
អ្នកគាំទ្ររបស់ Jay Chou បានតម្រង់ជួរអស់រយៈពេល៤ថ្ងៃ មុនពេលសំបុត្របានដាក់លក់សម្រាប់ការប្រគំតន្ត្រីរបស់តារាចម្រៀងប៉ុប កោះតៃវ៉ាន់ នៅប្រទេសម៉ាឡេស៊ី ដើម្បីបានចូលទស្សនា។
ការប្រគុំតន្រ្តី World Tour របស់តារាចម្រៀង Jay Chou នឹងធ្វើឡើងនៅសួនកម្សាន្ត Hong Kong Disneyland នៅខែធ្នូ នៅថ្ងៃទី ១០ ឆ្នាំ២០១៩ និងនៅថ្ងៃទី១១ ខែមករា នៅពហុកីឡាដ្ឋានជាតិបាកគី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងប្រទេសសិង្ហបុរីខាងមុខនេះ។ ចំពោះសំបុត្រចូលទស្សនា ត្រូវបានដាក់លក់នៅព្រឹកថ្ងៃសៅរ៍ នៅផ្សារទំនើបមួយក្នុងទីក្រុងកូឡាឡាំពួ។ ដោយក្នុងនោះគេសង្កេតឃើញថាមាន អ្នកគាំទ្រស្រីម្នាក់បានទៅដល់ផ្សារទំនើបកាលពីរសៀលថ្ងៃអង្គារ ហើយនាងបានក្លាយជាអ្នកដំបូងគេនៅក្នុងជួរ។ ចាប់តាំងពីព្រឹករហូតដល់ម៉ោង ៣ រសៀលអ្នកគាំទ្រផ្សេងទៀតក៏ចាប់ផ្ដើមមកដល់តម្រង់ជួរ ដោយអ្នកខ្លះថែមទាំងវេចភួយខ្នើយមកដេកចាំទិញសំបុត្រថែមទៀតផង។
អ្នករៀបចំកម្មវិធីបានលើកឡើងថា សំបុត្រចូលរួមទស្សនាមានត្រឹមតែ ៣ម៉ឺនសន្លឹកតែប៉ុណ្ណោះសម្រាប់ការប្រគំតន្ត្រីរបស់ Jay Chou នៅទីក្រុងកូឡាឡាំពួរនេះ។ ហើយក៏មានជនជាតិចិន នឹងធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរនៅក្នុងខែតុលា សម្រាប់គោលដៅទេសចរណ៍ចុងក្រោយរបស់ពួកគេ និងដើម្បីជាវសំបុត្រចូលទស្សនាការប្រគំតន្ត្រីនាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា អាល់ប៊ុមចម្រៀងរបស់តារាវ័យ៤០ឆ្នាំ ត្រូវបានលក់ដាច់ជាង ៣០លានអាល់ប៊ុម និងទទួលបានរង្វាន់ជាច្រើនសម្រាប់ស្នាដៃតន្ត្រីរបស់គាត់។ Chou ក៏បាននិពន្ធចម្រៀងសម្រាប់សិល្បករដទៃទៀត នៅលើអាល់ប៊ុមរបស់គាត់ផងដែរ។ កាលពីឆ្នាំ ២០០៣ តារាប្រុសតៃវ៉ាន់រូបនេះបានស្ថិតលើគ្របដំបូងនៃទស្សនាវដ្ដី Time (អាស៊ី) ដោយដាក់ចំណងជើងថា ស្ដេចចម្រៀង POP ថ្មីនៃអាស៊ី។ ចាប់តាំងពីពេលនោះមកគាត់បានរៀបចំតន្ត្រីទេសចរណ៍ពិភពលោកបានចំនួន ៦ដង មកហើយ ដោយសំដែងនៅតាមទីក្រុងនានាជុំវិញពិភពលោក និងមានអ្នកចូលទស្សនាជាង ១០ លាននាក់នាពេលកន្លងមក៕
ប្រភព៖ thethaiger
ប្រែសម្រួលដោយ៖ Vincent