សង្ស័យ !!តារាកំប្លែង នីឡា បង្ហាញភាពស្និតស្នាលជាមួយគូស្នេហ៍ថ្មី

នៅពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ «Suth Sakareak» ត្រូវបានគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់ នីឡា នោះបានបង្ហោះរូបថត យ៉ាងផ្អែមល្ហែមកៀកកើយជាមួយនឹង កញ្ញា វ៉ាន់ នីឡា ដែលរិតតែធ្វើឲ្យប្រិយមិត្តទស្សនិកជន ដាក់ការសង្ស័យកាន់តែខ្លាំងថា អ្នកទាំងពីរលួចទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។ ទោះបីជារូបថត បង្ហាញពីសកម្មភាពយ៉ាងស្អិតល្មួត របស់តារាកំប្លែង កញ្ញា វ៉ាន់ នីឡា និងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Suth Sakareak» បង្ហាញភាពផ្អែមល្ហែម ដូចគូស្នេហ៍នឹងគ្នាយ៉ាងណាក្ដី ក៏អ្នកទាំងពីរ មិនធ្លាប់ទទួលស្គាល់ថាជាស្នេហាឡើយ ពោលគឺបានត្រឹមតែប្រាប់មហាជនថា គ្រាន់តែជាមិត្តភក្តិស្និទ្ធស្នាលធម្មតាៗប៉ុណ្ណោះ។

ទន្ទឹមគ្នានេះដែរកន្លងមកកូនស្រី តាវ៉ិចទ័រ រូបនេះ បានបញ្ជាក់ក៏ដូចជាអះអាងជារឿយៗថា ទំនាក់ទំនងខ្លួន និងបុរសដែលសង្ស័យថា ជាគូស្នេហ៍ខាងលើ គឺស្ថិតក្នុងនាមជាមិត្តភក្ដិ នឹងគ្នាតែប៉ុណ្ណោះ ខណៈដែលគ្រប់ពេលមានកម្មវិធីតូចធំ ឬដំណើរកម្សាន្តអ្វីមួយ អ្នកទាំងពីរតែងតែទៅជាមួយគ្នា ព្រមទាំងថតរូបកៀកកើយគ្នា យ៉ាងស្អិតល្មួត ស្ទើរដូចស្រមោចនិងស្ករ ដែលអាចជាចេតនាបញ្ជាក់យ៉ាងច្បាស់ថា លើសពីមិត្តភាព។

គួររំលឹកផងដែរថា តារាកំប្លែង និងសម្តែង ដែលជាកូនស្រីសំណព្វចិត្ត របស់អ្នករៀបចំកម្មវិធីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ រូបនេះត្រូវបានគេដឹងថា ក្រោយពីនាងបានផ្ដាច់ពាក្យ ជាមួយអតីតគូដណ្ដឹង ដែលជាកូនម្ចាស់វង់ល្ខោន ភី សុគន្ធី លោក ផន រង្សី រួចមក តារាស្រីវ័យក្មេងរូបនេះ ហាក់បីដូចជា មិនដែលលេចឮព័ត៌មានថា មានទំនាក់ទំនងស្នេហាជាមួយបុរស ក្រៅពីភាពស្និតស្នាលជាមួយបុរសខាងលើឡើយ ខណៈដែលអតីតគូដណ្ដឹងរបស់នាង បានរកឃើញគូអនាគតថ្មីទៅហើយ៕