សហភាពអឺរ៉ុប (EU) លើកទឹកចិត្តឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហម ហ៊ាននិយាយការពិត ដើម្បី.. [វីដេអូ]

សហភាព​អឺរ៉ុប (EU) បាន​ចូលរួម​គាំទ្រ​ដល់តុលាការ​ខ្មែរក្រហម ឬអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) ចាប់តាំង​ពី​ឆ្នាំ ២០០៦ មកម្ល៉េះ។ គោលដៅ​ចម្បង​នៃ​ការ​គាំទ្រ​របស់​ EU គឺ​ដើម្បីស្វែងរកការពិត ផ្ដល់​យុត្តិធម៌ និង​ដើម្បី​ផ្ដល់សិទ្ធិ​សេរីភាពដល់​ជន​រងគ្រោះ និង​អ្នក​ដែល​នៅរស់រាន​មាន​ជីវិត ជា​ពិសេស​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដែល​ប្រជាជន​កម្ពុជាបាន​បាត់បង់​កាលពីរបប​ខ្មែរ​ក្រហម។

សហភាព​អឺរ៉ុប​ រួមគ្នាជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ជឿជាក់ថា ការស្វែងយល់ពីអតីតកាល និងការនិយាយពីអតីតកាល គឺជា​មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងអនាគតដ៏ល្អប្រសើរ ពោល​គឺ​នៅ​ពេល​មាន​នរណាម្នាក់ ហ៊ាន​និយាយប្រាប់ពី​រឿង​ពិតរបស់គេ នឹង​មាន​ប្រជាជន​រាប់​ម៉ឺន​នាក់​ផ្សេងទៀត ហ៊ាន​និយាយដែរ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ EU បាន​ផលិត​ខ្សែ​វីដេអូ​ខ្លី​មួយ ដែល​លើក​ទឹកចិត្ត​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ហ៊ាន​និយាយ​​រឿងរ៉ាវ​និង​បទពិសោធន៍​របស់​ខ្លួនក្នុង​របប​ខ្មែរក្រហម​​ នៅ​លើ​គណនី​ហ្វេសប៊ុក។ ការ​ធ្វើ​បែបនេះ គឺ​​ដើម្បីជួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀត ហ៊ាន​និយាយ​ការ​ពិត​ដូច​គ្នាដែរ។ ខ្សែ​វីដេអូ​ដដែល ក៏បាន​ស្នើ​ឲ្យ​ប្រិយិមត្ត​​ Tag ទំព័រ​ហ្វេសប៊ុក​របស់ EU និង​សាលា​ក្ដី​ខ្មែរ​ក្រហម ពោល​គឺ @eu.cambodia និង @krtribunal ផងដែរ។

សហភាពអឺរ៉ុប ផ្តល់មូលនិធិដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីស្វែងរកការពិត និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម។ រួមគ្នាជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) យើង​ជឿជាក់ថាការស្វែងយល់ពីអតីតកាល និងការនិយាយពីអតីតកាល គឺជា​មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងអនាគតដ៏ល្អប្រសើរ។