
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសប្រភេទយក្ស មួយគ្រឿងមានឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤,០០០ នាក់ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ។
នាវាទេសចរណ៍ GENTING DREAM សញ្ជាតិ BAHAMAS បណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ទទឹង ៣៩.៧៦ម៉ែត្រ និងជម្រៅទឹក ៨.៦ម៉ែត្រ បាននាំភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេស MALAYSIA ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។
នាវា GENTING DREAM មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៧យប់ថ្ងៃដដែល។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា GENTING DREAM មានចំនួនសរុប ៣,៥៩៤នាក់ ស្រី ២,០៣៨នាក់ មាន ២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ១,៧៨៤នាក់ ស្រី ៥០៨នាក់ មាន ២៩សញ្ជាតិ៕