
ជាការពិតផលិតកម្មរស្មីហង្សមាសតែងតែផ្តល់ជូននូវចំណីអារម្មណ៍ប្លែកៗ ដើម្បីអង្រួនចិត្តទស្សនិកជនក្នុងប្រទេសកម្ពុជាជាញឹកញាប់។ ក្នុងនោះផងដែរ តារាចម្រៀង៤ដួង ស្ថិតក្រោមដំបូលផលិតកម្មរស្មីហង្សមាស រួមមាន អ្នកនាង ពេជ្រ សោភា ចាប់ដៃគូច្រៀងឆ្លងឆ្លើយនិងលោក ខេមរៈ សិរីមន្ត ជាលើកដំបូង និង កញ្ញា ពេជ្រ សូលីកា ចាប់ដៃគូចាស់ជាមួយនិងលោក នីកូ ដែលធ្លាប់ច្រៀងរួមគ្នានៅផលិតកម្ម M។ យ៉ាងណាមិញក្នុងអំឡុងឆ្នាំ ២០១៩នេះ តារាទាំង៤ដួន ទទួលបានការគាំទ្រជាខ្លាំង ជាមួយចម្រៀង ២បទរួមមាន៖
១. បទ ប្រពន្ធបងមិនល្អមែនទេ” ច្រៀងដោយ ពេជ្រ សោភា និង ខេមរៈ សិរីមន្ត
ការចាប់ដៃគ្នាច្រៀងជាលើកដំបូងនៃកំពូលតារាចម្រៀងហង្សមាសទាំងពីរដួងបានធ្វើឲ្យមានភាពកក្រើកក្នុងពិភពសិល្បៈ ជាពិសេសគឺទទួលនូវភាពភ្ញាក់ផ្អើលបំផុតពីអ្នកគាំទ្រ។ ខណៈដែលអ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងចាស់វស្សានៅផលិតកម្មហង្សមាស រីឯលោក ខេមរៈ សិរីមន្ត ទើបនឹងផ្លាស់ពីទ្រនំសាន់ដេមកកាន់ផលិតកម្មហង្សមាសជាងមួយឆ្នាំមកនេះប៉ុណ្ណោះ។
ប៉ុន្តែក្រោយពេលដែលផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទ “ប្រពន្ធបងមិនល្អមែនទេ” វាហាក់ធ្វើឲ្យមានសន្ទុះគាំទ្រខ្លាំងជាងមុនថែមទៀត បើធៀបទៅនឹងការច្រៀងចម្រៀងបទទោលសម្រាប់អ្នកទាំងពីរកន្លងមក។
មជ្ឈដ្ឋានខាងក្រៅជាពិសេសហ្វេនបានសរសើរថា “ពួគាត់ទាំងពីរ ច្រៀងចម្រៀងរួមគ្នាបានល្អណាស់ ស៊ីសំឡេងគ្នាល្អណាស់ ស័ក្ដិសមនិងគ្នាថែមទៀតផង ចង់ឲ្យពួកគាត់ឡើងច្រៀងនៅលើឆាកតន្ត្រីរួមគ្នា” ។
ខណៈមតិខ្លះទៀត បានលើកឡើងថា ដៃគូរដ៏សាកសមបំផុតរបស់ អ្នកនាង ពេជ្រ សោភា នោះមានតែលោក ព្រាប សុវត្ថិ តែម្នាក់គត់ ក្រោយពីអ្នកទាំងពីរខកខានបញ្ចេញបទចម្រៀងរួមគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ រីឯមតិខ្លះទៀតថាដៃគូដ៏សាកសមរបស់លោក ខេមរៈ សិរីមន្ត វិញគឺមានតែអ្នកនាង ឪក សុគន្ធកញ្ញា ប៉ុណ្ណោះ។ ប៉ុន្តែការចាប់ដៃគ្នាកន្លងមករបស់អ្នកទាំងពីរនៅក្នុងផលិតកម្មរស្មីហង្សមាសហាក់មិនសូវមានសន្ទុះដូចការចាប់ដៃគូរវាង ពេជ្រ សោភា និងខេមរៈ សិរីមន្តឡើយ។
