
ស្រីស្រស់ សំឡេងពីរោះស្រួយស្រេះដូចសារិកា អ្នកនាង ស៊ុន ស្រីពេជ្រ នឹងត្រូវចូលរោងពេលខាងមុខនេះ ជាមួយនឹងស្វាមីបណ្ដូលចិត្តក្រោយរួមរស់ជាមួយគ្នា និងមានកូនមួយជាចំណងដៃស្នេហាតាមផ្លូវច្បាប់។
តាមរយៈហ្វេសបុកផេក ផ្លូវការរបស់អ្នកនាង ស៊ុន ស្រីពេជ្រ បានបង្ហាញនូវរូបថត Pre-Wedding ជាមួយនឹងស្វាមី ព្រមទាំងកូនស្រីតូចសំណព្វចិត្ត ដែលនេះជាការបង្ហាញអំពីការត្រៀមចូលរោងការនាពេលខាងមុខ ក្រោយពីបានកំណត់ថ្ងៃចូលរោងការច្បាស់រួចរាល់ នៅថ្ងៃទី 23 តុលា នៅវិមានពិភពថ្មីសែនសុខ អាគារ E ។ កម្មវិធីដ៏វិសេសនៃគូជីវិតរបស់ អ្នកនាង ស៊ុន ស្រីពេជ្រ ជាមួយនឹងឧត្ដមស្វាមី លោក តិច សុខដា នឹងមានវត្តមាននៃភ្ញៀវកិត្តយសនានា ទាំងសាច់ញាតិបងប្អូន មិត្តភ័ក្ដិរួមអាជីពក្នុងពិភពសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសនៃអ្នកមុខអ្នកការក្នុងជួររាជរដ្ឋាភិបាល ជាពិសេសគឺការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គសេនាបតីតេជោ ហ៊ុនសែន ព្រមទាំង សម្ដេចគតិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក៏អញ្ជើញមានវត្តមាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍នេះផងដែរ។
តាមរយៈប្រអប់បញ្ចេញមតិតនៃ រូបថត Pre Wedding របស់អ្នកទាំងពីរ បានឆ្លើយតបពីហ្វេនអ្នកគាំទ្រ ទៅកាន់អ្នកនាង ស៊ុន ស្រីពេល បានបង្ហាញពីការគាំទ្រ និងអបអរសាទរជាខ្លាំង ហើយអ្នកខ្លះក៏បានជូនពរជូនដល់គូស្វាមីភរិយាថ្មីឲ្យជួបតែសុភមង្គល ស្រលាញ់គ្នារហូតដល់ចាស់រៀងៗខ្លួនផងដែរ៕