ហេតុតែក្រ តារា​សម្តែង​ជើងចាស់ ម៉ែ ផល្លា ធ្លាក់​ខ្លួន​ឈឺ​គ្មាន​ប្រាក់​ព្យាបាល​អំពាវនាវ​ឲ្យ​មហាជន​ជួយ​សង្គ្រោះ​ជីវិត

ភ្នំពេញ​៖ តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី ផល្លា ឬ​ហៅ ម៉ែ ផល្លា ពេល​នេះ​បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់​តម្រូវ​ឲ្យ​ចូល​វះកាត់​នៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ដោយ​សារ​គ្មាន​លទ្ធភាព​នោះ​លោកស្រី​បាន​ត្រឹមតែ​រៀបរាប់​ទាំង​ទឹកភ្នែក​ដើម្បី​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន​ដើម្បី​សង្គ្រោះ​ជីវិត​ខណៈដែល​បច្ចុប្បន្ន​អ្នក​ស្រី​កំពុង​ជួប​ការ​លំបាក​ខ្លាំង​។

បើ​តាម​ការ​បង្ហោះ​នៅ​លើម្ចាស់​ Account Facebookឈ្មោះ ស្រេន វុធថា បាន​បញ្ជាក់​ភ្ជាប់​ជាមួយ​រូបភាព​របស់​តារា​សម្តែង​ជើង​ចាស់​រូបនេះ​ថា​តារា​សម្តែង​ជើង​ចាស់ ម៉ែ ផល្លា គាត់​សព្វថ្ងៃនេះ​មាន​ជំងឺ​ឆ្អឹង​ខ្នង​តម្រូវ​អោយ​វះកាត់​ ហើយ​ពុំ​មាន​ថវិកា​ក្នុង​​ការ​វះកាត់ ដែល​ត្រូវ​ចំណាយ​រហូត​ចំនួន​ ៥០០ដុល្លារ​។

ប្រភព​បាន​បន្ត​ថា​ពេល​ឈឺ​ម្ដង​ៗ​ធ្វើទុក្ខ​ឈឺចាប់​ពេញ​រាងកាយ​ហើយ​ពេល​នេះ​សិល្បៈ​ក៏​មិន​សូវ​រកចំណូល​បាន​គាត់​សូម​អោយ​បង​ប្អូន​ជួយ​ដល់​គាត់​ផង សូម​បងប្អូន​ជួយ​ដល់​គាត់​ផង​។ជា​ពិសេស​បងប្អូន​អ្នក​សិល្បៈ​សូម​កុំ​មើល​រំលង​គាត់​អី​ជួយ​ដល់​គាត់​ផង​នេះ​ ជា​លេខ​ទូរស័ព្ទរបស់ម៉ែផល្លា ៖០៩៦ ៧៧៧ ២៩ ៩០។

សូម​ជម្រាប​ថាតារាស្រីអ្នកស្រី ផល្លា គឺជា​តារា​សម្តែង​ជើងចាស់​ដែល​មាន​ការ​គាំទ្រ​និង​ប្រជាប្រិយ​ភាព​ច្រើន​។​ អ្នក​ស្រី ផល្លា បច្ចុប្បន្ន​មាន​វ័យ​៥៧​ឆ្នាំ​ហើយ​ក៏​ជា​អតីត​អ្នក​របាំ​បុរាណ​ម្នាក់​ផងដែរ​។ អ្នក​ស្រី​បាន​ផ្លាស់ប្ដូរ​មក​សម្តែង​ក្នុង​តួ​ជា​ម្តាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​៕