គួរបញ្ជាក់ថា បទខាងលើនេះ ជាស្នាដៃ និពន្ធបទភ្លេងថ្មី និងទំនុកច្រៀងដោយ អ្នកនាង ពេជ្រ សោភា ដោយផ្ទាល់ ហើយជាបទចម្រៀងដែលមានការអប់រំទៅនឹងជីវិតគ្រួសារ។ គិតមកដល់បច្ចុប្បន្នបទចម្រៀងនេះមានអ្នកចូលទស្សនាជាង ៧លានដងនៅ YouTube របស់ផលិតកម្មរស្មីហង្សមាស។
២. បទ “យើងជាសង្សារគ្នាមែនទេ” ច្រៀងដោយ នីកូ និង ពេជ្រ សូលីកា
ក្រោយពីខកខានក្នុងការច្រៀងរួមគ្នាអស់រយៈពេលជិតជាង៣ឆ្នាំមកនេះ ដៃគូចាស់លោកនីកូ និងកញ្ញា ពេជ្រ សូលីកា បានជួបគ្នានៅទ្រនំថ្មី។ បទ “យើងជាសង្សារគ្នាមែនទេ” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោកអីុនុ ជាបងប្រុសបង្កើតរបស់លោក នីកូ និងកវីនិពន្ធបទភ្លេង ចក់ ហាក់កំពុងអន្ទងចិត្តយុវវ័យទៅនឹងបទចម្រៀងបែបស្នេហាយុវវ័យសម័យថ្មី។
បទចម្រៀង “យើងជាសង្សារគ្នាមែនទេ” មានអ្នកចូលទស្សនាជាង ៧ សែនដងមកហើយក្នុងរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។ យើងនៅចងចាំបានថាការឈានជើងចូលទៅក្នុងទ្រនំរួមគ្នាជាមួយបងប្រុសរបស់លោកនីកូហាក់បង្កើតនូវការភ្ញាក់ផ្អើលរួចមកហើយ តែការឈានជើងចូលមកកាន់ទ្រនំហង្សមាសរបស់កញ្ញា ពេជ្រ សូលីកា ហាក់បង្កើតនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសសហ្វេនរបស់នាងតែម្តង ព្រោះ សូលីកា ធ្លាប់ល្អក់កកររហូតដល់មានការប្ដឹងផ្ដល់រឿងកុងត្រាកាលពីជាង ១០ឆ្នាំមុន ជាមួយហង្សមាស តែបែជាលេចវត្តមានរបស់កញ្ញានៅក្នុងផលិតកម្មហង្សមាសរួមជាមួយបទច្រៀងពីរោះថែមទៀតផង។ ក្រោយពីកញ្ញា ពេជ្រ សូលីកា ខកខានការច្រៀង និងលាឈប់ពីវិស័យសិល្បៈអស់រយៈពេលជិត ៣ឆ្នាំ។
សូមបញ្ជាក់ថាការត្រឡប់រួមគ្នាមកកាន់ទ្រនំធំថ្មីរវាងកញ្ញា ពេជ្រ សូលីកា និង លោក នីកូ មិនត្រឹមតែជាការច្រៀងរួមគ្នានោះទេ ថែមទាំងជាតួរឯកសម្ដែងរួមគ្នាក្នុងខ្សែភាពយន្តភាគទូរទស្សន៍ រឿង «អាពាហ៍ពិពាហ៍ចម្លែក» ហង្សមាស ទិញសិទ្ធិផលិតពីកូរ៉េថែមទៀតផង។ រឿងភាគទូរទស្សន៍នេះអាចនឹងចាក់បញ្ចាំងនៅចុងឆ្នាំក្រោយបន្ទាប់ពីរឿង «រាជនីភូមិគ្រឹះ»៕
អត្ថបទដោយ៖ Vincent