
មណ្ឌលគិរី៖រូបសំណាកសត្វដំរីឈ្មោលមួយក្បាលធ្វើពីរណារយន្តចំនួន ៣០០គ្រឿង ដែលជាវត្ថុតាងប្រមូលបានពីបទល្មើសធនធានធម្មជាតិ ត្រូវបានសាងសង់រួចរាល់ហើយ ដោយក្រសួងបរិស្ថានគ្រោងនឹងយកទៅដាក់តាំងបង្ហាញជាសាធារណៈនៅសួនឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគិរី នាពេលឆាប់ៗនេះ ដើម្បីចង់បង្ហាញភ័ស្ដុតាងដែលបានពីសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា រណារយន្តគឺជាមធ្យោបាយប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃរបស់រដ្ឋ និងក្នុងន័យបញ្ឈប់នូវការប្រើប្រាស់រណារយន្តដែលនាំឲ្យមានការបំផ្លិញបំផ្លាញធនធានធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក១ក្បាលដែលធ្វើពីវត្ថុតាងរណារយន្ត និងចង់ពញ្ញាក់ស្មារតីរបស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពការពារ និងអភិរក្សហ្វូងសត្វដំរីរស់ក្នុងគោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី។
លោកបន្តថា រូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្តមានកម្ពស់ ២,៨០ម៉ែត្រ (គិតពី បាតជើងដល់ចុងប្រមោយខាងលើ) បណ្ដោយប្រវែង ៣,១០ ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ) ទទឹងចន្លោះពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិតពីទំហំតួខ្លួន) ហើយបានប្រើប្រាស់វត្ថុតាងរណារយន្តសរុប ៣០០ គ្រឿង ក្នុងនោះមានម៉ាស៊ីនរណារយន្ត និងផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូប្រព្រឹត្តបទល្មើស។
លោកបញ្ជាក់ថា៖«រូបសំណាកសត្វដំរីសាងសង់ឡើងនៅក្នុងគោលបំណងបង្ហាញដល់សាធារណជនឲ្យបានឃើញពីវត្ថុតាងរណារយន្តដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ដកហូត និងប្រមូលយកមករក្សាទុកនៅតាមបណ្ដាស្នាក់ការដែនជម្រកសត្វព្រៃទាំង ៥តំបន់ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី»។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំដំឡើងរូបចម្លាក់សត្វដំរីធ្វើពីវត្ថុតាងរណារយន្តនេះឡើងជាមួយជាងមកពីខេត្តកំពង់ស្ពឺ ដោយប្រើរយៈពេលចំនួន ៧ខែ និងមានការចូលរួមគាំទ្រថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងសកម្មភាពនៃការរៀបចំនិងដំឡើងរូបចម្លាក់សត្វដំរីដែលធ្វើពីវត្ថុតាងរណារយន្តមួយនេះ។
លោក សុក សេរ៉ា អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីបានថ្លែងថា រូបសំណាកសត្វដំរីមួយក្បាលនេះ ត្រូវបានជាងធ្វើរួចរាល់ហើយ ដោយមន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី បាននិងកំពុងរៀបចំទីតាំងល្អមួយនៅសួនឧទ្យានសែនមនោរម្យ ដើម្បីដាក់តាំងបង្ហាញពីការងារដ៏សកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
លោកបន្តថា រូបសំណាកដំរីនេះ នឹងលើកស្ទួយវិស័យទេសចរបន្ថែមទៀត ក៏ដូចជាជំរុញឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ«ក្រៅពីរូបសំណាកដំរីមួយក្បាលនេះ គឺយើងកំពុងរៀបចំធ្វើរូបសំណាកសត្វខ្លា សត្វតោ និងគោព្រៃជាដើម គឺធ្វើពីគ្រឿងរណារយន្តនេះដែរ ហើយយើងក៏ត្រូវរកទីតាំងផ្សេងៗទៀតសម្រាប់ដាក់ដែរ»។
បើតាមលោក នេត្រ ភក្ត្រា ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាល ក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំង ៥ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូលមានប្រមាណជាង ៣៧៥ ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានដំរីចំនួនប្រមាណជិត ២០០ ក្បាល និងផ្សេងទៀតបាននិងកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា៕