
លោកអ្នកពិតជាបានស្គាល់ជាក់ជាមិនខាននូវ តារាសម្ដែងវ័យចំណាស់មាឌល្អិត ពោរពេញដោយវ៉ោហា លោកយាយ ផល្លា ដែលជារឿយៗ លោកយាយតែងតែមានវត្តមាននៅក្នុងការសម្តែងខ្សែភាពយន្ត វីដេអូកំប្លែង និងវីដេអូខ្លីៗបែបអប់រំជាដើម។
ប៉ុន្តែស្រាប់តែថ្មីៗនេះ វត្តមានរបស់លោកយាយ បានលេចឡើងតាមរយៈវីដេអូរបស់កម្មវិធី ជីវិតតារាកម្ពុជា របស់លោក អឹម ជីវ៉ា ព្រមជាមួយទឹកភ្នែករលីងរលោង ត្បិតអីជីវិតរបស់ តារាសម្តែងវ័យចំណាស់រូបនេះ កំពុងជួបបញ្ហាទីទាល់បំផុត ដាច់លោកយាយចិត្តកាត់ខ្មាស់ មកសុំជំនួយពីកម្មវិធីរបស់លោក អ៊ឹម ជីវ៉ា ព្រោះថាលោកយាយពុំមានថវិកា ក្នុងការបង់ថ្លៃផ្ទះអស់រយៈពេលជាង ៣ខែ មកហើយ ខណៈម្ចាស់ផ្ទះបានចាក់សោមិនឲ្យលោកយាយចូលផ្ទះឡើយ។
បើតាមសារបង្ហោះ ព្រមជាមួយរូបថតមួយចំនួន នៅលើគណនីហ្វេសបុក របស់លោក អ៊ឹម ជីវ៉ា បានសរសេររៀបថា “ សូមជួយស៊ែរផងអាណិតតារាសម្ដែងអ្នកមីងផល្លាណាស់ ត្រូវម្ចាស់ផ្ទះចាក់សោមិនអោយចូលដោយសារអត់បង់ថ្លៃផ្ទះអោយគេ ប៊ិះនិងលោតទឹកសម្លាប់ខ្លួន។! អ្នកមីង ផល្លាគឺជាតារាសម្ដែងជើងចាស់ ដែលទទួលបានការគាំទ្រពីទស្សនិកជន ដោយអ្នកស្រី តែងតែថតខ្សែភាពយន្តជាច្រើនរឿងរាប់មិនអស់ ដោយដើរតួជាម្តាយ មេដោះ អ្នកបំរើ យាយ អក។ល។ អ្នកមីងផល្លា តែងតែដើរថតកុនជួយគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះមានផលិតកម្មខ្លះមិនបើកអោយអ្នកមងផង តែមីងផល្លារមិនហ៊ានទាទេខ្លាចគេលែងហៅថត សុខចិត្តដើរខ្ចី និងសុំពីមិត្តសិល្បៈពេលទៅថតម្តងៗ ។ អ្នកមីងផល្លា រាល់ថ្ងៃជួលបន្ទប់គេនៅជាមួយកូននៅម្តុំផ្សារកណ្តាលជាន់ទី៣ ដោយអ្នកស្រីមានជីវភាពក្រីក្រខ្វះខាត និងមានជំងឺ រហូតកាលពីម្សិលមិញអ្នកស្រីមកដល់ផ្ទះខ្ញុំបាទ ហើយស្រែកយំរៀបរាប់ទាំងទឹកភ្នែក ដោយអោយជួយផ្សព្វផ្សាយ និងជួយដល់គាត់ផង ។ ក្នុងឱកាសនោះដែរ ក៏មានការឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ព្រមទាំងក្រុមគ្រួសារ ចំនួន២០០$ ផងដែរ ។ អ្នកស្រីផល្លាបានថ្លែងអំណរគុណដល់លោកឧកញ៉ានិងលោកជំទាវទាំងទឹកភ្នែកដែលបានជួយអ្នកស្រីនៅពេលអ្នកស្រីប៊ិះនិងផុតដង្ហើម ។ ដោយក្តីគោរព: អឹម ជីវ៉ា
បើក្រឡេកទៅមើល សារ Comment ឆ្លើយតបវិញ ក៏មានមិត្តអ្នកគាំទ្រ ព្រមទាំងមហាជននានា មានសេចក្ដីអាណិតអាសូរ លោកយាយ ផល្លាជាខ្លាំង។ ត្បិតអី លោកយាយមានវ័យកាន់តែចាស់ ហើយមានជម្ងឺជាប់ប្រចាំកាយទៀត តែលោកយាយនៅតែលះបង់កម្លាំងចិត្ត កម្លាំងកាយនៅក្នុងអាជីពសិល្បៈ ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជន សម្រាប់ប្រជាជាតិខ្មែរ ព្រោះថានេះជាក្តីស្រលាញ់របស់លោកយាយពិតៗ។
អត្ថបទដោយ៖ Vincent