
មហោស្រពភាពយន្តខ្លីចតុមុខហៅកាត់ថា CSFF បានសម្រិតសម្រាំងភាពយន្តខ្លីចំនួន៧៧ចំណងជើង ដើម្បីចាក់បញ្ចាំងក្នុងមហោស្រពរបស់ខ្លួនឆ្នាំ២០១៨នេះ។ ភាពយន្តខ្លីទាំងនោះមានទាំងរឿងក្នុងស្រុក និងបរទេស ដែលចាក់បញ្ចាំងចំនួន៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃ២៧ ដល់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៨។
លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៨ បាននិយាយថា កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងចង់ឲ្យផលិតករវ័យក្មេងគ្រប់រូប បានបញ្ចេញស្នាដៃ និង ទេពកោសល្យ ដែលខ្លួនមានទៅកាន់មហាជន។ ដោយឡែកសម្រាប់ឆ្នាំ២០១៨នេះ រឿងចំនួន ២៥ ត្រូវបានជាប់នៅ ក្នុងការដាក់បញ្ចាំងលើអេក្រង់ធំ។ ចំពោះរបៀបវាយតម្លៃ បេក្ខភាព គឺធ្វើឡើង តម្រូវទៅតាមសាច់រឿង ហើយគណៈកម្មការ៣រូប ជាអ្នកដាក់ពិន្ទុទៅលើអត្ថន័យ ខ្លឹមសារ សាច់រឿង រូបភាពការដឹកនាំសម្ដែង របស់បេក្ខភាព។
ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ2018 រូបនេះថា «ពីមួយឆ្នាំទៅមួយឆ្នាំ ពួកយើងតែងតែ ទទួលបាននូវគំនិតថ្មីៗ ហើយផលិតករគ្រប់រូប ដែលចូលរួម ពួកគាត់មានគំនិតច្នៃប្រឌិតខ្ពស់ អាចនិយាយបានថា នេះគឺជាភាពរីកចម្រើនថ្មីមួយ នៅក្នុងវិស័យភាពយន្ត ដែលអាចធ្វើឲ្យកម្ពុជា ឈានទៅរកការប្រកួតប្រជែង ដល់ឆាកអន្ដរជាតិ»។
លោកបានបន្តទៀតថា «កម្មវិធីមួយនេះ មិនមែនត្រឹមតែបង្ហាញស្នាដៃរបស់សមិទ្ធិករ ទៅកាន់មហាជននោះទេ ប៉ុន្តែនេះក៏ជាផ្នែកមួយ ក្នុងការបង្កើនវិស័យភាពយន្តខ្មែរ ឲ្យមានការរីកចម្រើន។ ជាក់ស្ដែងឆ្នាំនេះ សន្ទុះបច្ចេកទេសនៃការដឹកនាំសម្ដែង និងការថត គឺពិតជាមានភាពរីកចម្រើនខ្លាំង ជាងឆ្នាំមុនៗ ច្រើន ហើយបេក្ខភាព ដែលធ្លាប់ប្រឡង ឆ្នាំចាស់ៗ ក៏បានដាក់ពាក្យចូលរួមផងដែរ ដូច្នេះពួកគាត់មួយចំនួន គឺមានបទពិសោធន៍ និង មានគុណភាពនៃការថត ច្បាស់ល្អ»។
សូមជម្រាបថា មមហោស្រពភាពយន្តខ្លីចតុមុខលើកទី៧ បានបើកទទួលយកភាពយន្តខ្នាតខ្លី តាំងពីដើមឆ្នាំ២០១៨ ដោយមានសមិទ្ធករដាក់ភាពយន្តមកមហោស្រពចំនួន ៣០១ ចំណងជើង ទាំងក្នុងនិងក្រៅប្រទេស។ បន្ទាប់ពីសម្រិតសម្រាំងយករឿងដែលមានគុណភាព អត្ថន័យ និងអត្ថរសរួចមក មហោស្រពបានជ្រើសរើសភាពយន្តខ្លីចំនួន ៧៧ចំណងជើង ដើម្បីចាក់បញ្ចាំង និងប្រកួត។ ក្រៅពីទស្សនាភាពយន្តទាំងនោះនៅតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ទស្សនិកជន ក៏អាចចូលរួមបោះឆ្នោតផ្ដល់ពិន្ទុសម្រាប់រឿងដែលខ្លួនពេញចិត្តផងដែរ ។ សូមកុំឱ្យខកខានទស្សនាភាពយន្ដខ្មែរ និងបរទេស ដែលទទួលបានជយលាភីនៅក្នុងថ្ងៃនេះឱ្យសោះ៕