
ថ្មីៗនេះ មានការលើកឡើងនានាទាក់ទងនឹងល្ខោនខោល។ ឮថាថៃគេមានទម្រង់ល្ខោននេះដែរ ហើយប្រុងស្នើដាក់ជា…
ខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងថា ហេតុអ្វីម្នាក់ៗបានតែស្រែកក្ដែងៗថា ស្រលាញ់ជាតិ ការពារសម្បត្តិវប្បធម៌ ទាំងដែលមិនបានចូលរួម…? ខ្លះបន្ទោសក្រសួងពាក់ព័ន្ធថា យ៉ាងនេះ យ៉ាងនោះ ជាដើម តែខ្លួនម្នាក់ៗវិញបែរជាមិនដឹងអ្វីទាក់ទងនឹងល្ខោនខោលនេះទៅវិញ។ នេះអាចរួមទាំងខ្ញុំដែរ…។ តោះមកយល់ដឹងពីភាពខុសគ្នារវាងទម្រង់ល្ខោនទៅតាមតំបន់ខាងក្រោមនេះ៖
១-ទម្រង់ល្ខោនខោលនៅឯវត្តស្វាយអណ្ដែត
ជាទម្រង់ល្ខោនដែលត្រូវបានសម្ដែងប្រចាំឆ្នាំ ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ។ តាមប្រពៃណីនិងទំនៀមទម្លាប់តមកដល់បច្ចុប្បន្ននេះ គេតម្រូវឲ្យមានការប្រារព្ធធ្វើពិធីសំពះគ្រូមុននឹងចេញសំដែង។ ជានិច្ចកាល គេតែងសម្តែងឈុត«កុម្ភៈការទប់ទឹក» ដែលជាជំនឿសុំទឹកភ្លៀងនៅរដូវរាំងភ្លៀង ដើម្បីឲ្យយក្សទម្លាយទំនប់ទឹកមកស្រោចស្រង់ដំណាំរបស់ប្រជាជន។ ទម្រង់ល្ខោនខោលនៅឯវត្តស្វាយអណ្ដែតមានលក្ខណៈខុសគេបន្ដិចដោយសារតែតួសម្ដែងពុំមានពាក់មុខអ្វីនោះឡើយ គ្រាន់តែពាក់ម្កុដហើយចេញសម្ដែងតែម្ដង។ លក្ខណៈរបស់ល្ខោននៅទីនេះតម្រូវឲ្យតួសម្ដែងទាំងអស់ជាមនុស្សប្រុស ដោយតម្រូវឲ្យបុរសដើរតួជាមនុស្សស្រី។ គេយករ៉ាវ(ឬស្សីមួយដើមធំហើយរឹងមាំ) ច្នៃដើម្បីឲ្យតួអង្គអង្គុយសម្រាប់ជំនួសរាជបល្ល័ង្គ ដុំថ្ម ឬកៅអីជាដើម។
២-ទម្រង់ល្ខោននៅខេត្តកំពង់ធំ
ទើបតែកើតនៅក្រោយឆ្នាំ១៩៧៩ ដោយតួអង្គសុទ្ធសឹងតែជាមនុស្សស្រី មានតែតួអង្គយក្ស និងស្វាទេ ដែលជាមនុស្សប្រុស។ ប៉ុន្ដែក្រោយពីឆ្នាំ១៩៩០មក ទម្រង់ល្ខោននេះបានវិរដ្ដមកសម្ដែងជាមនុស្សប្រុសទាំងអស់វិញ។ រយៈពេលនៃការសំដែងរបស់ល្ខោនខោលមួយនេះយ៉ាងយូរបំផុត គឺត្រឹមមួយម៉ោង ពីព្រោះថាតួអង្គសម្ដែងទាំងអស់ត្រូវពាក់មុខ និងប្រើកម្លាំងជាច្រើនក្នុងការសម្ដែង ដែលធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម។ ដោយសារតែកង្វះខាតក្នុងការទិញសម្ភារៈរបស់ល្ខោននេះ គេក៏បានយកដីឥដ្ឋមកច្នៃជាមុខមាត់ផ្សេងៗ ដោយសារមុខរបស់តួអង្គនីមួយត្រូវចំណាយប្រាក់កាសច្រើនពេក។
៣-ទម្រង់ល្ខោនខោលនៅភ្នំពេញ
ជាទម្រង់ល្ខោនខោលចម្រុះ ឬក៏ការផ្គួបគ្នាពីក្បាច់វាំង វត្តស្វាយអណ្ដែត និងបាត់ដំបង។ ការច្នៃបែបបទទម្រង់ថ្មីៗ ដោយតម្រូវឲ្យតួអង្គអង្គុយតាមឋានៈពីធំទៅតូច មានក្បួនច្បាប់ និងការតុបតែងច្នៃនៅក្នុងឈុតសម្ដែង ដោយវគ្គជិះពពកហោះ ច្នៃឲ្យមានពពក បើនៅក្នុងព្រៃត្រូវមានការតុបតែងឲ្យដូចក្នុងព្រៃ។ ល្ខោនខោល កំពុងតែប្រឈមមុខទៅនឹងការបាត់បង់ហើយនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនគេសម្ដែងគ្រាន់តែជាទស្សនីយភាពតែប៉ុណ្ណោះ មិនមែនជាអាជីពនោះឡើយ។ ភាគច្រើនជាសិស្ស និងអ្នកធ្វើការផ្សេងៗដោយឆ្លៀតពេលទំនេរមកហាត់ជាការកម្សាន្ដ និងដើម្បីស្គាល់ពីល្ខោនខោលប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសំដីលោកគ្រូល្ខោនខោលភ្នំពេញ ហង់ ភូមរ៉ា(បងលូ) បានមានប្រសាសន៍ថា «នាពេលបច្ចុប្បន្ននេះមានសិស្ស និងនិស្សិតមកពីគ្រប់ស្ថាប័នសិក្សាមកចុះឈ្មោះចូលរៀន និងហាត់សម្ដែង វាជារឿងដែលប្រសើរមួយដែលយុវជនបានងាកមកចាប់អារម្មណ៍នឹងវប្បធម៌របស់ខ្លួន»។ យុវជនគួរតែយកចិត្តទុកដាក់ និងចាប់អារម្មណ៍នឹងវប្បធម៌របស់ខ្មែរឲ្យបានកាន់តែច្រើនឡើង ពីព្រោះថានៅពេលបច្ចុប្បន្ននេះ យុវជនមួយចំនួនមិនបានស្គាល់ច្បាស់ពីល្ខោនខោលរបស់យើងឡើយ ជួនកាលច្រលំល្ខោនខោលជាមួយរបាំបុរាណខ្មែរទៅវិញ នេះបើយោងទៅតាមសំដីរបស់បងលូ។
ក្នុងនាមជាយុវជនខ្មែរ យើងគួរតែចូលរួម និងចំណាយពេលជាមួយសិល្បៈបុរាណខ្មែរឲ្យបានច្រើន ពីព្រោះថាវាពិតជាសំខាន់ណាស់សម្រាប់កូនខ្មែរគ្រប់រូបឲ្យស្គាល់ពីអត្តសញ្ញាណជាតិ និងប្រពៃណីវប្បធម៌របស់ខ្លួន។ ប្រសិនណាបើខ្លួនយើងជាជាតិសាសន៍ខ្លួនឯង មិនស្គាល់ពីសម្បត្តិជាតិរបស់ខ្លួនឯងផង តើធ្វើយ៉ាងណាទើបឲ្យជាតិសាសន៍ដទៃ៕