កវី ងួន សុបិន អ្នកនិពន្ធបទ “បិណ្ឌ​ភ្ជុំ​នឹក​ស្រុក” និយាយរឿងចាត់​វិធានការ​ផ្អាក​ឈប់ចាក់ចម្រៀងនេះ

បទ “បិណ្ឌ​ភ្ជុំ​នឹក​ស្រុក” ច្រៀង​ដោយ​លោក ម៉ៅ ហាជី ចេញ​លើ​ទីផ្សារ​តាំង​ពី​ប្រមាណ​ជាង​២​ឆ្នាំ​មុន ពោល​គឺ​តាំង​អ្នកនិពន្ធ នៅ​ជា​បុគ្គលិក​របស់​ថោន​ម្ល៉េះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​បាន​ចាក​ចេញ​ពី​ផលិតកម្ម​នេះ​ប្រមាណ ២​ឆ្នាំ​ហើយ។ បទ​នេះ ត្រូ​វបាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​​កាល​ពី​ម្សិលមិញ សុំ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចាត់​វិធានការ​ផ្អាក​ការ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ។

កវី ងួន សុបិន បានប្រាប់អ្នកសារព័ត៌មានថា “វា​ដូច​ជា​អត់​មាន​ប្លែក​ទេ​បង គាត់​គិត​តែ​មួយ​ជ្រុង…ខ្ញុំ​កំពុង​ឆ្ងល់​…ថា​តើ​សុំ​បិទ​រឿង​អី…ហើយ​បទ​ខ្ញុំ​ហ្នឹង​មិន​មែន​ទើប​នឹង​ចេញ​ទេ គឺ​ចាញ់​តាំង​យូរ​ហើយ បើ​ចង់​បិទ ក៏​មិន​បិទ​តាំង​ពី​យូរ ហេតុ​អី​ទើប​មក​ប្រតិកម្ម​ឥឡូវ​នេះ”។ សុបិន្ត បន្ត​ថា បទ​របស់​លោក មិន​សំដៅ​ជា​ទូទៅ​ទេ គឺ​គ្រាន់​ចង់​បង្ហាញ​រឿង​រ៉ាវ​ខ្លះ ដែល​ថា អាច​មាន​រោង​ចក្រ​ខ្លះ​បើក ខ្លះ​អាច​មិន​បើក​ប្រាក់​ខែ​ទាន់​ឲ្យ​កម្មករ​ប៉ុណ្ណោះ។

លោក ងួន សុបិន្ត ក៏បានបញ្ជាក់​ផងដែរថា លោក​មិន​សោកស្ដាយ​អ្វី​ឡើយ​ចំពោះ​ស្នាដៃ​របស់​លោក​មួយ​នេះ។ “មិន​ដឹង​សោកស្ដាយ​ធ្វើ​អី​ផង​បង ព្រោះ​វា​មិន​មាន​បញ្ហា​អី​ផង បទ​ចេញ​ពី​តាំង​យូរ​ហើយ គេ​អ្នក​ច្រៀង ក៏​គេ​ច្រៀង​រក​លុយ​បាន​ឆ្អែត​ហើយ ហើយ​គេ​ក៏​ស្គាល់​ច្រើន​ទៀត​ហើយ គាត់​ទើប​នឹង​មក​ប្រតិកម្ម អីចឹង​ស្ដាយ​ធ្វើ​អី!”៕់