ប្រវត្តិស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិតបេអាត រិចន័រ

លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ (ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ – ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨) ជា​វេជ្ជបណ្ឌិត​កុមារ និង​ជា​អ្នកលេង​សេ​ឡូ​ជនជាតិ​ស្វី​ស។ លោក​បាន​បង្កើត​មន្ទីរ​ពេទ្យ​កុមារ​ជាច្រើន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គាត់​ជា​អ្នកបង្កើត​​មូលនិធិ​គន្ធបុប្ផា និង​ជា​ប្រធាន​មូលនិធិ​នេះ​ផងដែរ។

វិជ្ជាជីវៈ

បន្ទាប់ពី​ទទួលបាន​សញ្ញាប័ត្រ​វេជ្ជសាស្ត្រ ជំនាញ​វេជ្ជវិជ្ជា​ខាង​ជំងឺ​កុមារ ក្នុង​ឆ្នាំ១៩៧៣ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ ធ្វើជា​ពេទ្យ​កុមារ នៅឯ​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​ហ្សូ​រិច(Zurich)។ ក្រោយមក នៅពេល​ធ្វើការ​ជាមួយ​កាកបាទក្រហម​ស្វី​ស លោក​ត្រូវបាន​បញ្ជូនមក​ប្រទេស​កម្ពុជា និង​បានធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៤ និង​ឆ្នាំ១៩៧។ មន្ទីរពេទ្យ​នេះ​ត្រូវបាន​ប្រសិទ្ធិភាព​នាម​ដើម្បី​ជាការ​ចងចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជា​ព្រះរាជ​បុត្រី​នៃ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ​ដែល​បាន​សោយ​វិលាល័យ​ក្នុង​ព្រះជន្ម​ក្មេង​វស្សា។ នៅពេលដែល​ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវបាន​បង្ខំចិត្ត​ចាក​ចេញទៅ​ប្រទេស​ស្វី​ស​វិញ និង​បន្តការងារ​នៅ​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​ហ្សូ​រ៉ិ​ច។

ក្នុង​ដំណើរ​អាជីព​ជា​វេជ្ជបណ្ឌិត និង ដោយមាន​ចំណាប់អារម្មណ៍​ខាង​តន្ត្រី​ផងដែរ​នោះ លោក​វេជ្ជបណ្ឌិត រិច​ន័​រ បាន​បង្កើត​តួអង្គ​មួយ​ហៅថា “Beatocello” (Beat គឺជា​ឈ្មោះ​របស់លោក និង Cello ជា​ឧបករណ៍​តន្ត្រី​សេ​ឡូ) ដែល​គឺជា​ការរួមបញ្ចូល​គ្នា​រវាង​សិល្បៈ និង​តួអង្គ​ត្លុក​កំប្លែង​កំពុង​លេង​សេ​ឡូ។ លោក​បាន​ដើរតួ​ជា​តួអង្គ “Beatocello” នេះ​ដើម្បី​ស្វែងរក​មូលនិធិ​ជូន​គន្ធបុប្ផា ព្រមទាំង​បាន​បោះពុម្ព​សៀវភៅ​កុមារ​ជាច្រើន​ដែល​ផ្អែកលើ “Beatocello” នេះ​ផងដែរ។

នៅ ខែធ្នូ ១៩៩១ រិច​ន័​របា​ន​ត្រឡប់មក​កម្ពុជា និង​បានឃើញ​ការបំផ្លិចបំផ្លាញ​បានកើត​ឡើងជា​បន្តបន្ទាប់ ដែលជា​លទ្ធផល​ពី​សង្គ្រាម។ លោក​ត្រូវ​បានស្នើ​សុំអោយ​បើក និង​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​ដោយ​រដ្ឋាភិបាល​កម្ពុជា។ លោក​រិច​ន័​រ បាន​ត្រឡប់មក​កម្ពុជា​ជា​ផ្លូវការ​វិញ និង​បង្កើត​មូលនិធិ​គន្ធបុប្ផា​នៅ​ខែមីនា ១៩៩២ ហើយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវបាន​បើកទ្វារ​ឡើងវិញ​នៅ​ខែវិច្ឆិកា ឆ្នាំ ១៩៩២ រហូតដល់​សព្វថ្ងៃនេះ មន្ទីរពេទ្យ​បាន​ពង្រីក​មាន​សាខា​ចំនួន​ប្រាំ​ផងដែរ។

