Dj Soda ឆ្លងកាត់មុខកាំបិតវះកាត់កែសម្ផស្សស្ទើរសុះសាច់ ទម្រាំរកចំណូលរាប់លានដុល្លារក្នុងឆ្នាំៗ

សេអ៊ូល៖ Dj Soda ត្រូវបានមហាជនទទួលស្គាល់ថា ជា​ Dj ស្រីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង និងអាស៊ី មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះរបស់នាង​ ក៏ល្បីរន្ទឺទៅដល់ទឹកដីអាមេរិក​​ និងអ៊ឺរ៉ុបផងដែរ ។ Dj Soda មានឈ្មោះពិតថា Hwang So-hee កើតក្នុងឆ្នាំ ១៩៨៨ នៅទីក្រុងសេអ៊ូល បច្ចុប្បន្ននាងកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់ផលិតកម្ម HIGHLINE ENTERTAINMENT ។

មុននឹងមានឈ្មោះល្បីល្បាញដល់សព្វថ្ងៃ Dj Soda គ្រាន់តែជានិស្សិតស្រីមួយរូប ដែលមាននិស្ស័យខាងផ្នែកតន្ត្រីកម្សាន្តប៉ុណ្ណោះ ដូច្នេះហើយនាងក៏បានរកការងារធ្វើជា Dj ចាក់ភ្លេង ពេញម៉ោង នៅក្លឹបកម្សាន្តមួយកន្លែងក្នុងទីក្រុងសេអ៊ូល នៅឆ្នាំ ២០១៤ ទាំងដែលកាលនោះនាងនៅជានិស្សិតមហាវិទ្យាល័យនៅឡើយ ។

រហូតដល់ពេលមួយ កំលុងឆ្នាំ ២០១៥ Dj Soda ក៏បានលើកយកបទចម្រៀង New Thang របស់តារាចម្រៀង Redfoo មក Remix ព្រមទាំងបង្កើតស្ទីលរាំថ្មី បែបគួរឲ្យស្រឡាញ់ ទើបពេលនោះកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ៊ិនស្ដាក្រាម រហូតដល់មានឱកាសបានចាប់ផ្ដើមបង្ហាញមុខនៅក្នុងក្លឹបកម្សាន្តធំៗទូទាំងទីក្រុងសេអ៊ូល និងកូរ៉េខាងត្បូង ព្រមទាំងបាចេញទៅសម្ដែងនៅខាងក្រៅប្រទេសដែលមានដូចជា នៅទីក្រុងបាងកក ទីក្រុងហ្សាកាតា ហុងកុង ញូយ៉ក ទីក្រុងឡុងដ៍… ។ល។

ជាមួយគ្នានេះ កត្តាសម្រស់និងភាពសិចស៊ី អាចជាចំណុចវិជ្ជមានមួយដែលជួយឲ្យ Dj Soda ទទួលបានការគាំទ្រខ្លាំង ហើយទាក់ទងជាមួយសម្រស់នេះដែរ ក៏មានព័ត៌មានជាច្រើនបានទម្លាយថា Dj Soda បានឆ្លងកាត់មុខកាំបិតវះកាត់កែសម្ផស្សស្ទើរសុសសាច់ ទម្រាំទទួលបានមុខ ក៏ដូចជារាងកាយស្អាត និងសិចស៊ីដូចបច្ចុប្បន្ន ដែលការលើកឡើងនេះ ក៏ផ្អែកទៅលើភ័ស្ដុតាងរូបថតរបស់នាង កាលនៅជានិស្សិតផងដែរ ។

សូមបញ្ជាក់ថា ដោយសារតែកេរ្តិ៍ឈ្មោះជា Dj ស្រីដ៏ល្បីល្បាញ ទើបធ្វើឲ្យ Dj Soda មានឱកាសរកប្រាក់ចំណូលបានច្រើនក្នុងមួយខែៗ។ កាលពីឆ្នាំ ២០១៩ នាងមានលទ្ធភាពរកចំណូលបានប្រមាណ ១លានដុល្លារ ដល់ ៥លានដុល្លារ ខណៈដែលឆ្នាំ២០១៨នាងរកបានត្រឹមតែ ១០ម៉ឺនដុល្លារ ដល់១លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។

ប្រភព៖ autobiography,famousbirthdays