
បវរកញ្ញាចក្រវាលថៃមួយរូបបានបង្ហោះរូបថតយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិនៅភោជនីយដ្ឋានលំដាប់កំពូលមួយនៅទីក្រុងឡុងដ៏មួយថ្ងៃមុនពេលនាងបានស្លាប់ជាមួយចៅហ្វាយរបស់នាងនៅពេលឧទ្ធម្ភាគចក្រដែលពួកគេកំពុងធ្វើដំណើរបានធ្លាក់ចូលទៅក្នុងចំណតរថយន្តនៅកីឡដ្ឋានបាល់ទាត់របស់ក្លិប Leicester City ។
នាង នួសារ៉ា ស៊ុគណាម៉ៃ គឺជាអតីតរាជនីសម្រស់ដ៏ឆើតឆាយ ដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងប្រឡងបវរកញ្ញាចក្រវាលថៃឆ្នាំ២០០៥ និងបានគ្រងតំណែងបវរកញ្ញាអន្តរថៃនៅឆ្នាំដដែល។ នាងក៏បានឈ្នះពានរង្វាន់បវរកញ្ញាថតរូបស្អាតក្នុងការប្រកួតប្រជែង ដែលធ្វើឡើងនៅទីក្រុងបាងកកឆ្នាំដដែលនោះផងដែរ។ នាងបានចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាញសង្គមដោយបានបង្ហោះជាទៀងទាត់នូវរូបថតនៃការធ្វើដំណើរជុំវិញពិភពលោករបស់នាងពីប្រទេសអ៊ីតាលីជប៉ុននិងក្រិករហូតដល់តំបន់ជនបទស្ងាត់ជ្រងំខូតវូល និង ថតក្បែរតារាបាល់ទាត់ដូចជា ជែមមី វ៉ាឌី, ហ្គារ៉េត សោវហ្គេត និង ហារី ម៉ាក្វាយអឺ។
ត្រឹមមួយថ្ងៃមុនពេលនាងស្លាប់នាងបានទទួលទានអាហារជាមួយមិត្តភក្តិនៅភោជនីយដ្ឋានក្រិកលំដាប់កំពូលឈ្មោះ Estiatorio Milos នៅផ្លូវ Regent Street របស់ទីក្រុងឡុងដ៍ ជាកន្លែងដែលនាងថតរូបយ៉ាងសប្បាយរីករាយ។
ក្រោយពីជោគជ័យក្នុងពិភពបង្ហាញម៉ូត នាងត្រូវបានជួលធ្វើជាជំនួយការដោយមហាសេដ្ឋីម្ចាស់ក្លិប Leicester លោក វីចៃ ស្រីវ៉ាត់ដាណាប្រាផា អាយុ ៦០ ឆ្នាំ ដែលត្រូវបានប្រកាសស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្តាហ៍ផងដែរ។ អ្នកបើកឧទ្ធម្ភាគចក្រលោក អេរិក ស្វាហ្វហ្វើ អាយុ ៥៣ ឆ្នាំ និងដៃគូនិងជាអ្នកបង្ហាត់បើកយន្តហោះ លោកស្រី អ៊ីហ្សាបេឡា រ៉ូហ្សា ឡេកូវិច អាយុ ៤៦ ឆ្នាំក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះផងដែរ រួមជាមួយនឹងបុគ្គលិករបស់គ្រួសារលោកវីចៃ គឺនាង នួសារ៉ា ស៊ុគណាម៉ៃ និង លោក កាវិនផន ពុនពែ៕