
ភ្នំពេញ៖តារាចម្រៀងនិងជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន លោក ករុណា ពេជ្រ កាលពីយប់មិញបានជួបរឿងស៊យរហូតធ្វើឲ្យលោកភ័យស្ទើរព្រលឹងរត់បាត់ពីខ្លួនខណៈដែលកំពុងបើករថយន្តតាមផ្លូវទាំងកណ្ដាលអាធ្រាត្រហើយស្ងាត់ផងនោះក៏ស្រាប់តែមានជនមិនស្គាល់មុខគ្នា ៥ឬ៦នាក់បានឈរស្ទាក់ឲ្យឈប់រថយន្តក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ។
លោក ករុណា ពេជ្រ បានបញ្ជាក់ឲ្យដឹងថាគ្រាដែលលោកកំពុងបើករថយន្តហើយដល់កន្លែងស្ងាត់នោះស្រាប់តែមានមនុស្ស៥នាក់បានឈរស្ទាក់នៅមុខរថយន្តឲ្យលោកឈប់ប៉ុន្តែដោយសារបារម្ភពីសុវត្ថិភាពនោះខ្លួនក៏បានបើករថយន្តគេទើបធ្វើឲ្យពួកគេបានយកដុំថ្មគប់លើកញ្ចក់រថយន្តបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយ។ដោយសារជួបហេតុការណ៍បែបនេះទើបលោក ករុណា ពេជ្រ បានថ្លែងសារអំពាវនាវឲ្យមហាជនមានការប្រុងប្រ័ត្នខ្ពស់លើករណីនេះ។
តារាប្រុសលោក ករុណា ពេជ្រ សរសេររៀបភា្ជប់ជាមួយរថយន្តដែលរងការខូចខាតនោះថាថ្ងៃនេះខ្ញុំសូមចែករំលែកព័ត៌មាន ដែលជនឆ្លៀតឱ កាសគប់កញ្ចក់ឡានរបស់ខ្លួន ដើម្បីធ្វើសកម្មភាពនានា ពេលដែលមកដល់កន្លែងស្ងាត់ពេលយប់…។ ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយ័ត្ន អោយបានល្អ ព្រោះគ្រប់កាលះទេសះគ្រប់ទីកន្លែង និង គ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកា ពេលដែលយើងគ្រប់គ្នាខ្វះការប្រុងប្រយ័ត្ន និងនឹកស្មានមិនដល់…។
លោក ករុណា ពេជ្រ បន្តទៀតថានេះពិតជាសំណាងធំរបស់លោកហើយ ដែលជនឆ្លៀតឱកាសមានគ្នា៥នាក់ ស្ទាក់ឡានលោកអោយឈប់ដល់លោកអត់ឈប់ពួកគេក៏គប់ឡានលោកតែម្តងប៉ុន្តែលោកមិនឈប់នៅតែបន្តបើកទៅមុខរហូត។ ហើយក៏សំណាងដែលគប់មិនចំកន្លែងលោកបើក ហើយត្រូវតែកញ្ចក់ចំហៀងខាងក្រោយតៃកុងប្រសិនចំតួឡានវិញគឺរឹតតែចប់ហ្មង សរុបមកចុងក្រោយដូរកញ្ចក់អស់ ១០០ដុល្លារប៉ុន្តែព្រលឹងហោះទៅស៊ីព្រលិតបាត់ហើយ។
បន្ថែមពីលើនេះលោក ករុណា ពេជ្រ លើកឡើងដែរថាសារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់ ហើយមានហេតុការណ៍អ្វីកុំឈប់កន្លែងស្ងាត់អោយសោះ ហើយសូមប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះជនឆ្លៀតឱកាសមួយចំនួនតូច អាចឆ្លៀតធ្វើមកលើយើងបាន ពេលដែលយើងភ្លេចខ្លួនតែប៉ុណ្ណោះ។ ជុំវិញករណីនេះគេហទំព័រ Plus News នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះមិនទាន់អាចទំនាក់ទំនងសួរនាំបន្ថែមពីលោក ករុណា បាននៅឡើយទេ។
ដោយឡែកស្របពេលដែលលោក ករុណា ពេជ្រ បង្ហោះសារនេះដែរភ្លាមៗនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានថ្លែងសារអំពាវនាវដែរថាមួយរយៈនេះសំបូរករណីនេះណាស់ អាជ្ញារធរតាមតំបន់គួរពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋអោយបានច្រើនផង ។ បើឃើញព័ត៌មាន មានករណីកើតឡើងនៅតំបន់ណាអាជ្ញាធរតំបន់នោះគួរពង្រឹងនិងចុះសើបអង្កេតតំបន់នោះផង៕