
កាលពីពេលកន្លងមក គេសម្គាល់ឃើញថា តារាចម្រៀងស្រីស្ថិតនៅក្នុងស្រទាប់យុវវ័យ ពេជ្រ សោភា តែងតែបង្ហោះរូបភាពផ្អែមល្ហែម និងបង្ហាញទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយគូស្នេហ៍ ដែលជាតារាសម្ដែងរួមសិល្បៈ លោក ឆឹម សក្កដា ជាហូរហែ នៅតាមបណ្ដាញអ៊ិនធឺណេត ហើយជាពិសេសនៅពេលធ្វើដំណើរទៅណាមកណាម្ដងៗ អ្នកគាំទ្រ តែងតែឃើញ លោក ឆឹម សក្កដា អមដំណើរ ជាមួយនឹងតារាស្រីរូបនេះ រហូតមក។ ដោយឡែក ស្រាប់តែមួយរយៈចុងក្រោយនេះ គូរស្នេហ៍ដែលធ្លាប់ល្អូកល្អិននឹងគ្នា ពេជ្រ សោភា និង ឆឹម សក្កដា ហាក់មានភាពប្រែប្រួល លែងសូវផ្អែមល្ហែម បង្ហោះរូបភាពកៀកកើយស្និទ្ធស្នាលនឹងគ្នា ដូចជាពេលមុនទៀត។ ក្រោមមូលហេតុមួយនេះធ្វើឲ្យទស្សនិកជន ដាក់ការសង្ស័យថា ស្នេហារបស់អ្នកទាំងពីរ គ្រាន់តែជាស្នេហាបន្លំភ្នែកទស្សនិកជន តែប៉ុណ្ណោះ។
ជាការពិតណាស់ លោក ឈឹម សក្កដា ធ្លាប់បានបង្ហើបថា ដោយសារតែរវល់ការងារសិល្បៈរៀងៗខ្លួន ធ្វើការប្រមូលលុយរៀបចំមង្គលការក្នុងពេលខាងមុខ ទើបលោកមិនសូវមានពេលជួប និងបង្ហាញការយកចិត្តទុកដាក់លើតារាស្រី ពេជ្រ សោភា នោះទេ។ យ៉ាងណាមិញ តាំងពីពេលនោះមក ចំណងស្នេហ៍របស់ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា កាន់តែមានភាពស្ងប់ស្ងាត់ជាងមុន ពោលគឺមិនសូវមានឱកាសបានមើលថែគ្នា ដូចជាពេលមុនឡើយ។ អ្វីដែលកាន់តែកត់សម្គាល់ មានប្រភពជិតស្និទ្ធនឹងលោក ឆឹម សក្កដា បានខ្សឹបខ្សែវតៗគ្នាថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ គ្រាន់តែជាការសាងស្នេហាក្លែងក្លាយ ដើម្បីលើកប្រជាប្រិយភាព របស់ លោក ឆឹម សក្កដា ឲ្យមហាជនស្គាល់ច្រើន ហើយគ្រាន់តែជាទំនាក់ទំនងស្នេហា ឆាកល្ខោន តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា គឺជាគូស្នេហ៍សិល្បៈដ៏ផ្អែមល្ហែម ដែលបង្ហាញក្ដីស្រឡាញ់គ្នា ទៅវិញទៅមក តាមរយៈការផ្ដល់ស្នាមថើបដ៏ផ្អែមល្ហែម នាទិវាបុណ្យក្ដីស្រឡាញ់ នៅលើឆាកប្រគំតន្រ្ដី មុខអ្នកគាំទ្រទៀតផង៕