
ភ្នំពេញ៖សម្ព័ន្ធភាពស្នេហារបស់តារាចម្រៀងស្រីអ្នកនាង សួស វីសា និងតារាសម្តែងលោក ថមមី បន្ទាប់ពីពួកគេបានសម្រេចចិត្តភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នារួចហើយនោះត្រូវបានគេកត់សម្គាល់ឃើញថាសុភ័មង្គលស្នេហារបស់អ្នកទាំងពីរគឺកាន់តែមានភាពផ្អែមល្ហែមនិងកាន់តែរឹងមាំខ្លាំងរហូតទទួលបានការលើសរសើរពីសំណាក់មហាជន។
ទន្ទឹមពេលជាមួយគ្នានេះដែរដើម្បីជាការដូចំណងដៃនៃអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរគឺកាលពីថ្មីៗនេះអ្នកនាង សួស វីសា បានប្រកាសប្រាប់ពីដំណឹងល្អដែលកំពុងពពោះកូនដំបូងនៅក្នុងផ្ទៃដែលជាដំណក់ឈាមរួមគ្នារវាងនាងនិងស្វាមីលោក ថមមី ។ដំណឹងនេះដែរក៏បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្តែងការចូលរួមអបអរចំពោះប្តី-ប្រពន្ធពួកគេផងដែរ។
រឿងដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះក្រោយពេលដែលនាងមានផ្ទៃពោះកូនដំបូងគឺ សួស វីសា និងស្វាមីហាក់មានរាស្សីឡើងខ្ពស់តែម្តងខណៈដែលមុននេះបានទម្លាយនូវរូបភាពរថយន្តស៊េរីទំនើប១គ្រឿងដែលមានតម្លៃរហូតរាបម៉ឺនដុល្លារបង្អួតភ្នែកមហាជនយ៉ាងសង្ហាទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបភាពរថយន្តស៊េរីទំនើបនេះអ្នកនាង សួស វីសា និងលោក ថមមី បានលើកឡើងថាស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅស្រីស សូមឲ្យធ្វើដំណើរជិតឆ្ងាយសុខសប្បាយ ហេងៗមានលាភមានជ័យ។ជាមួយគ្នានេះបើតាមការបញ្ជាក់ពីអ្នកនាង សួស វីសា បានប្រាប់ទៅអ្នកគាំទ្រថារថយន្តថ្មីរបស់នាងនេះគឺទើបតែទិញមកកាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ប៉ុណ្ណោះ៕