កញ្ញា ឌី សូនីតា ចេញមុខប្រតិកម្មចំពោះពិធីករថៃនិយាយប្រមាថប្រទេសកម្ពុជា

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលតារាសិល្បៈស្រី កញ្ញា ឌី សូនីតា បានចេញមុខប្រតិកម្ម និងវាយបកទៅកាន់ពិធីករថៃនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយសរសេរជាសាររៀបរាប់យ៉ាងវែងអ​ន្លាយ។
ដោយសារតែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា និង តារាសិល្បៈខ្មែរមួយចំនួន បានប្រតិកម្មចំពោះការអត្ថាធិប្បាយព័ត៌មានរបស់ពិធីករថៃ នៃស្ថានីយទូរទស្ស​ន៍ប៉ុស្ដិ៍ 1 ថៃ ដែលបានធ្វើការលើកឡើងនិងអះអាងថា នៅក្នុងផែនទីប្រវត្តិសាស្ត្រទាំង 3​ សម័យកាលធំៗ មាន សម័យអយុធ្យា សុខោទ័យ និង រតនៈកូស៊ីន មិនមានប្រទេសកម្ពុជា ព្រមទាំងបញ្ជាក់ថា ល្ខោនខោលក៏មិនមែនជារបស់ប្រទេសកម្ពុជា ទើបធ្វើឱ្យតារាស្រីរូបនេះ ទប់សម្ដីមិនបាន និងបង្ហោះសារតបតតែម្ដង។

តារាសំដែងពូកែសំដី កញ្ញា ឌី សូនីតា ក៏នៅមិនសុខដែរ ពេលលឺដំណឹងបែបនេះ ហើយធ្វើការបកស្រាយវាយបកទៅកាន់ពិធីករថៃនោះវិញចំៗតែម្តង។ កញ្ញា បានឲ្យដឹងថា « មិនចង់ជេអាមួយហ្នឹងទេ តែទ្រាំលែងបាន។
1 / អ្នកឯងថាល្ខោនខោលមិនមែនរបស់ថៃហើយក៏មិនមែនរបស់ខ្មែរ ថាវាជារបស់ឥណ្ឌា ចឹងអ្នកឯងចង់ដណ្តើមយកដាក់ជារបស់អ្នកឯងដែរធ្វើអី?
2/ អ្នកឯងលើកផែនទីមកថាសម័យអយុធ្យា គ្មានផែនទីខ្មែរហើយក៏គ្មានផែនទីថៃ ចង់សើចអោយអាយាស់មាត់ណាស់ហា ចុះអយុធ្យាហ្នឹង ជារបស់អ្នកណាគេហា? អ្នកឯងក៏ធ្វើភ្លេចហើយមកបន្លំឯកសារហើយថែមទាំងបង្រៀនប្រជាជនអ្នកឯងជាពិសេសក្មេងៗសិស្សសាលាថា វាជារបស់អ្នកឯង ទាំងបំពាន។ ខ្មែរមិនមានឈ្មោះព្រោះសម័យហ្នុងខ្មែរមិនមែនឈ្មោះកម្ពុជា គឺឈ្មោះ មហានគរ ហើយពួកហែងវៃយកទឹកដីខ្មែរម្តងតិចៗ ទើបពេលនេះទឹកដីខ្មែរសល់ប៉ុណ្ណឹង រហូតទាំងអង្គវត្តក៏ចង់បាន។ ដល់ពេលទៅមើលអយុធ្យា មានអក្សរខម ដែលជាអក្សរខ្មែរយ៉ាងច្បាស់ក្រឡែត ពួកហែងថាអក្សខមហ្នឹងជារបស់ហែងទៀត។ អារលាយ រលាយទាំងប្រទេសហែងម៉ងទៅ។ ខ្មែរស្លូតពេក ស្លូតរហូតដល់ថ្នាក់ចេះខាំតែសាសន៍ជាតិឯងទេ មិនហ៊ានខាំជាមួយគេទាំង ដែលការពិតយើងមិនបានខុស យើងមិនមែនជាចោរ។

3/ បើវាជារបស់ឥណ្ឌាមែន គេមិនមកអោយខ្មែរបានស្រួលៗចឹងទេ។ ហើយហែងក៏មិនខឹងខ្លាំងដល់ថ្នាក់ហ្នឹងដែរ អានរក។
4/ ទាំងអង្គវត្តក៏ដោយទាំងទឹកដីក៏ដោយ ពួកអ្នកឯងចុះក្នុងសៀវភៅប្រវត្តិសាសន៍របស់អ្នកឯងថាជារបស់ថៃ ដើម្បីអោយជនជាតិអ្នកឯងស្អប់ខ្មែរតាំងពីតូច ។ បង្រៀនជាតិសាសន៍ខ្លួនឯងទាំងបំភ្លៃ រួចចោះ មិនសរសេរដាក់កាពិត ថាអ្នកឯងជាចោរមកវៃយកទឹកដីខ្មែរកាលសម័យមហានគរ ហើយរួមទាំងអង្គវត្តផង? យីអានេះ គេដាក់ឈ្មោះថា សៀមរាប ប៉ុណ្ណាណីហើយនៅមិនភ្លឺភ្នែកទៀត គឺមានន័យថា កំចាត់សៀមបានឡើងដួលរាប អាប៉ាកាច់។ មានច្រើនទៀតតែខ្ជឹលឈ្លោះជាមួយអាល្ងើឯងណាស់ អោយហែងខឹងក្តៅក្រហាយសិនទៅ យ៉ាងណាក៏ខ្មែរបានឈ្នះល្ខោនខោលមកវិញដែរ »។

គួរបញ្ជាក់ផងដែរថា ការអត្ថាធិប្បាយព័ត៌មានរបស់ពិធីករថៃនោះ គឺនៅក្នុងកម្មវិធី « จั๊ด ซัดทุกความจริง » ដែលមានន័យថា ព័ត៌មានច្បាស់ពិត និងបានលើកយកប្រធានបទមួយមានចំណងជើងថា « โขน!ไม่ใช่ของใคร » គឺល្ខោនខូនមិនមែនជារបស់នរណា ! និយាយនៅក្នុងថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2018 ថ្មីនេះៗ។ រហូតមកទល់ពេលនេះ នៅមិនទាន់ឃើញមានការបកស្រាយ ឬឆ្លើយតបចំពោះប្រតិកម្មព័ត៌មាននេះ ពីខាងស្ថានីយទូរទស្សន៍ថៃមួយនេះ នៅឡើយទេ៕