
វិស័យចម្រៀងនៅប្រទេសកូរ៉េខាងត្បូងបានក្លាយជាទីផ្សារដ៏ធំ និងល្បីរន្ទឺ ដែលធ្វើឱ្យមានការស្វែងរកអ្នកដែលមានទេព្យកោសល្យពីគ្រប់ទិសទីមិនត្រឹមតែនៅកូរ៉េខាងត្បូងផ្ទាល់នោះទេ គឺមានទាំងមកពីសហរដ្ឋអាមេរិក ចិន ជប៉ុន និងប្រទេសជាច្រើនទៀត។ ខណៈវិស័យ K-pop បន្តមានឥទ្ធិពលដល់ពិភពលោក មានសមាជិកជាច្រើនដែលមិនមានសញ្ជាតិជាកូរ៉េចាប់ផ្ដើមលេចមុខបន្តិចម្ដងៗនៅក្នុងក្រុមតន្រ្តីជាច្រើន។
តើតារា K-pop ដែលកំពុងធ្វើឱ្យអ្នកគាំទ្រញាប់ញ័រចង់ទស្សនា ចង់ស្ដាប់គ្រប់ពេលណាខ្លះដែលមិនជាជនជាតិកូរ៉េ?
១. សមាជិកក្រុម Twice: Tzuyu, Mina, Momo និង Sana
ក្រុមនារីកូរ៉េ Twice មានសមាជិក 4 នាក់ដែលមិនមែនជាជនជាតិកូរ៉េ។ Maknae Tzuyu គឺជាជនជាតិតៃវ៉ាន់ Mina, Momo និង Sana មកពីប្រទេសជប៉ុន។ តាមរយៈសារព័ត៌មាន Koreaboo បានឱ្យដឹងថា Momo និង Tzuyu ត្រូវបានចាប់អារម្មណ៍ដោយភ្នាក់ងាររបស់ JYP តាមរយៈវីដេអូបង្ហាញក្បាច់រាំរបស់ពួកគេនៅលើ YouTube ខណៈ Mina និង Sana ត្រូវបានគេស្វែងរកដោយចៃដន្យនៅផ្សារទំនើបក្នុងប្រទេសជប៉ុន។
២. សមាជិនក្រុម (G)I-dle: Yuqi, Minnie និង Shuhua
សមាជិកពាក់កណ្ដាលរបស់ក្រុម (G)I-dle មិនមែនជាជនជាតិកូរ៉េទេ។ Minnie ជាជនជាតិថៃ Yuqi ជាជនជាតិចិន និង Shuhua ជាជនជាតិតៃវ៉ាន់។
៣. សមាជិកក្រុម Blackpink: Lisa
Lisa មានដើមកំណើតជាជនជាតិថៃ និងជាសមាជិកក្រុមចម្រៀងនារី Blackpink បានធ្វើឱ្យអ្នកគាំទ្រស្ទើរតែពេញពិភពលោកជ្រួលច្របល់ជាមួយនឹងការច្រៀង ជាពិសេសក្បាច់រាំរបស់នាង។ នាងត្រូវបានជ្រើសរើសនៅក្នុងផលិតកម្ម YG នៅអាយុ ១៤ ឆ្នាំ។
៤. សមាជិកក្រុម Got7: Mark, Jackson និង BamBam
ក្រុមតារាចម្រៀងប្រុស Got7 មានសមាជិក ៣ នាក់ដែលមិនមែនជាជនជាតិកូរ៉េ។ Mark ដែលមានដើមកំណើតនៅរដ្ឋកាលីហ្វរញ៉ា មានសញ្ជាតិតៃវ៉ាន់ ត្រូវបានគេជ្រើសរើសឱ្យចូលក្រុមកាលដែលគេកំពុងសិក្សាថ្នាក់វិទ្យាល័យ។ Jackson មកពីហុងកុង ធ្លាប់ជាជើងឯកក្នុងកីឡាចាក់សាបមុននឹងក្លាយជាតារា។ BamBam មកពីប្រទេសថៃ និងធ្លាប់ជាសមាជិកក្រុមរាំ We Zaa Cool ជាមួយនឹង Lisa របស់ Blackpink។
៥. អតីតតារាក្រុម F(x): Amber Liu និង Victoria Song
Amber ដែលមានឪពុកម្ដាយជាជនជាតិតៃវ៉ាន់ បានកើតនៅក្នុងរដ្ឋកាលីហ្វរញ៉ា និងត្រូវបានគេឃើញនៅក្នុងពិធីបុណ្យនៅភូមិកូរ៉េ។ អតីតសមាជិករួមក្រុម Victoria ជាជនជាតិចិន និងត្រូវបានគេរកឃើញឱ្យចូលក្រុមពេលដែលនាងចូលរួមការប្រឡងរាំនៅទីក្រុងប៉េកាំង។
៦. សមាជិកក្រុម Exo: Lay Zhang
Lay គឺជាជនជាតិចិន ដែលបានកើតនៅក្នុងខេត្តហ៊ូណាន។ លោកបានសម្ដែងរឿងភាគតាំងពីនៅក្មេងមុននឹងការចូលរួមប្រឡងចូលផលិតកម្ម SM Entertainment ទៅទៀត។
៧. អតីតសមាជិកក្រុម Super Junior-M: Henry Lau
Lau ជាកូនកាត់ ដែលមានឪពុកមកពីហុងកុង និងម្ដាយមកពីតៃវ៉ាន់ និងបានកើត និងធំធាត់ឡើងនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។ លោកបានចូលរួមប្រឡងច្រៀង រាំ និងលេងវីយូឡុងនៅផលិតកម្ម SM Entertainment ពេលដែលលោករៀនថ្នាក់ទី ១២។
៨. សមាជិកក្រុម 2PM: Nickhun
Nichkhun ជាជនជាតិថៃ បានកើតនៅសហរដ្ឋអាមេរិក មានឪពុកសញ្ជាតិថៃ និងម្ដាយជាជនជាតិថៃកាត់ចិន។ លោកបានចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០០៨។ តាមរយៈរបាយការណ៍ពី CNN បានឱ្យដឹងថា Nichkhun ត្រូវបានប្រមាញ់ឱ្យចូលសិល្បៈនៅរដ្ឋឡូសអេនចេលេស ដោយសារតែទេព្យកោសល្យរបស់លោក ដែលលោកមិនជឿថាខ្លួនឯងចេះច្រៀង និងរាំទាល់តែសោះ៕