មកដឹងពីអត្ថន័យពាក្យ « សៀមកុក» លើសិលាចារឹកប្រាសាទអង្គវត្ត ដែលធ្វើឱ្យកូនចៅសៀមគិតថា អង្គវត្តរបស់ខ្លួន

ស្ថិតនៅស្លាបទិសនិរតីនៃរោងទងទី៣ លើជញ្ជាំងខាងត្បូង មានចម្លាក់រៀបរាប់អំពីរឿងរ៉ាវប្រវត្តិសាស្រ្តរកងទ័ព របស់ព្រះបាទសូរ្យវម៌្មទី២។ ផ្ទាំងចម្លាក់ប្រមាណជាង ៩០ម៉ែត្រ នេះចាប់ផ្តើមបង្ហាញពីសវនាការរបស់ព្រះសូរ្យវម៌្មទី២ (ក្នុងសិលាចារឹកថា វ្រះបាទកម្រតេងអញ បរមពិស្ណុលោក) ជាមួយនាហ្មឺនសព្វមុខមន្រ្តីមុនពេលចេញច្បាំង ហើយបន្តដោយក្បួនទ័ពដោយមានមេទ័ពចំនួន ២១ ជិះលើដំរី។
ព្រះបាទសូរ្យរម៌្មទី២ ទ្រង់គង់លើដំរីទី១២ មានឆ័ត្រចំនួន១៥ លើព្រះអង្គ។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺក្រុមកងទ័ពជួរមុខគេបង្អស់នោះ គឺមានបង្ហាញក្នុងសិលាចារឹកថា “នេះគឺក្រុមស្យាំកុក និងពួកក្រុមនាំមុខ ស្យាំកុក”។
តើពាក្យស្យាំកុកនេះ មកពីណា? ជាក្រុមជនជាតិអ្វី? មានទំនាក់ទំនងអ្វីជាមួយនឹងអង្គរ?

បើយើងពិនិត្យលើសិលាចារឹក នៅជាប់ចម្លាក់ប្រវត្តិសាស្រ្ត១ផ្ទាំង ដែលរៀបរាប់ខាងលើ គឺវត្តមានពាក្យ ស្យាំកុក មាននៅពីរកន្លែង នៅខាងចុងគេនៃផ្នែកចម្លាក់ ឬអាចនិយាយបានថានៅក្នុងផែនទី១ នៃកងទ័ពរបស់ព្រះបាទសូរ្យវ៌ម្មទី២។
១-នៅជិតមេទ័ពលើខ្នងដំរី មានពាក្យចារឹក “នេះស្យាំកុក” ដែលបកប្រែជាភាសាខ្មែរសម័យទំនើបនេះថា “នេះគឺជាពួកស្យាមកុក”។
២-នៅជិតក្រុមពួកទាហានថ្មើរជើង ខាងមុខជើងដំរី មានពាក្យចារឹកថា “អ្នករាជកាយ្យភាតបមញ៌ជេងឈាលតនាំស្យាំកុក” ដែលប្រែជាភាសាខ្មែរថា “ក្រុមអ្នករាជការភាគប្រមាញ់ ជើងរហ័សនាំមុខ ស្យាមកុក”។

