បាត់ដំបងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ

កវីនិពន្ធខ្មែរ​មួយក្រុម បានជួប​ជុំ​គ្នា​ធ្វើកម្មវិធីសម្ពោធមហោស្រពក្រៅផ្លូវការ​​មួយ នៅភោជនីយដ្ឋាន ST 63 Bassac ដើម្បីផ្តល់បទបង្ហាញខ្លីមួយ​ស្តី​អំពីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ កម្មវិធីលម្អិតនៅក្នុងមហោស្រពទាំងមូល ការ​ប្រកាស​បើក​មហោ​ស្រព​ និងលក្ខ​ខណ្ឌ​នានាសម្រាប់​​ការចូលរួម។

កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ នឹងវិលត្រឡប់មកសាជាថ្មីម្តងទៀត បន្ទាប់ពីទទួលបានជោគជ័យ ពីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីមួយ នៅខេត្តសៀមរាបកាលពីឆ្នាំទៅ។ មហោស្រព​លើកទីពីរនេះ នឹងប្រារព្ធធ្វើនៅខេត្តបាត់ដំបង ដែលជាខេត្តមួយសម្បូរទៅដោយវប្បធម៌​អរិយធម៌ដ៏រុងរឿងតាំងពីបុរាណកាលមក។ កម្មវិធីទាំងមូល នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅទីតាំងចម្រុះជាច្រើននៃក្រុងបាត់ដំបង។

លោកស្រី សូ ភីណា ដែល​ជាស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ បានមានប្រសាសន៍នៅ​ក្នុង​កម្មវិធី​នេះថា៖ «យើង​​មាន​​មោទនភាពណាស់ ដែល​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​មួយ​​​​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​នៅខេត្ត​សៀម​រាបកាលពីឆ្នាំទៅ។ ឆ្នាំនេះ យើង​ប្តូរ​ទៅ​​​ធ្វើ​នៅខេត្ត​បាត់ដំបងវិញ​​ម្តង ដើម្បី​ឱ្យ​អ្នក​នៅទីនោះមាន​ឱកាសដើម្បីចូលរួមដែរ។ ទន្ទឹម​​នឹង​នេះ យើង​​ក៏​លើក​ទឹកចិត្ត​ដល់កវី អ្នកនិពន្ធ សិស្សនិស្សិត និង​សាធារណជន​​ទូទៅ​​​ដែលស្រឡាញ់​ការអាន និងវិស័យតែងនិពន្ធ បានចូលរួម​ទាំង​អស់គ្នាដែរ ព្រោះ​យើង​ក៏​​បាន​​​រៀប​ចំ ការ​​ធ្វើ​ដំណើរ​ពី​ភ្នំពេញទៅកាន់ខេត្ត​បាត់ដំបងដោយ​ឥត​គិតថ្លៃផង​ដែរ។»

លោក​ស្រី​ បាន​បន្ថែមដោយ​ទឹកមុខ​ញញឹមស្រស់​ស្រាយ​ទៀត​ថា៖ «ដើម្បី​ទទួល​បាន​ការ​​​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃនេះ អ្នកដែល​ចង់ចូលរួម​ ត្រូវ​ចុះ​ឈ្មោះ​តាម​ការ​ណែនាំ​ដែល​មាន​​បង្ហាញ​នៅ​លើ​ទំព័រហ្វេសប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival ឱ្យ​បាន​​​រួស​រាន់​បំផុត ព្រោះចំនួន​មាន​កំណត់។» ​

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ ដែល​មានរយៈពេលបីថ្ងៃនេះ​ នឹងនាំយក​នូវកម្មវិធីពិសេសៗជាច្រើនដូចជា៖ វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ សិក្ខាសាលានិពន្ធបែបច្នៃប្រតិដ្ឋ​ កម្មវិធីអានតាមកន្លែងជាក់លាក់ ការតាំងពិព័រណ៍ និងលក់សៀវភៅ ការប្រលងរឿងខ្លី និង​កំណាព្យ កម្មវិធីកង់ឌុប និងកំណាព្យ  ល្ខោននិយាយរឿង «កូលាបប៉ៃលិន» ទស្សនកិច្ចវប្បធម៌ និងការសម្តែងសិល្បៈទស្សនីយភាពជាច្រើនទៀត។

គួរ​រំឭក​ថា មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទីពីរ បានទទួលការគាំទ្រពីអង្គការ ស្ថាប័ន​ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងសហគមន៍មួយចំនួនដូចជា៖ មន្ទីរវប្បធម៌ខេត្ត អង្គការហ្វារពន្លឺសិល្បៈ, Phare Creative Studio, ឌឹប៊ុកកាហ្វេ សាលាក្រុងបាត់ដំបង វត្តដំរីស និងវត្តកណ្តាលផងដែរ។ មហោស្រពក៏បានទទួលការគាំទ្រជាថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ, Chayda Logistics, អង្គការស៊ីប៉ា សមាគម​អក្សរសិល្ប៍ នូ ហាច អង្គការប៊ិកកម្ពុជា, The Coconut House Hotel & Restaurant, សមាគមអតីតនិស្សិត ASPECA, ក្រុមហ៊ុន ពាណិជ្ជ សូលូសិន ក្រុមហ៊ុនថ្នាំពណ៌ជាតិ Campaint និងអ្នកឧបត្ថម្ភជាច្រើនរូបទៀត ដូចជា៖ ឯកឧត្តម វ៉េង សិរីវុឌ្ឍ, លឹម ប៉េងឃុន, ហ្ចច ឈីហ្កាស, ហែម គិមអេង, សុខ ចាន់ស៊ីនួន, និងសប្បុរសជនជាច្រើនទៀតដែលសុំមិនបញ្ចេញឈ្មោះ។

សម្រាប់​ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival ឬ ទាក់ទងលោក សួង ​ម៉ាក់ តាមរយៈទូរស័ព្ទលេខ ០៧០ ៧៧៨ ១៥៣ ឬ អ៊ីម៉ែល [email protected]