តោះ! មកមើលសម្រស់តារាប្រុសជើងចាស់ស្រុកខ្មែរទាំង១២ រូប ល្បីអំឡុងទសវត្សរ៍៦០-៩០រហូតមកដល់បច្ចុប្បន្ន

ភ្នំពេញ៖ គេហទំព័រ The Plus News ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកដឹងពីប្រវត្តិខ្លះៗរបស់តារាជើងចាស់ល្បីៗនាអំឡុងទសវត្សរ៍៦០-៩០ថាតើពេលនេះពួកគាត់មានស្ថានភាពរស់នៅនិងខ្លះទៀតមានជីវភាពបែបណា។ចំណែកឯអាជីពសិល្បៈវិញទៅជាយ៉ាងណានោះខាងក្រោមនេះរឿងរ៉ាវពិតរបស់ពួកគាត់ទាំង១២រូប។

១,លោក ហង្ស ផល្លីមធុរ៉ា ៖ ចូលប្រឡូកវិស័យសិល្បៈនាអំឡុង ទសវត្សរ៍៩០ អតីតតារាចម្រៀងរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងជីវិតជាតារាសម្តែង មហាជនដាក់រហស្សនាមឲ្យលោកហង្ស ផល្លីមធុរ៉ា ថាជា «ស្តេចអាប៉ោង» ក្រោយពីល្បីខ្លាំងតាមរយៈចូលរួមសម្តែង ជាតួអង្គងប់នឹងល្បែងអាប៉ោង ក្នុងខ្សែភាពយន្តរឿង «ជើងមេឃដាច់ស្រយាល»។ប៉ុន្តែលោកបានទទួលមរណភាពក្នុងវ័យ៥២ឆ្នាំនាអំឡុងឆ្នាំ២០១៦ដោយជំងឺដុះសាច់ក្នុងខួរក្បាល។

២,លោក សុវណ្ណ មុន្នី ៖ចូលប្រឡូក ក្នុងវិស័យឧស្សាហកម្មភាពយន្ត ក្នុងឆ្នាំ១៩៨៨ ហើយបន្តប្រជាប្រិយភាពល្បីល្បាញខ្លាំង នៅអំឡុងទសវត្សរ៍ ៨០-៩០ មកម្ល៉េះ។ លោក បានបន្សល់ទុកស្នាដៃភាពយន្តជាច្រើនរួមមាន៖ រឿង «ព្យុះជីវិត» រឿង «ចៅគីង្គក់» រឿង «បិសាចតណ្ហា» និង រឿង «ចាបស្រុក» ជាដើម។លោកបោះបង់ពីសិល្បៈនាឆ្នាំ១៩៩៧ និងបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយភរិយា និងកូនៗ។

៣,លោក គង់ សុភី៖ចូលប្រឡូកក្នុងវិស័យសិល្បៈនាអំឡុងទសវត្សរ៍ ៧០។ មានភាពយន្តជាច្រើនរាប់មិនអស់ដែលលោកបានសម្តែង ហើយរហូតមកដល់បច្ចុប្បន្ននេះលោកនៅតែបន្តការងារសិល្បៈក្នុងស្រុកដដែល។ លោកធ្លាប់មានកិត្តិយសចូលរួមសម្តែងភាពយន្ត ថ្វាយព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ បានជាច្រើនរឿងថតនៅប្រទេសចិន និង ប្រទេសកូរ៉េខាងជើង។
លោក គង់ សុភី ក៏ធ្លាប់ទទួលបានមេដាយមាស និងគ្រឿងឥស្សរិយយសមុនីសារាភណ្ឌ ថ្នាក់មហាសេនាពីព្រះមហាវីរក្សត្រ ក្នុងឆ្នាំ២០១០ និងបានទទួលមេដាយ មុនីសារាភណ្ឌថ្នាក់អស្សប្ញទ្ធិពី ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ជាបន្តបន្ទាប់។

៤,លោក ទេព រិន្ទដារ៉ូ៖ចូលប្រឡូកក្នុងវិស័យភាពយន្តប្រមាណ២០ឆ្នាំមកហើយ ។គិតមកទល់ពេលបច្ចុប្បន្នលោកនៅតែបន្តការងារសិល្បៈខណៈប្រជាប្រិយភាព និងការគាំទ្រនូវតែរក្សាបានដូចដើម។ដោយសារបទពិសោធន៍នេះហើយទើបបានធ្វើឲ្យលោក ទេព រិន្ទដារ៉ូ មានមូលដ្ឋានគ្រឹះក្នុងអាជីពសម្ដែងបានយូរឆ្នាំ។

៥,លោក ហម ឈរ៉ា ៖ បានចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តលើកដំបូងនៅអំឡុងទសវត្ស៩០។ ខ្សែភាពយន្តដែលលោកសម្តែង លើកទី១ គឺរឿង «សំឡេងទ្រខ្មែរ» តាមរយៈរឿងនេះទើបធ្វើឲ្យលោកទទួលបានការគាំទ្រខ្លាំងនិងមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈខណៈបច្ចុប្បន្នលោកនៅតែបន្តការងារសិល្បៈដដែល។