បើតាមប្រវត្តិសាស្រ្ត ព្រះរាជពង្សាវតារសៀម បានកត់សម្គាល់ថា ប្រវត្តិសាស្ត្រសៀម ទើបតែផ្តើមឡើងក្នុងឋានៈ ជាប្រទេសឯករាជ្យនៅស.តទី១៣ តែប៉ុណ្ណោះ។ ចំពោះប្រភពដើមកំណើតនៃការមកដល់របស់ប្រជាជនសៀម ឬតៃ នៅឥណ្ឌូចិន នៅក្នុងស្នាដៃដ៏សំខាន់មួយរបស់លោកហ្សកស៊ីដេស ឆ្នាំ​១៩៦២ ប្រជាជននានានៅជ្រោយឥណ្ឌូ-ចិន បានបញ្ជាក់យ៉ាងត្រឹមត្រូវថា ជនជាតិតៃ ទើប​តែបានចាប់ផ្តើមមានប្រវត្តិសាស្ត្ររបស់ខ្លួន នៅចុងសម័យអង្គរតែប៉ុណ្ណោះ ហើយពួកគេបានទទួលឥទ្ធិពលខ្មែរយ៉ាងខ្លាំង ក្នុងការបង្កើតខឿនវប្បធម៌របស់ពួកគេ ដែលជាអតីតអ្នកម្ចាស់ស្រុក។ ក្នុងសតវត្សបន្ទាប់ៗមក ពួកគេក៏បានច្បាំងឈ្នះលើខ្មែរ ហើយក៏កាន់កាប់ទឹកដីខ្មែរមួយភាគធំ។
តាមលោក ហ្សកស៊ឺដេស និងលោក អេម៉ូនីញ៉េ ដែលសុទ្ធតែជាអ្នកជំនាញប្រវត្តិសាស្រ្តខ្មែរសុទ្ធតែបានអះអាងថា ពួកស្យាមកុក នៅលើជញ្ជាំងប្រាសាទអង្គរ គឺជាបុព្វបុរសរបស់ក្រុមជនជាតិថៃនាពេលបច្ចុប្បន្ននេះ។
តាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ មីសែល ត្រាណេ ពាក្យស្យាមកុកនេះ ត្រូវបានឆ្លាក់លើប្រាសាទអង្គរវត្ត ក្នុងសម័យកាលមួយ ដែលខ្មែរមានឥទ្ធិពលដ៏ខ្លាំងក្លាអស្ចារ្យ។ នេះមិនមែនបានន័យថា ពួកសៀមទាំងនោះ ជាជនជាតិខ្មែរ ឬកុលសម្ព័ន្ធខ្មែរដើម ឬមន-ខ្មែរនោះទេ។ ប៉ុន្តែ អាចជាជាតិសាសន៍ចំណុះ ឬដែនសាមន្តរាជមួយរបស់អង្គរ។ ចំណុចដែលសំខាន់បំផុត គឺក្នុងក្បួនព្យុហ៍យាត្រានេះ ដែលធ្វើឡើងក្រោមព្រះភ័ក្ត្ររបស់ ព្រះបាទសុរិយាវរ្ម័នដ៏មានឫទ្ធិ នៃចក្រភពកម្ពុជទេសនេះ ដែលជាម្ចាស់នៃចក្រវាលទាំងមូល។ ក្រៅពីនេះកាលបើយើងមើលចម្លាក់ពួកស្យាមកុកទាំងនោះ គេនឹងមិនមានការភ្ញាក់ផ្អើលទេ បើបានឃើញ រូបរាងកាយរបស់មេទ័ព និងកងទ័ពរបស់សៀមទាំងនោះ សុទ្ធសឹងតែមានលក្ខណៈ ស្រដៀងនឹងជនជាតិចិន។ យ៉ាងណាមិញ ភាពខុសប្លែកនៃសម្លៀកបំពាក់របស់កងទ័ពសៀមទាំងនោះ ដែលវិចិត្រករបានបង្ហាញ ក៏លេចធ្លោរឡើង ក្នុងក្រសែភ្នែកទស្សនិកជន ជាប្រការបញ្ជាក់ឲ្យដឹងថា ពួកគេគឺជាជនជាតិអម្បូរថៃ-លាវ ដែលមានច្រមុះស្រួចដូចសត្វកុក។

តាមទស្សនៈរបស់លោក ចិត្ត ភូមិសាក់ អ្នកប្រវត្តិសាស្រ្ត និងជាតិពន្ធុវិទូ ជនជាតិថៃបានពន្យល់ពាក្យស្យាមកុក គឺសំដៅទៅលើក្រុមមនុស្សស្យាម ឬសៀម ឬពួកតៃ (ពួកចិនហៅពួកនោះថាសៀន ឬសៀន ឬស្សាន) ដែលមកពីតំបន់ទន្លេកុក (បច្ចុប្បន្ននេះនៅក្នុងស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ)។ ទន្លេកុកនេះអាចជាផ្នែក ឬខ្សែទឹកមួយ បែកពីទន្លេមេគង្គធំហូរកាត់តំបន់នោះ។ ព្រោះថាកាលពីសម័យបុរាណ ទាំងខ្មែរ និងថៃការហៅជនជាតិនីមួយៗគឺតែងភ្ជាប់ទៅនឹងតំបន់ ឬទន្លេដែលពួកគេនៅភ្ជាប់ជាមួយ។ អំណះអំណាងបញ្ជាក់មួយទៀតគឺការសង្កេតទៅលើការតែងកាយរបស់ពួកស្យាមកុកនេះគឺដូចគ្នានឹងពួកតៃនៅតំបន់ឈៀងរ៉ាយ ដែលប្រើប្រាស់តាមបែបចិន។ មានសំពត់ព្រែចិន និងមានចាក់ក្បាច់រំយោល ហើយមានពាក់ទំហ៊ូធំៗ នៅនឹងត្រចៀក។ ហើយបើពិនិត្យទៅកាលបរិច្ឆេទនៃអង្គរវត្ត គឺត្រូវនឹងកាលបរិច្ឆេទនៃការគ្រប់គ្រងក្រុមជនជាតិតៃ របស់ស្តេចត្រាញ់នៅតំបន់នោះឈ្មោះថាមេទ័ពឃុនចៀន។
និយាយរួមមក កងទ័ពស្យាមកុកនេះ គឺជាកងទ័ពរបស់មេទ័ពឃុនចៀន មកពីតំបន់ទន្លេកុកនោះឯង មកជួយច្បាំងនឹងកងទ័ពហ្លួងរបស់ព្រះបាទសុរិយាវរ្ម័នទី២។

