
ភ្នំពេញ: លោកគ្រូម្នាក់បង្រៀននៅវិទ្យាល័យ «ប្រមូលព្រហ្ម» ស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង បានគោរពតាមការសន្យាជាមួយសិស្សរបស់ខ្លួន ក្រោយពីលោកបាននិយាយលើកចិត្តសិស្សឲ្យខំប្រឹងរៀនទាំងអស់គ្នា ហើយថា បើយកបាននិទ្ទេស A លោកគ្រូនឹងអៀវសិស្សគាត់ពីផ្ទះដល់សាលារៀន។
តាមគណនីហ្វេសប៊ុក (Facebook) «ម៉ី៚ម៉ី» បានបង្ហាញរូបភាពជាច្រើនសន្លឹកស្ដីពីសកម្មភាពលោកគ្រូម្នាក់អៀវកូនសិស្សរបស់ខ្លួន ព្រមទាំងមានមិត្តរួមថ្នាក់ដើរអមសើចសប្បាយពីក្រោយ។ យុវសិស្សរូបនេះបានសរសេររៀបរាប់ថា៖«សិស្សទិន្ទេស A ប្រចាំប្រមូលព្រហ្ម លូយមែន បានលោកគ្រូអៀវ តាមការសន្យាមែន ជួយស៊ែម្នាក់មួយផងឲ្យពិភពលោកបានឃើញបានស្គាល់ផង ok»។
ជាមួយគ្នានេះដែរ កាលពីសម័យប្រឡងឆ្នាំមុន មានសាស្ត្រាចារ្យគណិតវិទ្យាម្នាក់ឈ្មោះ ទៀ សុធា បានរាំពីខ្លោងទ្វារដល់ដងទង់ជាតិ ក្រោយពីលោកគ្រូបានជាប់ពាក្យសំដីថា ប្រសិនបើ សិស្សរបស់ខ្លួនប្រឡងជាប់និទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកគ្រូនឹងរាំឲ្យមើល។
កាលពីឆ្នាំ២០១៧ កន្លងទៅ សាស្ត្រាចារ្យ ទៀ សុធា បានធ្វើឲ្យសាធារណជនទូទៅភ្ញាក់ផ្អើល ជាពិសេសសម្ដេច ហ៊ុន សែន បានកោតសរសើរចំពោះគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យារូបនេះ ដែលគោរពពាក្យសន្យាជាមួយសិស្ស ដោយបានរាំពីពីខ្លោងទ្វារដល់ដងទង់ជាតិ។
គួរំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ ២០១៩កន្លងទៅនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ មណ្ឌល។លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ ២០១៩ ជាប់សរុប ៦៨.៦២ភាគរយ ស្មើរនឹង ៧៩,០៥២នាក់៕