ល្បីថា ក្នុងរដូវកាលកូវីដ-១៩ នេះ Aaron Kwok យល់ព្រមបញ្ចុះតម្លៃខ្លួនរហូតដល់ ៣០ភាគរយ?

ហុងកុង៖ កាលពីពេលថ្មីៗនេះ ធ្លាប់បានលេចឮនូវពាក្យចចាមអារ៉ាមមួយថា កំពូលតារាសម្ដែងហុងកុងលោក Aaron Kwok យល់ព្រមបញ្ចុះតម្លៃខ្លួន ៣០ភាគរយ ជាមួយផលិតកម្មថ្មីមួយ ដែលការចុះតម្លៃខ្លួននេះ ដើម្បីជួយទ្រទ្រង់វិស័យភាពយន្តក្នុងស្រុក ដែលម្ចាស់ផលិតកម្មកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារវីរុសកូវីដ-១៩ ។

ជាការពិតណាស់ កន្លងមកគេដឹងថា ម្ចាស់ពានតារាសម្ដែងល្អបំផុតខាងលើ ជាតារាម្នាក់ដែលតែងតែជួយជ្រោមជ្រែងលើវិស័យភាពយន្តក្នុងស្រុក ក្នុងគោលបំណងចង់ឲ្យរីកចម្រើនឡើងព្រមគ្នា ជាក់ស្ដែងក្នុងកាលៈទេសៈសង្គ្រាមនៃវីរុសកូវីដ-១៩ នេះ ស្រាប់តែឮពាក្យចចាមអារ៉ាមហែហូរមកថា លោក Aaron Kwok យល់ព្រមបញ្ចុះតម្លៃខ្លួន ៣០ភាគរយ ដើម្បីជួយគាំទ្ររឿងថ្មី ក្នុងផលិតកម្មថ្មីរបស់លោក Cheang Pou Soi ។

ទាក់ទងជាមួយគ្នានេះដែរ អ្នកចាត់ការផ្ទាល់របស់ Aaron Kwok បានបញ្ជាក់ឲ្យច្បាស់ដើម្បីកុំឲ្យមានការយល់ច្រឡំយ៉ាងដូច្នេះថា នៅមិនទាន់ប្រាកដទេដែលថា Aaron Kwok បញ្ចុះតម្លៃខ្លួន ៣០ភាគរយ ព្រោះពេលនេះ ភាគីទាំងពីរគឺ Aaron Kwok និង លោក Cheang Pou Soi កំពុងចរចាគ្នា រឿងថតភាពយន្ត និងរឿងតម្លៃខ្លួន ហើយក៏មិនមានសូមណូមពរណាមួយពីម្ចាស់ផលិតកម្មទៅលើការទាមទារឲ្យបញ្ចុះតម្លៃខ្លួន ព្រោះតែវិបត្តិសេដ្ឋកិច្ចដែរ ៕
ប្រភព៖ jaynestars