សម្រាប់លោកប៊ែរណាត ហ្រ្គូសយ៉េ ដែលជាអ្នកស្រាវជ្រាវជនជាតិបារាំង បានពន្យល់ពីអត្ថន័យនៃពាក្យស្យាមកុកនេះថា ជាក្រុមមនុស្សទាសករ។ ពាក្យថា សៀម = ទាសករ មាននៅក្នុងសិលាចារឹកតាំងពីរាជព្រះបាទភវវរ្ម័នទី២ និងឥសានវរ្ម័នទី១មកម្ល៉ះ។

បើតាមភាសាសំស្រ្កឹត ពាក្យថា ស្យាម = ស្យាម៉ៈ ប្រែថាខ្មៅ ហើយថា កុក គឺសំដៅលើអ្វីដែលស្រួច របៀបដូចចំពុះ សត្វ (កុក)។ ពួកស្យាមនេះគឺជាក្រុមជនជាតិរស់នៅភាគឥសាននៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសតាមដងទន្លេមេគង្គ ហើយមានជំនាញក្នុងការប្រើប្រាស់សត្វដំរី និងអាចនិយាយជាមួយនឹងដំរីបានទៀត​ផង។ ពួកស្យាមនេះ អាចជាបុព្វបុរសរបស់ក្រុមជនជាតិគួយ សួយ ឬពួកសៀមភាគឥសាននាពេលបច្ចុប្បន្ននេះ ដែលរស់នៅតាមដងទន្លេមេគង្គរហូតទៅដល់ក្រុងវៀងច័ន្ទ។
ដោយសារតែនៅក្នុងសម័យនោះព្រះបាទសុរ្យវរ្ម័នទី២ ត្រូវដឹកនាំទ័ពទៅវាយនគរចាម៉្បា (ទីតាំង នគរដាយវៀត) ហើយត្រូវធ្វើដំណើរតាមភូមិសាស្រ្តទន្លេមេគង្គ ក៏បានប្រើប្រាស់ពួកស្យាមកុក ទាំងនោះដែលជាជនក្នុងស្រុកស្រាប់ជំនាញខាងទីតាំងភូមិសាស្រ្ត និងប្រើប្រាស់ដំរីឲ្យធ្វើជាទ័ពស្រួចក្នុងការវាយសត្រូវ។

បើតាមចម្លាក់នៅលើអង្គរនោះ គឺពួកស្យាមកុកនេះ នៅជួរខាងមុខ ហើយមានរូបរាងរឹងមាំរបៀបមនុស្សព្រៃសំបុរខ្មៅ និងជាពិសេសនៅលើក្បាលមានពាក់របៀបដូចជាចំពុះកុកស្រួចៗ ហើយមានមេទ័ពឈរបញ្ជានៅលើខ្នងដំរី។

ដោយឡែកលោកសាស្រ្តាចារ្យ សូរសក្តិ ប្រធានក្រុមស្រាវជ្រាវប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យសិល្បៈក្រុងបាងកក បានលើកឡើងស្រដៀង​នឹង​​លោកហ្រ្គូសយ៉េដែរថា ពួកស្យាមកុកនោះគឺជាបុព្វបុរសរបស់ក្រុមជនជាតិថៃភាគឥសាននៃប្រទេសថៃបច្ចុប្បន្ន រហូតដល់តំបន់កណ្តាលនៃក្រុងវៀងច័ន្ទបច្ចុប្បន្ន។ ថ្វីដ្បិតតែកាលពីពេលនោះពួកសៀម ឬស្យាមទាំងនេះ មិនទាន់មានជានគរឬរដ្ឋឯករាជ្យក៏ដោយ ក៏ប៉ុន្តែ ក្រុមអំបូរពួកនេះគឺត្រូវបានគេហៅទៅតាមក្រុមរស់នៅរបស់ពួកគេនោះឯង។ ពួកក្រុមខ្មែរដែលនៅក្នុងមហានគរច្រើនតែហៅពួកជនជាតិដែលនៅតាមតំបន់ដងទន្លេមេគង្គលើ ចាប់ពីភាគឥសានប្រទេសថៃ តំបន់ឡានឆាង (វៀងច័ន្ទ) រហូតទៅដល់ភាគខាងជើង នៃប្រទេសថៃ គឺពួកស្យាម ឬសៀមនេះឯង។

សរុបសេចក្តីមក បើទោះជាមានការបកស្រាយតាមបែបណាក៏ដោយ យើងអាចសន្និដ្ឋានរួមបានថា ពាក្យស្យាមកុក គឺពិតជាតំណាងឲ្យបុព្វការីជនរបស់ជនជាតិថៃសព្វថ្ងៃនេះមែន បើទោះជាកាលនោះ មិនទាន់ជារដ្ឋឯករាជ្យក៏ដោយ៕