
ភ្នំពេញ៖បន្ទាប់ពីផលិតកម្ម DLបានបញ្ចេញផ្សព្វផ្សាយនូវរូប Posterពីការប្រកាសថតរឿងខ្នាតធំបែបប្រវត្តិសាស្ត្រមានចំណងជើងថា « ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលគ្រោងនឹងធ្វើពិធីក្រុងពាលីនាពេលខាងមុខហើយគ្រោងចាយទុនផលិតជាង១លានដុល្លារនោះភ្លាមៗនេះបានធ្វើឲ្យតារាសម្តែងមួយចំនួនដែលមានរូបក្នុងPosterនាំគ្នាផ្ញាក់ផ្អើលព្រោះមិនបានដឹងខ្លួនទាល់តែសោះ ។
ជាមួយគ្នានេះក៏មានប្រភពបានបង្ហើបមកថាផលិតកម្ម DLគឺមិនមានការចុះបញ្ជីត្រឹមត្រូវពីក្រសួងផងដែរខណៈបច្ចុប្បន្នផលិតកម្មមួយនេះកំពុងតែរត់ការសុំច្បាប់ពីក្រសួង។ជាការឆ្លើយតបនឹងរឿងរ៉ាវនេះលោក ជិន ជ័យណារ៉ា ដែលជាអ្នកដឹកនាំសម្តែងក្នុងផលិតកម្ម DLបាន បញ្ជាក់ថា ផលិតកម្ម DL ពិតជាមិនទាន់ចុះបញ្ជីមែនហើយសុំការយោគយល់ពីតួសម្តែងដែលមានរូបក្នុង Poster ដោយសារបច្ចុប្បន្នកំពុងរត់ការចុះបញ្ជីនៅក្រសួង។
ដោយឡែកលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននិយាយថាក្នុងនាមលោកជាប្រធាននាយកដ្ឋានភាពយន្តគឺមានភាពរីករាយហើយគាំទ្រចំពោះផ្តល់កិច្ចសហការបន្តទៀតព្រោះនេះជារឿងបែបប្រវត្តិសាស្រ្តនិងឃើញមានចំណាយទុនច្រើន។លោកថាជាទូទៅ ជានីតិវិធីដើម្បីផលិតបាន ផលិតករត្រូវតែទៅចុះបញ្ជីជាផលិតកម្ម នៅក្នុងក្រសួងវប្បធម៌ប៉ុន្តែខ្ញុំមើលទៅលើផលិតកម្មគាត់នឹង (ផលិតកម្ម DL) គឺមិនមានការចុះបញ្ជីនោះទេ នេះជាចំណុចទីមួយ។
លោកបានបន្តទៀតថាលោកក៏បានព្យាយាមទាក់ទងទៅអ្នកតំណាងផលិតកម្មអត់បានអញ្ចឹងហើយក៏បានសួរនាំទៅតារាមួយចំនួន ដែលមានមុខលើ Posterរបស់គាត់ហ្នឹង (ផលិតកម្ម DL) អញ្ចឹងទៅតារាទាំងអស់នឹងគាត់បដិសេធថា គាត់អត់បានដឹងទេ ហើយរូបរបស់គាត់ហ្នឹង ត្រូវបានគេយកទៅកាត់តតែប៉ុណ្ណោះ។
លោក ប៉ុក បុរក្ស បានបន្ថែមថានាយកដ្ឋានកំពុងតែព្យាយាមទាក់ទងទៅខាងផលិតកម្ម ដើម្បីធ្វើការស្រាយបំភ្លឺ កុំឲ្យមហាជនមានការយល់ច្រឡំជាពិសេស សិល្បករដែលមានរូបក្នុង Poster ក៏កំពុងតែចង់ដឹងការពិត ពីចេតនារបស់ផលិតកម្ម DL ផងដែរ។ជាមួយគ្នានេះដែរលោក ជិន ជ័យណារ៉ា ដែលជាអ្នកនិពន្ធនិងជាអ្នកដឹកនាំផលិតភាពយន្ត ប្រចាំផលិតកម្ម DLបាននិយាយដែរថាថាផលិតកម្ម DL ពិតជាមិនទាន់ចុះបញ្ជីនៅក្រសួងពាក់ព័ន្ធពិតប្រាកដមែន ខណៈបច្ចុប្បន្នក្រុមការងារលោក កំពុងប្រញាប់រុះរាន់ចុះបញ្ជី ឲ្យទាន់ពេលនៅឯក្រសួងផងនោះ៕