស៊ីងគី (Helsinki) និងមានប្រជាជនប្រមាណជាង 5.52លាននាក់ ហើយជាប្រទេសធំលំដាប់ទី 8នៅក្នុងទ្វីបអឺរ៉ុប។ ថ្ងៃនេះ The Plus News នឹងនាំលោកឲ្យបានដឹងពីរឿងចម្លែកទាំង 5 ដែលកើតមានឡើងតែនៅហ្វាំងឡង់។
1.សម្រាំងប៉ូល
ប្រទេសហ្វាំងឡង់ជាប្រទេសដែលចម្លែកមួយ ព្រោះថានៅរដូវក្តៅព្រះអាទិត្យនឹងមិនបានលិចទេ នៅផ្នែកខាងជើងនៃប្រទេស ហើយនៅរដូវរងារវិញផ្ទៃមេឃនឹងប្រែជាងងឹតជាច្រើនខែ ប៉ុន្តែវាមិនងងឹតទាំងស្រុងនោះទេ គេហៅវាថា “ kaamos” ។ នៅរដូវ Kaamos ដោយសារតែពន្លឺនៃព្រិល ព្រះចន្ទ និងផ្កាយវាបង្កើតបានទៅជាពន្លឺដ៏អស្ចារ្យមួយដែលគេហៅថាសម្រាំងប៉ូល ឬក៏ពន្លឺនៃប៉ូលភាគខាងជើង។ ប្រសិនជាអ្នកសំណាងអ្នកនឹងឃើញបាតុភូតធម្មជាតិដ៏អស្ចារ្យនេះកើតឡើង។
2.ទីក្រុងបុរាណបែបស៊ីវិល័យ
ហ្វាំងឡង់ជាប្រទេសមួយដែលមានស្ថាបត្យកម្មសំណង់អាគារដែលមានសភាពបែបបុរាណតែស៊ីវិល័យ និងរឹងមាំ។ គ្រប់គ្នាអាចដើរទស្សនាប្រទេសនេះបានដោយរីករាយ ព្រោះថាប្រទេសនេះមិនត្រឹមតែស្អាតប៉ុណ្ណោះទេ សូម្បីតែសំរាមក៏ពិបាកនឹងរកផងដែរ។ សំណង់ភាគច្រើនត្រូវធ្វើនៅក្បែរមាត់ទឹក ហើយលាបពណ៌ចម្រុះ។ ប្រជាជនភាគច្រើនចូលចិត្តធ្វើដំណើរដោយដើរ ជិះកង់ និងមួយចំនួនទៀតធ្វើដំណើរដោយរថយន្តខ្នាតតូចៗ។
3.អ្នកនឹងជួបលោកតាសាន់តាក្លូសពិតប្រាកដ
យើងធ្លាប់តែស្គាល់លោកតាសាន់តាក្លូស តាមរយៈរឿងនិទាន និងខ្សែភាពយន្តប៉ុណ្ណោះ ប៉ុន្តែប្រសិនជាអ្នកបាន ទៅដល់ប្រទេសហ្វាំងឡង់ អ្នកនឹងអាចជួបគាត់ជាក់ជាមិនខាន ព្រោះថាលោកតាសាន់តាក្លូសគឺមានតែមួយប៉ុណ្ណោះ ហើយគឺឋិតនៅប្រទេសហ្វាំងឡង់។ ការិយាល័យរបស់គាត់ គឺឋិតនៅតំបន់អាក់តិកដែលជាកន្លែងអាថ៌កំបាំងមួយនៅក្នុងទីក្រុង Rovaniemi។ គ្រប់គ្នាអាចទៅជួបគាត់ និងលេងនៅទីនោះបាន ដែលភាគច្រើនជាមនុស្សពេញវ័យ និងកុមារទៅទីនោះ ដើម្បីសម្រាកលំហែកាយ និងកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សមួយចំនួនបាននិយាយថាពួកគេមិនបានជួបគាត់ពេញមួយឆ្នាំ។
4.ជាទីដែលមានសុវត្ថិភាពបំផុតក្នុងលោក
ហ្វាំងឡង់ជាទីដែលកាបូប និងទូរស័ព្ទដៃដែលបាត់បង់ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិរបស់ពួកគេវិញ។ មនុស្សមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការដើរតែម្នាក់ឯងនៅក្នុងឧទ្យាននៃទីក្រុងឬប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតពីម៉ោង។
5.ហូបផ្លែប៊ឺរី និងបេះផ្សិតនៅក្នុងព្រៃ
នៅក្នុងព្រៃនៃប្រទេសហ្វាំងឡង់ អ្នកអាចស្វែងរកផ្លែប៊ឺរីជាច្រើនដូចជា បីលប៊ឺរី ក្លោដប៊ឺរី លីនហ្គនប៊ឺរី ដែលអាចជាផ្លែឈើដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក វាក៏មិនមែនជាផ្លែឈើដែលអស្ចារ្យអ្វីនោះដែរ ប៉ុន្តែវាមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន។ ផ្លែឈើដែលល្អ គឺឋិតនៅខែកក្កដា ដល់ខែកញ្ញា។ ចំពោះផ្សិតវិញគឺអាចស្វែងរកបានរហូតដល់ព្រិលធ្លាក់។
ទាំងនេះហើយ ជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនទៅទស្សនា និងកម្សាន្តនៅប្រទេសហ្វាំងឡង់ ដោយសារប្រទេសនេះជាប្រទេសដែលមានរឿងចម្លែកៗ និងល្អៗ ជាច្រើនដែលប្រទេសដទៃគ្មាន និងយកជាគំរូតាម៕