កំពូលតារាសម្ដែស្រី Fan Bingbing ត្រូវសមត្ថកិច្ចចាប់ខ្លួនជាមួយប្អូនប្រុស

តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា ខណៈនេះកំពុងតែកើតមានការជ្រួលច្របល់នៅក្នុងចង្កោមអ្នកគាំទ្រកំពូលតារាសម្ដែងស្រី Fan Bingbing វ័យ 36ឆ្នាំ ត្រូវបានចាប់ខ្លួន​រួមជាមួយប្អូនប្រុស ក្នុងករណីរំលោភបំពាន និងមិនព្រមបង់ពន្ធតាមការកំណត់

គួររំឮកដែរថា កន្លទៅមានព័ត៌មានមួយដែលរាយការណ៍ដោយពិធីករទូរទស្សន៍ចិន លោក Sui Ying Yuan ថា កំពូលតារាស្រីរូបនេះបានគេចវេះពន្ធ ទើបជាហេតុធ្វើឱ្យមន្ដ្រីខាងពន្ធដាររបស់ប្រទេសចិនធ្វើការស៊ើបអង្កេតលើរូបនាង និងប្រកាសឱ្យផ្អាកការងាររបស់នាងមួយចំនួន ចាប់តាំងពីចុងខែឧសភាមកម្ល៉េះ។ ចំណែកឯខាងក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងការសម្ដែងរបស់តារាស្រីរូបនោះបានធ្វើការបដិសេធថា Fan Bingbing មិនដែលចុះកិច្ចសន្យាណាមួយដែលធ្វើឱ្យដល់ថ្នាក់គេចវេះពីការបង់ពន្ធឡើយ ហើយខាងក្រុមហ៊ុនរីករាយសហការជាមួយសមត្ថកិច្ចគ្រប់ផ្នែកដើម្បីដោះស្រាយរឿងនេះ ហើយមានការខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានដែលបានចេញផ្សាយលឿនបែបនេះ។

គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មាន The Economic Observer ដែលបានចេញផ្សាយកាលពីថ្ងៃទី26 ខែកក្កដាកន្លងទៅបានរាយការណ៍ថា ក្រុមការងាររបស់តារាឯកស្រី Fan Bingbing ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសួរចម្លើយ។ រីឯប្អូនប្រុសរបស់តារាស្រីរូបនេះ កំពុងត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យធ្វើដំណើរចេញក្រៅប្រទេស និងសារព័ត៌មានមួយទៀតបានអះអាងថា ក្រុមគ្រួសាររបស់នាងបានបដិសេធមិនទទួលការសម្ភាស និងផ្ដល់ចម្លើយណាមួយជូនអ្នកគាំទ្រ និងអ្នកសារព័ត៌មានឡើយ៕