
ស្រីស្រស់សម្រស់បាន កញ្ញា ដេននី ក្វាន់ ត្រូវបានមហាជនជាច្រើន ស្គាល់យ៉ាងច្បាស់ថា ជាកំពូលតារាស្រីសិចស៊ីដាច់គេ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញក្រសែ ភ្នែកមហាជនជាច្រើន។ ទោះបីជា កញ្ញា ដេននី ក្វាន់ ធ្លាប់ទទួលរងនូវការរិះគន់ ពីការស្លៀកពាក់សិចស៊ី និងរឿងរ៉ាវផ្សេងៗក៏ដោយ ប៉ុន្តែតារាស្រីដួងនេះ ហាក់ដូចជាមិនខ្វល់ខ្វាយ អ្វីនោះទេ យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ជាពិសេសនោះ អ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង។
ជីវិតគូស្នេហ៍នៅមិនទាន់បានរៀបការផង ស្រាប់តែកញ្ញាដេនី ក្វាន់ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នៅពេលយើងទៅស្គាល់នរណាក៏ដោយ ត្រូវយកបេះដូងរបស់យើងទៅស្គាល់គេ។ ប៉ុន្តែមិនមានន័យថា បណ្ដោយឲ្យបេះដូងខ្លួនឯងខ្ទេចខ្ទីអស់ក្រោយពេលឈប់ស្គាល់គេទេ។ ស្រលាញ់នរណាក៏ដោយ ត្រូវប្រាកដថា យើងបានស្រលាញ់ខ្លួនឯងច្រើនជាងឲ្យការស្រាលាញ់ទៅគេ។ ស្មោះអ្នកណាក៏ដោយ ត្រូវប្រាកដថា យើងបានស្មោះចំពោះខ្លួនឯងមុនរួចហើយ។ ទុកចិត្តនរណាក៏ដោយ យើងត្រូវតែទុកចិត្តលើខ្លួនឯងជាមុនសិន។ ជឿជាក់នរណាក៏ដោយ យើងត្រូវជឿជាក់លើខ្លួនឯងជាមុនសិន។ ជួយអ្នកណាក៏ដោយ យើងត្រូវជួយខ្លួនឯងជាមុនសិន។
មិនមែនអាត្មានិយមទេ ប៉ុន្តែបើគ្មានភាពច្បាស់លាស់ចេញពីខ្លួនឯងទេ តើយើងអាចច្បាស់លាស់ចំពោះអ្នកដទៃបានយ៉ាងណាទៅ? បើស្រលាញ់គេច្រើនជាងស្រលាញ់ខ្លួន បែបប្រហែលត្រូវសម្លាប់ខ្លួនដើម្បីឲ្យគេយល់ថាខ្លួនបានស្រលាញ់គេខ្លាំងណាស់។ បើស្មោះគេ ជាងស្មោះខ្លួនឯង យើងនឹងកុហកខ្លួនឯងដើម្បីឲ្យគេបានសុខ ប៉ុន្ដែនោះវាមិនស្ថិតថេរបានប៉ុន្មានឡើយ។ អ្វីក៏ដោយផ្ដើមចេញពីខ្លួនឯងជានិច្ច…៕