ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានជួយជួសជុលសាលារៀន១ខ្នងមានសភាពទ្រុឌទ្រោម ជូនក្មេងៗឲ្យបានសិក្សារៀនសូត្រ

កំពូលតារាចម្រៀងល្បីមិនស្រកស្រុតជាងពីរទសវត្ស លោក ព្រាប សុវត្ថិ នៅតែមានសមត្ថភាពស្រូបយកភាពល្បាញល្បីឈរនៅលំដាប់កំពូលមិនធ្លាក់តំណែង ទោះបីពេលនេះលោកមានវ័យជ្រេរបន្តិចទៅហើយក្តី។ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានឈានដល់វ័យ ៤៤ឆ្នាំ ហើយជាពិសេសគេសង្កេតឃើញថាតារាប្រុសរូបនេះ និងក្រុមគ្រួសារមិនដែលមានរឿងរ៉ាវឈ្លោះប្រកែកគ្នាអ្វីឡើយមានតែភាពផ្អែមល្ហែមគួរឲ្យស្ងើចសរសើរ។

យ៉ាងណាមិញថ្មីៗនេះ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានប្រកាសថានឹងចំណាយថវិកាជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោមនិងធ្លុះធ្លាយនៅឯភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នេះបើយោងតាមប្រភពពីលោក ហេង ឡុង បានឲ្យដឹងថា៖

ក្នុងនាមខ្ញុំបាទជាអ្នកស្រុកកំណើតខេត្តព្រៃវែង សុំកោតសរសើរទឹកចិត្តរបស់បង ព្រាប សុវត្ថិ និងក្រុមគ្រួសារដែលចំណាយថវិកាជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោមនិងធ្លុះធ្លាយនៅឯ ភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បងប្រុសបានប្រាប់ថា ដំបូងគាត់ចុះទៅធ្វើអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ក៏ប៉ុន្តែនៅពេលដែលដឹងថាសិស្សានុសិស្សនៅសាលានោះខ្វះខាតបន្ទប់រៀន និងដំបូលធ្លុះធ្លាយ ទ្រុឌទ្រោម ទើបគាត់សម្រេចចិត្តបង្វែរថវិកានោះមកជួសជុលជូនវិញ។ សូមលើកទឹកចិត្តបង និងមិត្តភក្កិរបស់បងនៅឯប្រទេសអូស្ត្រាលី សូមបន្តសកម្មភាពមនុស្សធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ៕