តាមរយៈ​តួអង្គ “Beatocello” លោក​វេជ្ជបណ្ឌិត រិច​ន័​រ បាន​សម្ដែង​ស្វែងរក​មូលនិធិ​ដោយ​មិន​គិតថ្លៃ ក្នុងការ​ប្រគុំ​តន្ត្រី​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី៧នៅ​ខេត្តសៀមរាប។ ការសម្ដែង​រួមមាន​ការលេង​សេ​ឡូ និង​ថ្លែង​សុន្ទរកថា​ពី​បញ្ហា​សុខភាព​នៅ​កម្ពុជា។ គាត់​បាន​សុំ​ភ្ញៀវទេសចរក្មេងៗឲ្យ​បរិច្ចាគ​ឈាម និង​សុំ​ថវិការ​ពី​ភ្ញៀវទេសចរចំណាស់ៗ និង​សុំ​ទាំងពីរ​ចំពោះ​ភ្ញៀវទេសចរ ដែលមាន​អាយុ​ក្នុង​ចន្លោះ​នេះ។ ការងារ​មនុ​ស្សធ​ម៍​របស់លោក​ត្រូវបាន​គេ​ផលិត​ជា​ឯកសារ​ភាគ​យន្ត​ចំនួន៦គឺ “Bach at the Pagoda (1997)”, “the Beat Goes On (1999)”, “Depardieu goes for Beatocello (2002)”, “Money or Blood (2004)”, “15 Years of Kantha Bopha” (2007), “Beatocello’s Umbrella” (2012) និង​ក្នុង​ឆ្នាំ 2006 “Dr Beat and The Passive Genocide of Children”។

បច្ចុប្បន្ននេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​បុគ្គលិក​ចំនួន 2,400នាក់ ដោយ​មានតែ​លោក​វេជ្ជបណ្ឌិត រិច​ន័​រ និង​លោក​វេជ្ជបណ្ឌិត ដេ​នី​ស ឡូ​រ៉ង់ ដែលជា​ប្រធាន​រោគសាស្ត្រ​តែប៉ុណ្ណោះ ដែលជា​ជនបរទេស​ធ្វើការ​ក្នុង​មន្ទីរពេទ្យ។

លោក​វេជ្ជបណ្ឌិត រិច​ន័​រ ត្រូវបាន​ប្រសិទ្ធ​នាម​ជា “ជនជាតិ​ស្វី​ស​ប្រចាំឆ្នាំ” ក្នុង​ឆ្នាំ 2002។

មន្ទីរពេទ្យ គន្ធបុប្ផា

មន្ទីរពេទ្យ​ទាំង៥ ដែល​កសាង​ដោយ​លោក​វេជ្ជបណ្ឌិត រិច​ន័​រ និង​មូលនិធិ​គន្ធបុប្ផា​មាន​ទីតាំង​ស្ថិតនៅ​ទីក្រុងសំខាន់ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មន្ទីរពេទ្យ​ទាំងអស់​ផ្ដល់ជូន​នូវ​សេវា​សុខភាព​ដោយ​មិន​គិតថ្លៃ។ គន្ធបុប្ផា​ទី១, ទី២, ទី៤(បើក​ដំណើរការ​នៅ​ខែធ្នូ ឆ្នាំ២០០៥), ទី៥(បើក​ដំណើរការ​នៅ​ខែធ្នូ ឆ្នាំ២០០៧) មាន​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ និង​មន្ទីរពេទ្យ​ជ័យ​វ័រ្មន​ទី៧(គន្ធបុប្ផា​ទី៣) ស្ថិតនៅ​ខេត្តសៀមរាប។

មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​កន្លះ​លាន​អ្នក​ដោយ​មិន​គិតថ្លៃ​ក្នុងមួយឆ្នាំៗ ដោយមាន​កុមារ​ឈឺ​ធ្ងន់​ប្រហែល 100,000នាក់។ ជំងឺ​ភាគច្រើន​រួមមាន​រលាក​ស្រោមខួរ, គ្រុនចាញ់, គ្រុនឈាម, និង​គ្រុនពោះវៀន ហើយ​ភាគច្រើន​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ជំងឺរបេង ដែលជា​ឃាតករ​លេខ។ អត្រា​ការស្លាប់​ក្នុង​មន្ទីរពេទ្យ​គឺ​ទាប​បំផុត ១%។ លោក​វេជ្ជបណ្ឌិត រិច​ន័​រ បាន​បញ្ជាក់ថា​លើសពី ៨០% នៃ​ជំងឺ​កុមារ​នៅ​កម្ពុជា​ត្រូវបាន​ធ្វើបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

មូលនិធិ​របស់​មន្ទីរ​ពេទ្យ​ជាអាទិ៍​ត្រូវបាន​បរិច្ចាគ​ដោយ​ប្រជាជន​ស្វី​ស។ ការចំណាយ​ប្រតិបត្តិ​ការណ៍​ក្នុង​ឆ្នាំ២០០៦​ គឺមាន​ចំនួន ១៧លាន​ដុល្លា​សហរដ្ឋអាមេរិក។ ចាប់តាំងពី​ចាប់ផ្ដើម​មូលនិធិ​ពី​ឆ្នាំ ១៩៩១មក ថវិការ​ទទួលបាន​ពី​ការបរិច្ចាគ​គឺ ៣៧០លាន​ដុល្លា​សហរដ្ឋអាមេរិក៕

ប្រភព៖ Wikipedia