៦, លោក ខៃ ប្រសិទ្ធ៖ ក៏ជាអតីតតារាសម្តែងជើងចាស់ល្បីល្បាញ់មួយរូបនាអំឡុងទសវត្សឆ្នាំ៨០។ ក្រោយមកទៀតលោកក៏បានផ្អាក់ពីសិល្បៈទៅរស់នៅសាងជីវិតគ្រួសារឯទឹកដីប្រទេសអូស្រ្តាលី។យ៉ាងណាមិញកន្លងមកលោកក៏ធ្លាប់ធ្វើដំណើរមកលេងស្រុកខ្មែរបន្តបន្ទាប់ផងដែរ។

៧,លោក សោម ដូរិន ៖លោកជាអតីតារាសម្តែងដែលចូលប្រឡូកក្នុងវិស័យឧស្សាហ៍កម្មភាពយន្តនាឆ្នាំ ១៩៥៨ ។ភាពយន្តដែលលោកសម្តែងដំបូងគឺរឿង«កុំភ្លេចគុណម្តាយ» ។ នៅអំឡុងទសវត្សរ៍៦០ ភាពយន្តដែលលោកសម្តែង និងល្បីល្បាញជាងគេនោ គឺរឿង «ឱផ្សែងមរណៈ»។ បច្ចុប្បន្នលោកកំពុងរស់នៅប្រទេសកម្ពុជាក្រោយពីបាត់បង់សមត្ថភាពសម្តែង ។

៨,លោក ច័ន្ទ រិទ្ធមេធានី៖លោកមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យភាពយន្តខ្មែរកាលពីជំនាន់ទសវត្សរ៍៩០។ក្រោយមកទៀតលោកក៏បាត់មុខពីវិស័យល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។បច្ចុប្បន្នលោកកំពុងរស់នៅប្រទេសកម្ពុជាស្ថិតក្នុងជីវភាពខ្សត់ខ្សោយ និងមានជំងឺប្រចាំកាយដោយពឹងផ្អែកលើមុខរបររត់កង់បីឥណ្ឌា ។

៩, លោក ពេជ្រ ភីរុណ៖ អតីតតារាសម្តែងជើងចាស់មានប្រជាប្រិយភាពខ្លាំង នៅអំឡុងទសវត្សន៍៩០។បច្ចុប្បន្នលោកបានលាឈប់ពី វិស័យសិល្បៈហើយ និងកំពុងរស់នៅប្រទេសកម្ពុជា មានមុខរបរជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និងកាត់ដេរខោអាវ នៅក្បែរផ្សារចាស់។ លោកក៏ត្រូវបានគេដឹងថា ជាអតីតស្វាមីរបស់តារាសម្ដែងដ៏ល្បី គឺអ្នកនាង អម្ពរ ទេវី។

១០,លោក នូ ស៊ិប៖ លោកគឺជាតារាចម្រៀងល្បីឈ្មោះនិងមានប្រជាប្រិយភាពអំឡុងទសវត្សរ៍៩០។ បច្ចុប្បន្នលោកគ្រូ នូ ស៊ិប ត្រូវបានគេដឹងថាកំពុងធ្លាក់ខ្លួនឈឺមានជំងឺប្រចាំការដែលស្នាក់នៅបន្ទប់ជួលយ៉ាងកំសត់ស្ថិតនៅម្តុំបឹងទំពុនខណ្ឌមានជ័យ ។ខណៈដែលអាជីពសិល្បៈស្ទើរបាត់បង់ទាំងស្រុកព្រោះមានវ័យកាន់ចាស់។

១១,លោក ហួរ ឡាវី៖តារាចម្រៀងជើងចាស់មានឈ្មោះល្បីបោះសម្លេងអំឡុងទសវត្សរ៍៨០ និងរហូតមកទល់បច្ចុប្បន្ន។បទដែលនូវតែរក្សាបានការគាំទ្រខ្លាំងនោះគឺ «អាណែតមាសបង» ។សព្វថ្ងៃលោកក៏មានកូនស្រី ដើម្បីស្នងតំណែងជាអ្នកសិល្បៈគឺកញ្ញា វី ឌីណែត។

១២,លោក សុះ ម៉ាច ៖ លោកត្រូវជាកូនប្រុសបង្កើតរបស់លោក សុះ ម៉ាត់ អតីតសិល្បករចម្រៀងដ៏ល្បីឈ្មោះនៅជំនាន់ លោក ស៊ីន ស៊ីសាមុត។ លោក សុះ ម៉ាច គឺជាតារាចម្រៀងអំឡុងទសវត្សរ៍ ៨០-៩០ ហើយរហូតមកទល់ពេលបច្ចុប្បន្នលោកនូវតែបន្តអាជីពសិល្បៈនិងទទួលបានការគាំទ្រពីមហាជនផងដែរ៕