
យុគសម័យថ្មី មានពាក្យថ្មីៗជាច្រើនដែលបានប្រើប្រាស់នៅក្នុងភាសាខ្មែរ ហើយពាសពេញបណ្ដាញសង្គមនានា ដែលធ្វើឱ្យមានការងឿងឆ្ងល់ពីសំណាក់ មនុស្សចាស់ គ្រូបង្រៀន និងក្មេងៗជាដើម។ ដោយឡែកគេបានគត់សម្គាល់មើលឃើញពាក្យ « ខប់ » ដែលនិយមប្រើប្រាស់ច្រើន តែពុំដឹងពីអត្ថន័យពិតប្រាកដ ដែលដឹងនោះគឺ ស្រដៀងទៅនឹងពាក្យ «កប់» ដោយគេបានឱ្យន័យថ្មីថា ល្អអស្ចារ្យ ខុសពីអត្ថន័យដើម។
តាមរយៈវចនានុក្រមសម្ដេចសង្ឃជួនណាត ពាក្យថា « កប់ » មានន័យថា កិ. បង្កប់ឱ្យលិចបាត់មើលមិនឃើញ។ គុ. ដែលលិចបាត់ទៅ។ តែបច្ចប្បន្ននេះ កប់ៗ មានន័យថា ឡូយ,អស្ចារ្យ, ល្អ ដែលយុវវ័យមិននិយាយថាឡួយ ល្អ ស្អាត ឬអស្ចារ្យ ។ រហូតដល់ កំលាយពាក្យទៅជា «ខប់ៗ» ជាពាក្យថ្មី បង្កើតឡើងដោយយុវវ័យដែលចូលចិត្តនិយាយលេងសើចជាមួយមិត្តភក្តិនៅតាមហ្វេសប៊ុក ឬតាមសាធារណៈជាដើម បានកើតចេញពីពាក្យ តែបែរជានិយាយថា «កប់ៗ» ឬ«ខប់ៗ»ទៅវិញ។ ឧទាហរណ៍៖ ថ្ងៃនេះ ឡូយកប់ ឬឡួយខប់តែម្តង ដែលមានសំណាងចាប់ឆ្នោតត្រូវបានទូរសព្ទដៃទំនើបមួយគ្រឿង។
មិនមែនមានតែពាក្យ ខប់ៗនោះទេ នៅមានពាក្យជាច្រើនទៀតដែលចាស់ៗមិនទាន់យល់ថាក្មេងៗសម័យឥឡូវចង់និយាយពីអ្វីឲ្យច្បាស់នោះទេ។ ពាក្យទាំងនោះមានដូចជា ឃ្យូតសន្លប់, ឃ្យូតកិប,ឃ្យូតណព្វ, លក់សណ្តែកដី, សាអាត(ស្អាត), ញ៉ុម(ខ្ញុំ), មិច(ម៉េច), យាយ(និយាយ),ហាន់នីប៊ូគូក, កប់លូ, ហាន់នីជប់ៗ, Bae, Bro and Sis ជាដើម៕