
ក្រោយពីរៀបអាពាហ៍ពិពាហ៍បានជាង ២ ឆ្នាំ កំពូលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ទើបនឹងទទួលបានកូនស្រីដែលជាកូនលើកដំបូង ជាមួយនឹងភរិយា អ្នកនាងសែន ចាន់ឌី។ កូនស្រីសំណព្វចិត្តរបស់តារាចម្រៀងដែលមានឈ្មោះដើមថាឆាយ ចាន់ឆោម ត្រូវបានលោកដាក់ឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅអាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក និងមានទំងន់ ៣ គីឡូក្រាម។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺថា ទារិការ វីរៈយុទ្ធ អភិជាតាទេវី ទើបតែមានអាយុត្រឹមតែ ៥ថ្ងៃក្តី តែបែជាមានគណនីហ្វេសបុកថែមទៀតផង។ ប៉ុន្តែមហាជនបានសន្និដ្ឋានថា នោះគ្រាន់តែជាគណនីហ្វេសប៊ុករបស់លោកឆាយ វីរៈយុទ្ធ ប៉ុណ្ណោះ ប្រហែលជាលោកប្តូរឈ្មោះទុកសម្រាប់កូនជាទីសំឡាញ់របស់លោកពេលចេញមកកាន់ពន្លឺថ្ងៃ។
ទោះជាយ៉ាងណាក្តី ចំណងដៃកូនដំបូងនេះលោក ឆាយ វីរៈយុទ្ធ និងភរិយា បានទទួលនូវការអបអរសាទរពីសំណាក់មិត្តភ័ក្ដិ សាច់ញាតិ មិត្តរួមអាជីពការងារសិល្បៈ និងហ្វេនអ្នកគាំទ្រជាច្រើន ដោយជូនពរឲ្យលោក ភរិយា និងកូនឲ្យជួបតែសុខសុវត្ថិភាពល្អ និងបន្ថែមថាមានមុខមាត់ស្អាតខ្លាំង ថែមទាំងមានឈ្មោះដូចទេវតា ផងដែរ។ សារអបអរសាទរទាំងនេះបាននាំឲ្យ លោក ឆាយ វីរៈយុទ្ធ ក៏ធ្វើការថ្លែងអំណរគុណតបទៅវិញ តាមរយៈ Status ដែលបង្ហោះនៅលើហ្វេសបុកផេកផ្លូវការរបស់លោកផងដែរ៕ អត្ថបទដោយ៖ Vincent