
ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អករបស់ផលិតកម្មថោនលោក ខេម ថ្មីៗនេះបានធ្វើឱ្យមហាជនមានការសង្ស័យច្រើនក្រោយពេលតារាប្រុសរូបនេះធ្លាប់ប្រកាសថាលាពីបងប្អូនមួយរយៈពេលសិន។ ប៉ុន្តែ សម្រាប់ហេតុផលនេះពុំត្រូវបានប្រភពមួយណាបញ្ជាក់នៅឡើយទេ គ្រាន់តែគេដឹងថា លោក ខេម ប្រហែលជាចង់ប្តូរទ្រនុំថ្មីហើយមើលទៅ។
ជាមួយគ្នានៃការប្រកាសរបស់តារាចម្រៀងលោក ខេម នេះដែរ ក៏ស្រាប់តែមានប្រភពពីអ្នកគាំទ្រខ្សឹបខ្សៀវគ្នាថា តារាចម្រៀងលោក ខេម ប្រហែលជាអាចផ្លាស់ប្តូរទ្រនុំចាស់ថោនរើចូលកន្លែងថ្មីដែលគេសង្ស័យថាផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ថាបាន ព្រោះមួយរយៈចុងក្រោយនេះ ខេម មានភាពស្និទ្ធិស្នាលជាមួយលោកឧកញ៉ាខុសប្លែកជាងពេលមុនៗ។
ប្រភពបាននិយាយទៀតថា ហេតុផលដែលធ្វើឱ្យពួកគេសង្ស័យថា ខេម អាចនឹងហក់ចូលផលិតកម្ម Galaxy ដោយសារតែមានអតីតកវីនិពន្ធល្បីឈ្មោះរបស់ផលិតកម្មថោនលោក យឹម តាស្រង់ បានក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្ម Galaxy រហូតស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់តារាស្រីវ័យក្មេងកញ្ញា តន់ ច័ន្ទសីម៉ា ឱ្យមានឈ្មោះល្បីល្បាញនៅលើវិស័យចម្រៀងបច្ចុប្បន្ន។
ជុំវិញព័ត៌មាននេះដែរ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ គេហទំព័រ The Plus News មិនទាន់អាចសុំការបំភ្លឺពីតារាចម្រៀងលោក ខេម បាននៅឡើយទេ។ គេហទំព័រ The Plus News នឹងព្យាយាមស្វែងការបកស្រាយពីសំណាក់សាមីខ្លួនលោក ខេម នៅពេលក្រោយដើម្បីស្រាយមន្ទិលរបស់មហាជនអំពីរឿងរ៉ាវនេះ៕