
សៀមរាប៖ បើទោះបីសម័យអង្គរដ៏រុងរឿងបានកន្លងហួសច្រើនសតវត្សរ៍ទៅហើយក្ដី តែអារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់នៅសម័យនោះមិនទាន់ទៅណាឆ្ងាយឡើយ ដោយអារ្យធម៌ទាំងនោះមិនទាន់បាត់បង់ឡើយ គឺវាបន្តរស់នៅជាមួយអ្នកស្រុកអង្គរ ដែលបន្តប្រណិប័តន៍តពីដូនតារហូតមក។
ការថ្លែងនេះ ក្នុងពេលលោកបានធ្វើបាឋកថាស្ដីពី «វដ្ដសង្សារ សិល្បៈ និងកិច្ច» កាលពីពេលថ្មីៗនេះ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដោយលោកបានព្យាយាមពន្យល់ និងលើកជាឧទាហរណ៍មួយចំនួនមកពន្យល់អ្នកស្ដាប់។ អំណះអំណាងដែលបញ្ជាក់ថា អារ្យធម៌របស់អង្គរមិនស្លាប់ដែលអ្នកស្រាវជ្រាវរូបនេះពន្យល់ គឺតាមរយៈការប្រារព្ធពិធីសាសនា ទំនៀមទម្លាប់ ប្រពៃណី និងជំនឿផ្សេងៗដែលអ្នកស្រុកអង្គរគោរពប្រណិប័តន៍ពីដើមមក។
លោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា អារ្យធម៌ពីសម័យអង្គរមិនទាន់ស្លាប់ទៅណាទេ និងចង់ឲ្យកូនចៅជំនាន់ក្រោយជួយថែរក្សាអារ្យធម៌នេះកុំឲ្យបាត់បង់។ លោកបានមើលឃើញថា ការហូរចូលនៃចំនួនទេសចរច្រើននៅតំបន់ប្រាសាទជាបាតុភូតថ្មី ជារួមមុនសម័យសង្គ្រាមមានតែអ្នកស្រុកទេដែលចេញចូលគោរពទីសក្ការៈនានានិងថែរក្សា ហើយបាតុភូតនេះ ក៏អាចជាហេតុផលនៃការប៉ះពាល់ទំនៀមរបស់អ្នកស្រុកខ្លះដែរ។ លោកថា អ្នកស្រុកព្យាយាមលែងប្រារព្ធពិធីមួយចំនួនដោយសារមានភាពអ៊ូអរ ឬបុគ្គលមួយចំនួនដែលមិនយល់ពីតម្លៃនៃពិធីនោះជាដើម។
នៅចំពោះអ្នកចូលរួមប្រមាណ ២០០នាក់ដែលមានទាំងមគ្គុទ្ទេសក៍ទេសចរណ៍ អ្នកស្រាវជ្រាវ សិស្សនិស្សិត លោក អាំង ជូលាន ស្នើឲ្យប្រជាពលរដ្ឋបន្តប្រារព្ធពិធី ទំនៀមផ្សេងៗដែលធ្លាប់ធ្វើពីដូនតារបស់ពួកគេ ព្រោះការអភិរក្សតម្លៃទាំងនេះ គឺមានសារសំខាន់ណាស់ ដើម្បីរក្សាអារ្យធម៌អង្គរឲ្យគង់វង្សទៅអ្នកជំនាន់ក្រោយ៕