មកដឹងត្រួសៗពីសាច់រឿង «កូនអើយម្ដាយខ្មោច» ដែលធ្វើឱ្យអ្នកទស្សនាទប់កៅអីមិនជាប់

ភាពយន្តរឿង«កូនអើយម្ដាយខ្មោច»បានទទួលការកោតសរសើរយ៉ាងខ្លាំងទាំងប្លង់ ទាំងសំឡេង ជាពិសេសគឺសាច់រឿងតែម្ដង ព្រោះថារឿងនេះ ត្រូវបានសម្រិតសម្រាំងប្លង់ចេញពីរឿងនិទានរបស់អ្នកនិពន្ធ ម៉ៃ សំណាង តែមហាជនខ្មែរធ្លាប់បានអានសាច់រឿងនៅក្នុងសៀវភៅរួចមកហើយ។ កាន់តែពិសេស ភាពយន្ដខ្នាតធំនេះក៏បានរំលេចខ្លឹមសារអប់រំដោយពាក្យកាព្យមួយចំនួន និងបង្កើតនូវរសជាតិគួរអោយទាក់ទាញក្នុងរឿងទាំងមូលផងដែរ។ ភាពយន្តនេះត្រូវបានរំពឹងថានឹងមានអ្នកគាំទ្រខ្លាំង ជាពិសេសសម្រាប់អ្នកត្រូវការភាពយន្តមួយដែលមានគុនភាព ហើយមានគំនិតចង់លើកស្ទួយវិស័យភាពយន្ត។

សូមជម្រាបថា ភាពយន្តមួយនេះសំដៅពីសង្គមខ្មែរមួយក្នុងអំឡុងឆ្នាំ១៩៨០ ដោយស្វាមីត្រូវស្លាប់ក្នុងពេលដែលចេញប្រយុទ្ធជាមួយក្រុមចោរ ដែលមកអុកឡុកភូមិស្រុក ហើយភរិយាត្រូវតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯង ប៉ុន្តែជាអកុសលភរិយាដែលស្រីស្អាតប្រចាំភូមិ ក៏ត្រូវសេដ្ឋីចិត្តពាលប្រើល្បិចចាប់រំលោភ ហើយត្រូវស្លាប់ក្នុងពេលតតាំងគ្នា។ ក្រោយទទួលមរណភាពតួឯកស្រី ក៏ត្រូវបានគ្រូអាគមចិត្តបុណ្យដោតដែកគោលអាថ័នឱ្យរស់ឡើងវិញ ប៉ុន្តែតម្រូវឱ្យនាងចេញពីផ្ទះតែពេលយប់ និងកុំឱ្យអ្នកណាដកដែលគោលលើក្បាលនាងមុនកំណត់។ យ៉ាងណាមិញ នាងត្រូវក្រុមសេដ្ឋីដដែល ដែលដឹងថានាងគឺជាខ្មោចតាមយាយីរហូតធ្វើឱ្យនាងត្រូវកូនស្រីដកដែកគោលដោយអចេតនា ទើបធ្វើអោយនាងក្លាយជាខ្មោចស្រីកាចសហាវ៕