
បន្ទាប់ពីកើតហេតុការណ៍ចំពោះតារាសម្ដែង វ៉ាន់ វលក្ខណ៍ ដោយនាងបានបើកបររថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាងទើបតែទិញ
ច្រឡំផ្លូវបត់ចូលផ្ទះបង្កជាការភ្ញាក់ផ្អើលដល់មហាជន ត្រូវបាននាងចាត់ទុកថា វាគ្រាន់តែជាបញ្ហាតូចប៉ុណ្ណោះ ហើយនាងចាត់ទុកថា បញ្ហាជាកាត់ស៊យសម្រាប់ឆ្នាំ២០១៨។
កាលពីថ្ងៃទី១០ វេលាម៉ោងប្រមាណ១១យប់តារាសម្ដែងនិយមភាពសិចស៊ីវ៉ាន់ វលក្ខណ៍ បានបើករថយន្ដជ្រុលទៅ ធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អគារកំពុងជួសជុលមួយកន្លែង តែមិនបង្កឲ្យមានរងការខូចខាតនោះទេ។ រថយន្តស៊េរីទំនើបដែលនាងបើកគឺម៉ាក ឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏រេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅធ្លាក់កង់ខាងមុខចំហៀងខាងឆ្វេង ចូលច្រកចូលចំណតក្រោមដី។គ្រាន់តែបញ្ហានោះកើតឡើងនិងបានដោះស្រាយបញ្ហាចប់នាងក៏រួសរាន់ស្រូតទៅរកព្រះសង្ឃប្រោសព្រហ្មទឹកមន្ដដើម្បីបណ្ដេញចង្រៃឧបទ្រព្យចេញពីជីវិតនាង។
កញ្ញាវ៉ាន់ វលក្ខណ៍ ប្រាប់ថា ហេតុការណ៍នេះជារឿងតូចតាចប៉ុណ្ណោះ ព្រោះនាងគ្រាន់ភាំងមួយភ្លេតច្រឡំផ្លូវបត់ចូលផ្ទះ ហើយក៏មិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ។ ទោះបីករណីនេះត្រូវបានដោះស្រាយយ៉ាងស្រួល ប៉ុន្ដែវលក្ខណ៍ ចាត់ទុកថា វាការរំដោះគ្រោះដល់រូបនាងសម្រាប់ឆ្នាំ២០១៨ ដែលនាងកំពុងតែទទួលបានការងារសិល្បៈយ៉ាងគគ្រឹកគគ្រេង ជំរុញអោយនាងអាចរកចំណលបានយ៉ាងច្រើនមកទិញរថយន្ដទំនើបនេះ។
កញ្ញាវ៉ាន់ វលក្ខណ៍ បាននិយាយថា៖«ចំពោះហេតុការណ៍នេះខ្ញុំមិនដឹងនិយាយថា យ៉ាងម៉េចអោយសមទេ តែសំណាងដែលមិនបង្ហគ្រោះដល់អ្នកដទៃ។ ចាត់ទុកថា ជាការរំដោះគ្រោះទៅចុះ ខ្ញុំសង្ឃឹមថា ឆ្នាំថ្មីនេះជីវិតជួបតែហេងៗ ទទួលបានការងារច្រើនៗ»៕