តារាសម្ដែង មាស សៀវប៉ាយ ស្ថិតក្នុងសភាពធ្ងន់ធ្ងរក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖តារា​សម្តែង​ប្រុស​លោក មាស សៀវ​ប៉ាយ គិត​មកទល់ពេលនេះ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ង​និង​សង្គ្រោះបន្ទាន់​ក្រោយពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​សម្ល​ប់​ស្តូកស្តឹង​ខណៈពេល​ចេញពី​ធ្វើការ​រត់​តុ នៅ​ក្លិប​កម្សាន្ត QKកាលពី​ថ្ងៃទី១២ ខែមករា ​ឆ្នាំ២០២០។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​បញ្ជាក់ថា​មកទល់​យ​ប់​នេះ​តារា​សម្ដែង មាស សៀវ​ប៉ាយ គឺ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ មិនទាន់​ដឹងខ្លួន​ទេ​ព្រោះ អាកា​រៈប្រកាច់ដង្ហក់ៗ ក្រោយ​គ្រោះថ្នាក់​ចរាចរ​បោក​ក្បាល​ហើយ​មាន​ឈាមកក ។លោក​បើកភ្នែក​លែង​ដឹង​អ្វី​ទាំងអស់ ម្ដងម្កាល​កន្ត្រាក់​ដៃជើង ដល់​ថ្នាក់​ពេទ្យ​យក​ខ្សែ​ចងដៃ​ចងជើង ដើម្បី​កុំ​អោយដាច់​អុកស៊ីហ្សែន​និង​ខ្សែ​សេរ៉ូម។

ប្រភព​បាន​បន្តថា​តារា​រូបនេះ​កំពុង​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាន់​ទី២ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ជីវិត​កូន​អត់​ម្ដាយ មានតែ​ឪពុក​ឈឺ​នៅ​កន្ទេល។ដូច្នេះ​សូម​មហាជន​និង​សប្បុរសជន​មេត្តា​ឧបត្ថម្ភ​ជួយ​ដល់​តារា​សម្តែង​ប្រុស​លោក មាស សៀវ​ប៉ាយ ផង។ដោយឡែក​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ម្នាក់​ដែល​អះអាងថា​ជា​បងស្រី​តារា​ប្រុស​រូបនេះ​បាន​បញ្ជាក់ដែរថា​ពេលនេះ​លោក មាស សៀវ​ប៉ាយ ស្ថិតក្នុង​សភាព​សន្លប់​មិនទាន់​ដឹងខ្លួន​នៅឡើយ ដោយ​លោក​មានការ​ប៉ះទង្គិច​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ដោយសារ​មាន​គ្រាំ​ក្បាល​និង​មាន​ឈាមកក។

ប្រភព​បន្តថា​នៅ​មិនទាន់​ដឹងថា​លោក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីតាំង​ណា​នៅឡើយ ខណៈដែល​លោក​ត្រូវបាន​គេ​ដឹងថា ក្រៅពី​សម្ដែង​គឺ​ធ្វើជា​អ្នករត់​តុ​និង​ទទួលភ្ញៀវ​នៅក្នុង​ក្លិប QK ស្ថិតនៅ​ម្ដុំ​ក្ដាន់​ពីរ ដោយសារតែ​ការសម្ដែង​ទទួលបាន​ចំណូល​តិច និង​មិនសូវមាន​ទីផ្សារ។ក្នុងពេល​ប៉ះគ្នាភ្លាមៗ ម៉ូតូ​បង្កហេតុ​ម្ខាង​ទៀត ត្រូវបាន​គេ​ឃាត់ទុក ប៉ុន្តែ​ក្រោយពេល​ចលាចល​រឿង​បញ្ជូន​លោក មាស សៀវ​ប៉ាយ ទៅកាន់​មន្ទីរពេទ្យ​ក៏​លួច​រត់​បាត់ ។

ចំណែកឯ​ម៉ូតូ​របស់​ភាគី​ជនរងគ្រោះ​លោក មាស សៀវ​ប៉ាយ បច្ចុប្បន្ន​ក៏ត្រូវ​បាន​ប៉ូលីស​យកទៅ​រក្សាទុក តែ​មិនទាន់​ដឹងថា​រក្សាទុក​នៅ​ខណ្ឌ​ណា​នៅឡើយ​ទេ ក្នុងពេល​គ្រួសារ​របស់លោក ស្ថិតក្នុង​ការបារម្ភ​លើ​ស្ថានភាព​របួស​របស់លោក​នៅឡើយ៕