សត្វទោចថ្ពាល់លឿង ១,២០០ក្បាល កំពុងត្រូវបានអភិរក្សនៅដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី: សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ​ជាង១២០០ក្បាល ត្រូវបាន​មន្ត្រី និង​ក្រុមមន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​រកឃើញ​កាលពីពេលថ្មីៗនេះ ព្រមទាំង​កំពុងធ្វើការ​អភិរក្ស​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ទោច​ថ្ពាល់​លឿង​ទាំង​នៅ​ប្រទេស​កម្ពុជា និង​សាកលលោក។

ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ឲ្យ​ដឹងថា ចំនួន​សត្វ​ទោច​ថ្ពាល់​លឿ​ង​​នេះ​មាន​ប្រហាក់ប្រហែលគ្នា​ធៀប​នឹង​ឆ្នាំមុន ហើយ​គេ​រំពឹងថា នឹងមាន​ការកើនឡើង​ទៀត​ទៅ​ថ្ងៃ​ខាងមុខ​បើ​ប្រជា​សហ គមន៍​ចូលរួម​អភិរក្ស និង​ការពារ​តំបន់​នេះ​ពី​ការកាប់​ឈើ​ខុសច្បាប់ ការ​រុករាន​ធ្វើ​ដី​កសិកម្ម និង​ការ​បរបាញ់​ខុសច្បាប់។

សត្វ​ទោច​ថ្ពាល់​លឿង​គឺជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក​ដែល​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។ គេ​ប្រទះឃើញ​វត្ដ​មាន​របស់​ទោច​ថ្ពាល់​លឿង​រស់នៅ​តំបន់​ភាគ​ខាងកើត​ទន្លេមេគង្គ​ដូចជា នៅ​ភាគ​ឦ​សាន្ដ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម​ភាគខាងត្បូង និង​ភាគខាងត្បូង​ប្រទេស​ឡាវ។

លោក សូត្រ វ៉ាន់​ឌឿ​ន ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​របស់​អង្គការ WCS បាន​និយាយ​​ថា៖«នេះ​ជា​ដំណឹង​ល្អ​មួយ​ក្រោយពី​មានការ​តាមដាន​រកឃើញ​ថា​ចំនួន​របស់​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​ដដែល។ សត្វ​ទោច​​ថ្ពាល់​លឿង​ប្រមាណ​ជាង១២០០ក្បាល​កំពុង​រស់នៅក្នុង​ដែល​ជម្រក​សត្វព្រៃ​កេវ​សីមា។ វា​ពិត​ជាមាន​សារៈសំខាន់​ក្នុង​​ការបន្ត​ការអភិរក្ស​ពួកវា​ដែលជា​ប្រភេត​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​លើ​សាកលលោក។ លោក​​បាន​បន្ថែមថា ចំនួន​របស់​ពួកវា​បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​ដោយសារ​ការ​រុករាន​ដី​ធ្វើ​កសិកម្ម និង​ការកាប់​ឈើ​ខុសច្បាប់។

សត្វ​ទោស​ថ្ពាល់​លឿង​ចូលចិត្ត​រស់​នៅលើ​ដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិត​ដោយ​ស៊ី​ស្លឹកឈើ និង​ផ្លែឈើ​ជា​ចំណីអាហារ និង​តែងតែ​បញ្ចេញ​សម្លេង​ឆ្លើយឆ្លង​គ្នា​បង្កើតជា​ចម្រៀង​យ៉ាង​គ្រលួច​នាពេល​ព្រឹក​ព្រលឹម។ ភ្ញៀវទេសចរ​អាចមក​ទស្សនា និង​ស្តាប់​សំនៀង​ដ៏​ពីរោះ​រណ្តំ​របស់​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​ជំរំ Jahoo Gibbon នៅ​សហគមន៍​អេកូ​ទេស​ចរណ៍​ធម្ម​ជាតិ​​អណ្តូង​ក្រឡឹង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី។ សត្វ​ទោច​​ឈ្មោល​មាន​រោម​ពណ៌​ខ្មៅ ហើយ​ថ្ពាល់​ទាំងសងខាង​មាន​ពណ៌​លឿង ចំណែក​សត្វ​ទោច​ញី​មាន​រោម​ពណ៌​លឿង​ស្លា​​ទុំ។ ពួកវា​មាន​ដៃជើងវែងៗ ហើយ​គ្មាន​កន្ទុយ​នោះទេ លើសពីនេះ​គេ​កម្រ​ឃើញ​សត្វ​ទោច​ចុះមក​ដី​ណាស់។ សត្វ​ទោច​​ថ្ពាល់​លឿង​ជា​ទម្លាប់​តែងតែ​រស់នៅ​ជា​ក្រុម​ចាប់ពី២ក្បាល​ទៅ៥ក្បាល។

លោក សូត្រ វ៉ាន់​ឌឿ​ន បាន​បញ្ជាក់ថា មេ​ទោច​ត្រូវ​ចំណាយពេល​ពពោះ​រយៈពេល ២១០ថ្ងៃ។ ក្រោយពី​កើតកូន​ហើយ​យ៉ាងហោចណាស់២ឬក៏៣ឆ្នាំ​ដែរ​ទើប​មេ​ទោច​ថ្ពាល់​លឿង​មានកូន​ម្ដងទៀត។ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​រូបនេះ​បាន​សង្កេតឃើញថា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អភិរក្ស​នេះ​បាន​យល់ដឹង​ច្រើន​ពីសារ​ប្រយោជន៍​របស់​ស​ត្វ​ព្រៃ ហើយ​ពួកគាត់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​អភិរក្ស​សត្វព្រៃ។ លោក​ក៏បាន​សំណូមពរ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​សត្វព្រៃ​គ្រប់​ប្រភេទ​ទាំងអស់គ្នា​ដោយ​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ៕

ដោយ: ហៃ សិរី