គូស្នេហ៍​ជាមន្រ្តី​ធំពាក់​ផ្កាយ២ ពេជ្រ សូលីកា បើកភ្លើងខៀវនៅហង្សមាស

បន្ទាប់ពីទទួលបានភ្លើងខៀវ ពីគូស្នេហ៍ជាមន្រ្តីយោធាពាក់ផ្កាយពីរលើស្មា បើកផ្លូវឲ្យចូលក្នុងវិស័យសិល្បៈ វិញរួចមក តារាចម្រៀងបែបយុវវ័យ មានទឹកមុខក្រមិចក្រមើម គួរឲ្យស្រឡាញ់ កញ្ញា ពេជ្រ សូលីកា បានបង្ហាញវត្តមានភ្លែតតែម្ដង ក្នុងផលិតកម្មរស្មីហង្សមាស ជាមួយនឹងអតីតតារារួមទ្រនំជាមួយគ្នា គឺលោក ណុប សម្បត្តិនីកូ ហៅនីកូ ដែលការបង្ហាញមុខនៅពេលនេះ គឺជាលើកទី២ហើយ សម្រាប់ ពេជ្រ សូលីកា នៅក្នុងទ្រនំហង្សមាស។

គេនៅចាំបានថា សម្រាប់តារាស្រីដែលទើបតែ មកលោតហក់ក្នុងវិស័យសម្ដែង និងចម្រៀងឡើងវិញ ពេជ្រ សូលីកា ធ្លាប់បានចូលជ្រកកោន នៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស ម្ដងរួចមកហើយ ប៉ុន្តែត្រូវហង្សមាស បញ្ឈប់ទាំងកណ្តាលទី កាលពីឆ្នាំ២០១០ ខណៈដែលបទចម្រៀងថតសម្តែង ជាមួយលោក ឆន សុវណ្ណរាជ បានចំនួន១វ៉ុល (Solo Album) មិនត្រូវបានផលិតកម្មនេះ បញ្ចោញឡើយ ពោលគឺរយៈពេលជាង៧ឆ្នាំមកនេះ។

អ្នកតាមដានសកម្មភាពសិល្បៈ បានឲ្យដឹងថា ទោះជាយ៉ាងណា ការឈានជើងមកជាន់ទឹកដីហង្សមាសសារជាថ្មី របស់ស្រីស្រស់មានសំណាងធំ មានគូស្នេហ៍ជាមន្រ្តីពាក់ផ្កាយ ពេជ្រ សូលីកា នាពេលនេះ នាងមិនទាន់ត្រូវបានហង្សមាស ប្រគល់ឲ្យថតបទចម្រៀងឡើងវិញនោះទេ ដោយរុញស្រីស្អាតនេះ ទៅថតភាពយន្តជាមួយតារាចម្រៀង នីកូ តាមរយៈរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» ដោយត្រូវប៉ះជាមួយរៀមច្បងសិល្បៈ គឺអ្នកស្រីឌី សាវ៉េត និងខាត់ សុឃីម ជាដើម៕