
មហាជនដែលចូលចិត្តតែតាមដានព័ត៌មានបែបកម្សាន្ត ច្បាស់ជាស្គាល់ កញ្ញា ហ៊ិន ចាន់និរ័ត្ន ដែលជាពិធីការនី មួយរូបមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ថែមទាំងពូកែខាងសាសព្ទ មិនចេះរីងស្ងួត ជាពិសេស មានអត្តចរិតលក្ខណៈបែបសុភាព សាកសមជានារីខ្មែរ។
សូមរំលឹកថា ពិធីការនីប្រចាំស្ថានីយទូរទស្សន៍ បាយ័ន្ត រូបនេះ គឺជាអតីតជ័យលាភីកញ្ញាឯកលេខ១ Freshy Girl ឆ្នាំ ២០០៧។ មិនត្រឹមតែជាពិធីការនីតែមួយមុខនោះទេ នាងក៏ជាតារាសម្ដែងទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំសម្តែងជាតួឯកស្រី រឿង “ធ្មប់”ផងដែរ កាលពីឆ្នាំ២០១៨។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ នាងក៏ជាតារាថត សម្អាងការ តាមរយៈមូ៉តសម្លៀកបំពាក់មង្គលការទាំងបែបបុរាណ និងសម័យ យ៉ាងស្រស់ស្អាត ស្ទើរមិនរំលងសម្អាងការដែលមានឈ្មោះល្បីៗក្នុងប្រទេសកម្ពុជាឡើយ។ យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ រូបនាងមិនត្រឹមតែជា ពិធីការនី តារាសម្តែង តារាសម្អាងការ នោះទេ គឺបានក្លាយជាម្ចាស់ជំនួញមានសម្រស់ស្អាត នៃហាងថែរក្សាសម្រស់ មានឈ្មោះថា “U.ME Cosmetic” ថែមទៀតផង។
សរុបជារួម កញ្ញា ហ៊ិន ចាន់នីរ័ត្ន ទទួលនូវភាពជោគជ័យ ទាំងពិធីការនី វិស័យសិល្បៈ និងបានក្លាយជាអ្នកជំនួញផ្ទាល់ខ្លួន។ ទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន ក្នុងប្រទេសកម្ពុជាស្ងើចសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់នាង ដែលជាសមិទ្ធផលដ៏ជោគជ័យដែលមនុស្សគ្រប់គ្នាពិបាកនឹងធ្វើបាន៕