អ្នកលេងបណ្ដាញសង្គមបន្ដរិះគន់ អាចារ្យធំ និងគ្នីគ្នា បន្ថោកតម្លៃសិល្បៈល្ខោនខោលខ្មែរ

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា អាចារ្យធំ និង តាន់ គឹមសួរ បានស្លៀកសម្លៀកបំពាក់ក្នុងទម្រង់ល្ខោនខោលខ្មែរ នាំគ្នាលុតជង្គង់នៅមុខព្រះបរមរាជវាំង ដើម្បីទាមទារការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយស្ពាយបដាមានសរសេរពាក្យថា «សូមថែរក្សាពួកយើងផង ពួកយើងមិនចង់ឃ្លាតឆ្ងាយពីអ្នកទេ» ។ ទង្វើនោះ ត្រូវបានអ្នកបណ្ដាញសង្គមជាច្រើនប្រតិកម្ម និងធ្វើការរិះគន់មិនសំចីថ្វីមាត់ថា ជាការបន្ទាបបន្ថោកតម្លៃសិល្បៈល្ខោនខោលខ្មែរ ដែលខ្លួនជាម្ចាស់ ពោលគឺ ហាក់បីដូចជាសុំទាន ដើម្បីឱ្យល្ខោនខោលរស់ ដោយមិនបានប្រើវិធីដោះស្រាយ ឬផ្សព្វផ្សាយក្នុងរូបភាពល្អប្រសើផ្សេងៗទៅវិញ។

ជាក់ស្ដែងមានអ្នករបាំបុរាណ បានលើកមតិឡើងក្រោយបានឃើញទង្វើនោះថា « មើលហើយពិចារណាខ្លួនឯងទៅ… ពេលខ្លះគេនិយាយថាគេខំធ្វើហើយខុសទៀត មិនខុសទេតែគួររកវិធីផ្សព្វផ្សាយណាដែរល្អជាងនេះ.. គួរតែរកដំណោះស្រាយ មិនមែនទម្លាក់កំហុសឲ្យគ្នាទេ ។ 1 -បើជិតខាងគេឃើញសួរថាខ្មាស់គេអត់ ? 2 -គេលួចគេចំលងសំរាប់ខ្ញុំមិនសំខាន់ អ្វីយើងថែរក្សានូវអ្វីដែរជារបស់យើង។ សម្រាប់ខ្ញុំរៀងអន់ចិត្ត បន្តិចពេលឃើញរូបមួយសន្លឹកនេះ »។

អ្នកលេងបណ្ដាញសង្គមខ្លះទៀត បានបញ្ចេញមតិរិះគន់ខ្លាំងថា បង ! ពេលនេះពួកសៀមវាកំពុងតែមើលងាយប្រជាជនខ្មែរយើងយ៉ាងខ្លាំង ហើយរូបភាពបែបនេះបើមានអ្នកចែកចាយឃើញដល់វា វាហ្នឹងនិយាយថាល្ខោនខោលយើងសុំទាន បើអាចលុបចេញទៅបងសុខចិត្តឱ្យបងបង្កើតមូលនិធិដើម្បីជួយទ្រទ្រង់ពួកគាត់ ហើយសូមណូមពរឱ្យខ្មែរយើងជួយជាថវិកាវិញល្អជាងណាបង។ នៅមានមតិជាច្រើនទៀត ដែលបានបញ្ចេញការរិះគន់ពេញបណ្ដាញសង្គម។

ជាអកុសល នាយ តាន់ គឺមសួរ ពិតមិនបានទទួលការរិះគន់នោះឡើយ បែរជាតបមកវិញថា «សំអាងទៅលើរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គម កុំទាន់អាលរិះគន់ជេរប្រមាថដោយមិនសំចៃមាត់ និងកុំទាន់អាលវាយតម្លៃថាពួកយើងកំពុងតែបន្ទាបបន្ថោកវប្បធម៌ដ៏ល្អប្រពៃដែលបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ដូនតាអី អ្វីគ្រប់យ៉ាងនឹងធ្វើការបង្ហាញក្នុងវីដេអូឆាប់ៗនេះ សូមចាំទស្សនាទាំងអស់គ្នា (ខ្មែរមួយចំនួនចូលចិត្តធ្វើខ្លួនជាអ្នកចេះដឹងខុសរបៀប) »។

ការសម្ដែងល្ខោនកម្សត់របស់ អាចារ្យ ធំ និង តាន់ គឹមសួរ មិនបានធ្វើឱ្យមហាជនរំងាប់អារម្មណ៍ខឹងសម្បានោះទេ ពោលគឺកាន់ឆេះកំហឹងឡើងៗ។ លើសពីនេះទៅទៀត មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានបញ្ជាក់ថា ជនទាំងពីររូបនេះ បានប្រើប្រាស់ខ្សែក្រវាត់របស់សៀម ទាំងខ្លួនបានដៀលសៀមកប់ៗមាត់ ដែលជាការផ្សព្វផ្សាយឱ្យសៀមទៅវិញ។ គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ អ្នកទាំងពីររូបនេះ នៅតែបន្ដជំហរនៅលើហ្វេសប៊ុក ឱ្យគេដឹងថា ខ្លួនមិនបានខុសអ្វី និងគ្មានយោបល់ចំពោះការរិះគន់ឡើយ នឹងទទូចឱ្យមហាជនរង់ចាំទស្សនាវីដេអូដែលគ្នីគ្នាខ្លួនកំពុងផលិតលើកស្ទួយល្ខោនខោលទៅវិញ។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាទៅវិញ?