សម្ដីប្រពន្ធរបស់បង

មាន​រឿង​រ៉ាវ​ដែល​អាច​កើតឡើង​ក្នុង​ជីវិត​គូ ហើយ​ក្នុង​នាម​ជា​ប្ដី ឬ​ប្រពន្ធ ម្នាក់ៗមាន​តួនាទីរាងៗខ្លួន​ក្នុង​គ្រួសារ។

យ៉ាង​តើ​មានរឿង​អ្វី​បាន​ខ្លះ​ដែល​បុរស​ជា​ប្ដី​ត្រូវតែ​ស្ដាប់​សម្ដី​មួយចំនួន​របស់​ប្រពន្ធ ឬ​អាច​ថា​ពាក្យ​ចេញពី​ចិត្ត​របស់​នាង។ ខាងក្រោម​នេះ ជា​សម្ដី​របស់​នារី​ជា​ប្រពន្ធ​ដែល​ចង់​និយាយ​ទៅ​បុរស​ជា​ប្ដី៖

– បង​ចង់​ទៅណា​ក៏​អូន​មិន​ថា អូន​មិន​ហាមប្រាម​ដែរ តែ​សំខាន់ បង​ត្រូវ​ដឹងថា បង​មានគ្រួសារ បង​មាន​ប្រពន្ធ​កូន ដែល​នៅ​រង់ចាំ​បង​នៅឯ​ផ្ទះ

– បង​ចង់​ផឹកស៊ី ជួបជុំ​មិត្តភក្តិ ក្លើម្រាក់​យ៉ាងណា​ក៏​តាមចិត្ត តែ​បង​ត្រូវ​ដឹងថា មិត្ត​គឺ​មិត្ត ហើយ​មិត្ត​មាន​ល្អ​មាន​អាក្រក់ បង​រាប់អាន​មិត្ត បង​ប្រាកដជា​ដឹង​ហើយ​ថា មិត្ត​ណា​គួរ និង​មិត្ត​ណា​មិនគួរ

– លុយកាក់ ដែល​បង​រកម​កបាន ទោះ​បង​មិន​ឲ្យ​អូន​ជា​អ្នក​ទុកដាក់​ក៏​មិន​អី តែ​បង​ជា​អ្នក​រកលុយ បង​ប្រាកដជា​ដឹង​ហើយ​ថា លុយ​ពិបាក​រក​ប៉ុនណា ដូច្នេះ កុំ​ចាយវាយ​ផ្ដេសផ្ដាស ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ក្នុង​គ្រួសារ ត្រូវការ​លុយ​សម្រាប់​ប្រើស​ប្រាស់​ជា​ចាំបាច់ ទៅលើ​សម្ភារ​ជាច្រើន

– មិន​ថា​បង​មានរឿង​មកពីណា ជាមួយ​អ្នកណា​ក៏ដោយ ដាច់ខាត​កុំ​ជះ​កំហឹង​មក​ឲ្យ​ក្រុមគ្រួសារ​ឲ្យ​សោះ ព្រោះ​យើង​សុទ្ធតែចាស់ៗអស់ហើយ អាច​និយាយ​គ្នា​បាន​តាម​សម្រួល

– មុននឹង​បង​ចង់​ទាក់ទង​ស្រី​ខាងក្រៅ ឬ​ចង់​លួចលាក់​អ្នកថ្មី បង​ត្រូវ​ដឹងថា តម្លៃ​នៃ​ខ្លួនរ​បស់បង គឺ​ស្ថិតនៅលើ​ទង្វើរ​បស់បង​ហ្នឹងឯង

– មុននឹង​បង​សរសើរ​អ្នកដទៃ លើកតម្កើង​អ្នកដទៃ បង​ត្រូវ​ដឹងថា រាល់ថ្ងៃនេះ បង​រស់នៅ​ក្នុងផ្ទះ​ជាមួយ​អ្នកណា ពេល​មាន​បញ្ហា អ្នកណា​ជា​អ្នក​នៅក្បែរ​បង

– មុននឹង​បង​ជឿ​សម្ដី​អ្នក​ខាងក្រៅ បង​ត្រូវ​ត្រិះរិះ​ពិចារណា​ថា គេ​នោះ​ជា​អ្នកណា មកពីណា មានបំណង​បែបណា ហើយ​ការពិត​វា​បែបណា

– ជា​ចុងក្រោយ មិន​ថា​បង​ធ្វើ​អ្វី​ក៏ដោយ មិន​ថា​នៅទីណា​ក៏ដោយ សូម​ឲ្យ​បង​ចងចាំ​កុំភ្លេចថា បង​ជា​មេ​គ្រួសារ បង​ជា​ស្វាមី ជា​ឪពុក ជា​អ្នក​ទំនុកបម្រុង រ៉ាប់រង គ្រប់យ៉ាង​នៅក្នុង​គ្រួសារ​នេះ បង​មាន​តួនាទី​ធំ​បំផុត ដែល​ត្រូវ​ទទួលខុសត្រូវ ដូច្នេះ បង​ត្រូវ​ចេះ គិត​លៃលក​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ផ្ដេសផ្ដាស​ឲ្យ​សោះ បង​ជា​កូនប្រុស បងធំ​ហើយ បង​ចាស់​ហើយ ក៏​មិនបាច់​អូន​ប្រាប់​បង​ច្រើន​ដែរ ព្រោះ​បង​គួរតែ​ចេះដឹង និង​យល់​ច្រើនជាង​អូន​ដែលជា​មនុស្សស្រី៕

#PanhaRoth   #author