Nam Joo Hyuk ចាកចេញពីផលិតកម្ម YG Entertainment

កូរ៉េខាងត្បូង៖ Jam Joo Hyuk នឹងចូលរួមធ្វើការជាមួយ Gong Yoo, Suzy និងសិល្បករជាច្រើនទៀតនៅផលិតកម្ម Management SOOP បន្ទាប់ពីកុងត្រារបស់លោកត្រូវបានបញ្ចប់ជាមួយនឹងផលិតកម្ម YG Entertainment។

យោងតាមសេចក្ដីរាយការណ៍ផ្ដាច់មុខពីសារព័ត៌មាន Star News បានឱ្យដឹងថា កុងត្រារវាងលោក Nam Joo Hyuk និងផលិតកម្ម YG Entertainment បានផុតកំណត់កាលពីដើមខែមេសានេះ ហើយលោកនឹងមិនបន្តកុងត្រាថ្មីជាមួយនឹងផលិតកម្មឡើយ។ ផ្ទុយទៅវិញ លោកបានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម Management SOOP ។

ទន្ទឹមនឹងនេះដែរ ផលិតកម្ម Management SOOP បានបញ្ជាក់ថា តារាកូរ៉េប្រុសរូបនេះនឹងចូលរួមជាសមាជិកជាមួយនឹងតារាផ្សេងៗទៀតនៃផលិតកម្មរបស់ខ្លួន ហើយពួកគេនឹងគាំទ្ររាល់សកម្មភាពរបស់លោកនាពេលអនាគត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា លោក Nam Joo Hyuk បានបង្ហាញនូវមន្តស្នេហ៍ច្រើនវិស័យ ហើយលោកមានសមត្ថភាពក្នុងការធ្វើការងារយ៉ាងទូលំទូលាយ។ លោកគឺជាតារាមួយរូបដែលមានជំនាញច្រើនសម្រាប់បង្ហាញនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ផលិតកម្ម Management SOOP នេះក៏ជាផលិតកម្មដែលតារាប្រុសស្រីកូរ៉េល្បីជាច្រើនរូបទៀតដូចជា Gong Yoo, Gong Hyo Jin, Suzy, Kim Jae Wook, Seo Hyun Jin ។ល។ ធ្វើការ។ បច្ចុប្បន្ន Nam Joo Hyuk កំពុងត្រៀមខ្លួនថតរឿងភាគសម្រាប់ទូរទស្សន៍ tvN រឿង Start Up ជាមួយនឹង Suzy ផងដែរ៕

ប្រភព៖ koreaboo